ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ការ​ស្រឡាញ់​ប្រទេស​ជាតិ គឺជា​ធម្មជាតិ​របស់​មនុស្សជាតិ មិន​ថា​ពូជសាសន៍​ណា​នោះ​ទេ តែងតែមាន​ចិត្ត​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹកដី​របស់​ខ្លួន​ច្រើន​ជាង​ជាតិ​សាសន៍​ដទៃ​។ មាន​វីរៈជន​គ្រប់​ប្រទេស​បាន​ពលី​កម្ម​ខ្លួនឯង ដើម្បី​ឱ្យ​ជាតិរស់ ពោល​គឺ​គេ​បាន​ប្រកាន់​ជំហរ

ការ​ស្រឡាញ់​ប្រទេស​ជាតិ គឺជា​ធម្មជាតិ​របស់​មនុស្សជាតិ មិន​ថា​ពូជសាសន៍​ណា​នោះ​ទេ តែងតែមាន​ចិត្ត​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹកដី​របស់​ខ្លួន​ច្រើន​ជាង​ជាតិ​សាសន៍​ដទៃ​។ មាន​វីរៈជន​គ្រប់​ប្រទេស​បាន​ពលី​កម្ម​ខ្លួនឯង ដើម្បី​ឱ្យ​ជាតិរស់ ពោល​គឺ​គេ​បាន​ប្រកាន់​ជំហរ «​ស្លា​.​ប់​ខ្លួន​កុំឱ្យ​តែ​ជាតិ​ស្លា​.​ប់​»​។

ការ​ស្រឡាញ់ និង​ស្នេហា​ជាតិ អាច​ធ្វើ​បាន​នៅ​គ្រប់កន្លែង គ្រប់​កាលៈទេសៈ និង​គ្រប់​សកម្មភាព​។ អ្នក​ស្នេហា​ជាតិ មិនមែន​សំដៅ​ដល់​ការ​កាន់​កាំ​ភ្លើ​.​ង​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង សត្រូវ ទើប​ហៅ​ថា​ជា​អ្នក​ស្នេហា​ជាតិ​នោះ​ទេ​។ សម័យ​សង្គ្រាម ការ​កាន់​កាំ​ភ្លើ​.​ង​ចូល​សមរភូមិ ជា​ការ​ពលិកម្ម​ធំធេង​ដើម្បី​ជាតិ ពីព្រោះ​បាន​យក​ជី​វិ​.​តទៅ​ប្តូរ​។

ក្នុង​សម័យ​គ្មាន​សង្គ្រាម ការ​ស្រឡាញ់​ជាតិ​មាន​រូបភាព​ផ្សេង​។ អ្នក​កាន់​ប៊ិ​ច​សរសេរ បង្ហាញ​ពី​ទឹកដី អរិយធម៌ វប្បធម៌ របស់​ខ្លួន​ទៅ​កាន់​ពិភពលោក ក៏​ជា​អ្នក​ស្នេហា​ជាតិ​ដែរ​។ អ្នក​អប់រំ ដែល​បាន​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដើម្បី​ប្រយោជន៍​ជាតិ ប្រយោជន៍​ពលរដ្ឋ ចូលរួម​បណ្តុះ​គំនិត យុវជន​ជំនាន់​ក្រោយ​ឱ្យ​ស្រឡាញ់​ទឹកដី ស្រឡាញ់​ពលរដ្ឋ ក៏​មានឈ្មោះ​ថា អ្នក​ស្នេហា​ជាតិ​។

និយាយ​ជា​រួមស្នេហា​ជាតិ ស្រឡាញ់​ជាតិ ត្រឹម​ធ្វើខ្លួន​ជា​មនុស្ស​ល្អ មិន​បង្ក​អសន្តិសុខ មិន​ធ្វើ​សកម្ម​ភាព​ប៉ះពាល់​អ្នក​ដទៃ មិន​បំភ្លៃ​ការ​ពិត មិន​បម្រើ​មនោគមន៍​វិទ្យា​ណាមួយ ដើម្បី​បំផ្លាញ​ជាតិ នោះ​មានឈ្មោះ​ថា​ស្នេហា​ជាតិ​។

ពាក្យ​ស្នេហា​ជាតិ ក៏​ច្រើន​បានឮ​ពី​អ្នកនយោបាយ​។ តាម​ពិត​ទៅ​អ្នកនយោបាយ ក៏​ជា​ពលរដ្ឋ​សំខាន់​បំផុត ការ​ដែល​អ្នកនយោបាយ​និយាយ​ពី​ពាក្យ​ថា​ស្នេហា​ជាតិ គឺ​ដោយសារ​ពួក​គាត់​ដឹង​ច្បាស់​ពី​ទឹកចិត្ត​ពលរដ្ឋ​ថា នរណា​ក៏​ស្រឡាញ់ និង​ស្នេហា​ជាតិ​នេះឯង​។ ដូច្នេះ​ដើម្បី​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ គឺ​ពួក​គាត់​ត្រូវ​និយាយ​ថា ខ្លួន​ជា​អ្នក​ស្នេហា​ជាតិ​។ ប្រទេស​ជាតិ ឬ​ជាតិ​សាសន៍​ណាមួយ ដែល​មាន​អ្នកនយោបាយ​ស្រឡាញ់​ជាតិ​ពិតប្រាកដ នោះ​ជា​ការ​សំណាង​គ្មាន​អ្វី​ប្រៀប​បាន​ឡើយ​របស់​ជាតិ​សាសន៍​មួយ​នោះ​។

សម្រាប់​ពលរដ្ឋ​សាម​ញ្ញា​ដែល​សេ្ន​ហា​ជាតិ គឺជា​ការ​កសាង​ខ្លួន​ជា​ពលរដ្ឋ​ល្អ ទៅ​តាម​ឋានៈ និង​តួនាទី​។ ជា​យុវជន ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ កសាង​ខ្លួន​ជា​ធនធាន​ប្រកបដោយ​សក្តានុពល សម្រាប់​ចូលរួម​ការងារ​សង្គម​។ ជា​មន្ត្រីរាជការ ត្រូវ​ខិតខំ​ធ្វើការ​ជួយ​ជាតិ​ដោយ​ស្មោះត្រង់ ប្រឆាំង​អំពើ​ពុ​.​ករ​លួ​.​យ លុប​បំបាត់​ការ​ប្រកាន់​បក្សពួក ដែល​នាំ​ឱ្យ​សង្គម​ជាតិ​មានការ​បែងចែក​មនុស្ស​ក្នុង​សង្គម នោះ​ក៏​ឈ្មោះ​ថា អ្នក​ស្នេហា​ជាតិ​។

សម្រាប់​អ្នកនយោបាយ ស្នេហា​ជាតិ គឺ​ការ​ស្រ​ទ្បា​ញ់​ជាតិ មាតុភូមិ ស្រឡាញ់​ប្រជាជន ត្រូវ​ការពារ​បូរណ​ភាព​ទឹកដី ឯករាជ្យ អធិបតេយ្យ​របស់​ជាតិ​។ អ្នក​ស្នេហា​ជាតិ មិនមែន​ស្ថិត​នៅ​ត្រឹមតែ​មនោ​សញ្ចេត​នា ឬ​ត្រឹមតែ​បបូរមាត់​តែ​ប៉ុណ្ណោះ​ទេ គឺ​ស្ថិត​នៅ​លើ​សកម្មភាព និង​ឧត្ដមគតិ​ជាក់ស្ដែង ក្នុង​បុព្វហេតុ​​ការពារ​ផលប្រយោជន៍​ជាតិ សេចក្ដី​ថ្លៃថ្នូរ​ជាតិ និង​ប្រជាពលរដ្ឋ​ជា​ចម្បង​។

នៅ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ជាតិ ដើម្បី​ឱ្យ​មានការ​ស្មោះត្រង់​ចំពោះ​ជាតិ ស្រឡាញ់​ទឹកដី គេ​បាន​បង្កើត​ឱ្យ​មានច្បាប់ សម្រាប់​ការ​គោរព​ប្រតិបត្តិការ​របស់​មនុស្ស​នៅ​ក្នុង​សង្គម​ទាំងមូល ។ ច្បាប់ ត្រូវ​តែ​គោរព​ទាំងអស់​គ្នា មិន​ថា​ជា​ថ្នាក់ដឹកនាំ និង​ពលរដ្ឋ​នោះ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត ដើម្បី​ដាស់សតិ​ស្មារតី ថ្នាក់ដឹកនាំ​កំពូល​ៗ​របស់​ជាតិ ច្បាប់​បាន​ត្រូវ​ឱ្យ​មានការ​ធ្វើ​សច្ចាប្រណិធាន ឬ​ស្បថស្បែ នៅ​មុន​ចូល​កាន់​តំណែង​សំខាន់​ៗ​ទៀត​ផង​។

ស្រឡាញ់​ជាតិ គឺ​ការ​ចូលរួម​របស់​ពលរដ្ឋ​គ្រប់​ម​ជ្ឈ​ម​ដ្ឋា​ន គេ​មិន​អាច​ប្រកាន់​ថា អ្នក​នេះ​ស្រឡាញ់​ជាតិ​ជាង​អ្នក​នោះ​ឡើយ​។ គ្រប់​គ្នា​អាច​ធ្វើ​សកម្មភាព ដើម្បី​ការពារ និង​ការ​ស្រឡាញ់​ចំពោះ​ជាតិ​។ អ្នក​ស្រឡាញ់​ជាតិ ពិតប្រាកដ គឺ​តែងតែ​បើកឱកាស​ឱ្យ​គ្រប់​គ្នា​ធ្វើ​សកម្មភាព​ដើម្បី​ជាតិ ។ គេ​មិន​អាច​ប្រកាន់​ថា​មាន​តែ​ខ្លួន ឬ​ក្រុម​ខ្លួន​ស្រឡាញ់​ជាតិ ហើយ​អ្នក​នោះ ក្រុម​នោះ មិន​ស្រឡាញ់​ជាតិ​ឡើយ​។

ក្រៅពី​ការ​គោរព និង​អនុវត្ត​ច្បាប់ ការ​ស្រឡាញ់​ជាតិ​ដោយ​មនសិកា និង​ចេញពី​បេះដូង ជា​កត្តា​សំខាន់​ណាស់​។ ស្រឡាញ់​ជាតិ​ដោយ​បេះដូង គឺជា​ការ​លះបង់​ឱ្យ​សង្គម​ទាំងមូល​បាន​ស្រឡាញ់​ជាតិ​ដូច​ខ្លួន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ