រាជធានីភ្នំពេញ ៖ បង្គោលភ្លើងមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានឆ្លងចរន្តអគ្គិសនីផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយបន្ទប់អគ្គិសនីប្រអប់កុងទ័រ និងខ្សែភ្លើង រងការខូចខាត និងបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ។

ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមានមនុស្សគ្រោះថ្នាក់ និងឆេះរាលដាល់ដល់លំនៅឋាននៅក្បែរនោះឡើយ ។ ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ហើយរថយន្តពន្លត់អគ្គិភ័យ១គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។

តាមព័ត៌មានអោយដឹងថា បង្គោលភ្លើងដែលផ្ទុះឆេះនោះ មាន៣ដើម នៅក្បែរគ្នា , ២ដើម ជាបង្គោលភ្លើងភ្លោះ ដែល បំពាក់ទៅដោយបន្ទប់អគ្គិសនី និងខ្សែកាបនិង១ដើម បំពាក់ទៅដោយខ្សែភ្លើង ប្រអប់កុងទ័រ សម្រាប់ចែកចាយអគ្គិសនី។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញចរន្តអគ្គិសនី បានឆ្លងចេញពីខ្សែភ្លើង ដែលបំពាក់នៅបង្គោលភ្លើង១ដើម ហើយផ្ទុះឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅដាច់ធ្លាក់ខ្សែភ្លើងនៅរាយប៉ាយពេញផ្លូវ និងបង្កអោយមានការភ័យខ្លាចដល់អ្នកដំណើរ និងអ្នកនៅក្បែរនោះ។

ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែ ពុំអាចទប់ស្កាត់បាន ហើយភ្លើងបានឆេះរាលដាល់ខ្សែភ្លើង និងប្រអប់កុងទ័រពេញបន្ទុក និងរាលដាល់ទៅបង្គោលភ្លើង ភ្លោះបណ្តាលអោយខ្សែភ្លើង បានដាច់ធ្លាក់ឆេះគួរអោយភ័យខ្លាច។

តាមព័ត៌មានអោយដឹងថា នៅក្នុងហេតុការណ៍នេះ នគរបាលមូលដ្ឋានបានទាក់ទងទៅនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញរថយន្ត ទៅជួយអន្តរាគមន៍បាញ់ពន្លត់ និងបានទាក់ទងទៅខាងអគ្គិសនី ផ្តាច់ភ្លើង ហើយភ្លើង បានរលត់ទៅវិញ ។

តាមនគរបាល បានអោយដឹងថា ខ្សែភ្លើងរួមទាំងប្រអប់កុងទ័រ និងបន្ទប់អគ្គិសនីដែលបំពាក់នៅលើបង្គោលភ្លើង ត្រូវភ្លើងឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាត តែពុំបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ និងឆេះរាលដាល់ដល់លំនៅឋានឡើយ ៕

ចែករំលែកព័តមាននេះ