ខេតស្វាយរៀង ៖ មានការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ មានប្រវែង៤២០ម៉ែត្រ ( ពុំបានដាក់ទទឹង និងកម្រាស់បេតុង ទំហំដែកប៉ុន្មានលីទេ) ដែលមានក្រុមហ៊ុនជាច្រើនមកដាក់ដេញថ្លៃ ក៏ប៉ុន្តែជាក់ស្តែងពួកគេបានដើរនិយាយចរចាចែកថ្លៃទឹកតែគ្នាទៅវិញ ដោយក្រុមហ៊ុនមួយចំនួនបានទារតម្លៃថ្លៃពេក ចាប់ពី១,០០០ដុល្លារ ទៅ៤,០០០ដុល្លារ ចែកទឹកតែគ្នាមិនត្រូវទើបអ្នកដាក់ដេញថ្លៃ ដាក់តម្លៃទាបរហូតដល់ក្រោម៥០% គឺតម្លៃទាបមិនដែលធ្លាប់មានអ្នកជំនាញបច្ចេកទេសផ្លូវថ្នល់និយាយថា មិនសង្ឃឹមថា ផ្លូវនេះមានគុណភាពនោះទេ សូមឲ្យម្ចាស់គម្រោងពិនិត្យលើកផ្លូវបង្ហាប់ដីឲ្យបានម៉ត់ចត់តាមស្តង់ដារ និងកិច្ចសន្យា ។

បើជាទូទៅគម្រោងជួសជុលផ្លូវក្រាលបេតុងអាមេ គឺទទឹង៥ម៉ែត្រ កម្រាស់២តឹក ធ្វើជាខ្នងអណ្តើក ដែកថ្នាំងអំពៅទំហំ១០លី រែងចងដែកប្រឡោះ២តឹក ជាក់ស្តែង ដែកទំហំ៨លី រែងដែករង្វើលខ្នងអណ្តើកចំកណ្តាលថ្នល់មិនគ្រប់២តឹកទេ ។ បើតាមក្រុមប្រឹក្សាសង្កាត់ព្រៃឆ្លាក់បានឲ្យដឹងថា ការដាក់ដេញថ្លៃនេះ នៅអំឡុងខែឧសភាឆ្នាំ 2023 នៅសាលាសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមមន្ត្រីសាលាសង្កាត់ព្រៃឆ្លាក់បានឲ្យដឹងទៀតថា ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែគឺ ៖គម្រោងដេញថ្លៃសាងសង់កែលម្អផ្លូវដីក្រាលបេតុងអាមេប្រវែង៤២០ម៉ែត្រ តម្លៃប៉ានស្មាន១៦៨.៤៧៨.៣០០រៀល ហើយមានចំនួន៦ក្រុមហ៊ុនបានចូលរួមដាក់ដេញថ្លៃ ហើយក្រុមហ៊ុនដែលទទូលបានគឺ ឈ្មោះសោម ម៉ូលី ក្រុមហ៊ុនរម្យខត្តិយា ដេញបានតម្លៃទាបជាងគេ ៧៥.៦០០.០០០រៀល។

ទាក់ទិនករណីនេះដែរ ប្រជាពលរដ្ឋលើកឡើងថា ការសាងសង់ផ្លូវបេតុងអាមេ១ខ្សែនេះ មិនត្រូវតាមស្តង់ដារបច្ចេកទេសនៃកិច្ចសន្យានោះទេ ប្រជាពលរដ្ឋបានស្នើសុំអោយឯកឧត្តមអភិបាលខេត្តស្វាយរៀងមេត្តាដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យតាមដានអោយបានជាប់ជាប្រចាំផង ដើម្បីកុំឲ្យក្រុមហ៊ុនដែលទទូលបានគម្រោង អនុវត្តគម្រោងមិនបាន ត្រឹមត្រូវតាមស្តង់ដា បច្ចេកទេស (លួចកម្រាស់) លួចដាក់សរសៃរដែកតូច ឬចងដែករង្វើលៗដាក់ សរសៃដែកផ្ទាល់ដី គ្មានក្រាលថ្មទ្រាប់បាត ចាក់បេតុងតែម្ដង ថ្នល់មិនមានគុណភាព តាមកិច្ចសន្យានៃគម្រោង។

មហាជនធ្លាប់បានលើកឡើងរិះគន់ថា ផ្លូវបេតុងកន្លងមកគឺ ឃើញប្រើប្រាស់មិនបានយួរអង្វែងទេ និងកែលំអដោយដាក់ដេញថ្លៃ ក៏ប៉ុន្តែផ្លូវ ប្រើប្រាស់គ្មានគុណភាព បានន័យថា គម្រោងជួសជុលរួច ផ្លូវស្រុតខូចវិញតាមក្រោយ ហើយក្រុមប្រឹក្សាឃុំសង្កាត់ ដាក់សំណើគម្រោងជួសជុលកែលំអផ្លូវនេះម្តងទៀត ។

មហាជនសំណូមពរដល់ម្ចាស់គម្រោង និងមន្ត្រីបច្ចេកទេស មន្ត្រីលទ្ធកម្ម មេត្តាបង្កើតគណៈកម្មការវាយតម្លៃគុណភាពផ្លូវឲ្យបានម៉ត់ចត់ត្រឹមត្រូវតាមស្តង់ដារនៃគម្រោង ចៀសវាងផ្លូវគ្មានគុណភាព ធ្វើហើយធ្វើទៀត ជួសជុលហើយផ្លូវខូចដដែលៗ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។





ចែករំលែកព័តមាននេះ