ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ពេល​មនុស្ស​ជា​ច្រើន​បាន​ត្រេកអរ រំភើប​ជាមួយ​ងារ​ជា ឯកឧត្តម លោក​ជំទាវ​នោះ គេ​ក៏​ឃើញ​មាន​មនុស្ស​មួយ​ចំនួន ដែល​ទទួល​បាន​ងារ​នេះ បែរជា​មិនសូវ​ចង់ឱ្យ​គេ​ស្គាល់ ឱ្យ​គេ​ដឹង​ថា

នៅ​ពេល​មនុស្ស​ជា​ច្រើន​បាន​ត្រេកអរ រំភើប​ជាមួយ​ងារ​ជា ឯកឧត្តម លោក​ជំទាវ​នោះ គេ​ក៏​ឃើញ​មាន​មនុស្ស​មួយ​ចំនួន ដែល​ទទួល​បាន​ងារ​នេះ បែរជា​មិនសូវ​ចង់ឱ្យ​គេ​ស្គាល់ ឱ្យ​គេ​ដឹង​ថា ខ្លួន​មាន​ងារ​ជា​ឯកឧត្តម លោក​ជំទាវ​នោះ​ទេ​។ ហេតុផល​សាមញ្ញ​មួយ កាលដែល​មិន​ចង់ឱ្យ​គេ​ហៅ ឯកឧត្តម គឺ​ដោយសារ​តែ​នៅ​ពេល​គេ​ហៅ​ថា ឯកឧត្តម នឹង​មាន​បន្ទុក​ចំណាយ​មួយ​ខ្ពស់​ជាង​ការ​ដែល​គេ​ហៅ​ត្រឹម​លោក ឬ​លោកស្រី​នោះ​។

តើ​នេះ​ជា​ការ​ពិត​ឬ​យ៉ាងណា? អាស្រ័យ​ទៅ​លើ​ការ​គិត និង​ការ​ឱ្យ​តម្លៃ​របស់​បុគ្គល​ម្នាក់​ៗ​នោះ​ទេ​។ ខណៈ​ពេល​ដែល​មានការ​គិត​ថា នៅ​ពេល​គេ​ហៅ​ថា ឯកឧត្តម ហើយ​ត្រូវ​ចំណាយ​ខ្ពស់​នោះ ទំនងជា​ករណី​បុគ្គល​នោះ គាត់​បាន​ជួប​ប្រទះ​ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ចំណែក​អ្នក​ផ្សេង​វិញ គេ​មិន​បាន​ជួប​ប្រទះ​នោះ​ទេ​។

ឯកឧត្តម លោក​ជំទាវ ងារ​ខ្ពង់ខ្ពស់ បង្ហាញ​ពី​ឋានន្តរសក្ដិ​របស់​មន្ត្រីរាជការ​។ មន្ត្រីរាជការ ដែល​ខំធ្វើការ គឺ​គ្មាន​នរណា​មិន​ចង់​ឡើង​តួនាទី និង​ឋានៈ​ទៅ​ដល់​ឯកឧត្តម លោក​ជំទាវ នោះ​ឡើយ​។ និយាយ​ដោយ​ត្រង់ គ្មាន​អ្នកធ្វើការ​ណា​ម្នាក់ ដែល​ខិតខំ​ធ្វើការ​ហើយ មិន​ចង់​ឡើង​ធំ​នោះ​ទេ​។ និយាយ​ពី​ឋានៈ​របស់​មន្ត្រីរាជការ​ស៊ី​វិល ធ្វើការ​ទម្រាំ​តែ​ឡើង​ដល់​ឋានៈ​ជា ឯកឧត្តម លោក​ជំទាវ ត្រូវ​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​។ មន្ត្រីរាជការ​ជា​ច្រើន បាន​ធ្វើការ​បម្រើ​ជាតិ រហូត​ដល់​ខ្លួន​ត្រូវ​ចូល​និវត្តន៍ ក៏​មិន​អាច​ឡើង​ឋានៈ​ដល់​ឧត្តមមន្ត្រី ដែល​មាន​ងារ​ជា ឯកឧត្តម ឬ​លោក​ជំទាវ​នោះ​ដែរ​។

តាម​ឋា​នុ​ក្រម​ឯកឧត្តម លោក​ជំទាវ ជា​មន្ត្រី​ដែល​មាន​តួនាទី​ចាប់ពី​អគ្គនាយកដ្ឋាន​ឡើង​ទៅ ។ ឯកឧត្តម លោក​ជំទាវ ត្រូវ​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ជា​ព្រះរាជក្រឹត្យ​។ នៅ​ក្នុង​ពេល​បច្ចុប្បន្ន ឯកឧត្តម លោក​ជំទាវ មាន​ច្រើន​នៅ​ក្នុង​សង្គម សឹង​គេ​រាប់​មិន​អស់ ហើយ​មុខ​ឯកឧត្តម ក៏​គ្មាន​នរណា​ស្គាល់​អស់​ដែរ​។ ក្រៅ​ការ​បំពេញការងារ​ទទួល​បាន​ឋានៈ បានជា​ឯកឧត្តម អស់លោក ដែល​បាន​តែង​តែ​ជាទី​ប្រឹក្សា ជំនួយការ​របស់​មន្ត្រី​ធំ​ៗ មាន​ឋានៈ​ស្មើ​ចាប់ពី​អគ្គនាយក​ឡើង​ទៅ សុទ្ធ​សឹង​មាន​ងារ​ជា ឯកឧត្តម និង​លោក​ជំទាវ​។ មន្ត្រី​នយោបាយ ដែល​មាន​ឋានៈ​ជា​អនុរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រដ្ឋមន្ត្រី សុទ្ធតែ​មាន​ងារ​ជា ឯកឧត្តម លោក​ជំទាវ​។

ឯកឧត្តម និង​លោ​ជំទាវ មិន​ខុស​ពី​ឧកញ៉ា​នោះ​ទេ មាន​ច្រើន​នៅ​ក្នុង​សង្គម​កម្ពុជា នា​ពេល​បច្ចុប្បន្ន​។ ងារ​ឧកញ៉ា បាន​រង​ការ​រិះគន់​ជា​ច្រើន ដោយសារ​ឧកញ៉ា​មួយ​ចំនួន ពុំ​បាន​ធ្វើខ្លួន​ឱ្យ​ខ្ពង់ខ្ពស់ ស្រប​តាម​គោរមងារ ។ ឧកញ៉ា​ខ្លះ ខ្វះ​សីលធម៌​ក្នុង​ការ​រស់នៅ ឧកញ៉ា​ខ្លះ​ទៀត​ប្រព្រឹត្តិ​បទល្មើស នៅ​ក្នុង​ការ​រស់នៅ និង​មុខរបរ​ចិញ្ចឹម​ជី​វិ​.​ត​។

មិន​ខុស​ពី​អ្នក​ទទួល​បាន​ងារ​ជា​ឧកញ៉ា អ្នកមាន​ងារ​ជា​ឯកឧត្តម លោក​ជំទាវ​ខ្លះ មាន​មោទកភាព​ខ្លាំង​ចំពោះ​ងារ​នេះ ខណៈ​អ្នកខ្លះ​ទៀត​ធ្វើ​កាយវិការ​ជា​ធម្មតា​។ មាន​ឯកឧត្តម លោក​ជំទាវ មួយ​ចំនួន ត្រូវ​បាន​តែងតាំង​ស្ងាត់​ៗ លុះដល់​ពេល​មហាជន​ហៅ​ពួក​គាត់​បែប​សាមញ្ញ​ជា​ធម្មតា​ថា លោក ឬ​លោកស្រី ពួក​គាត់​មិន​ពេញចិត្ត​នោះ​ឡើយ ហើយ​ថែម​ទាំង​ខឹង​គេឯង​ទៀត​ផង​។ ពួក​គាត់​មិន​សប្បាយចិត្ត ហើយ​ក៏​ប្រាប់​គេឯង​ដែល​ស្គាល់​ថា ថ្ងៃក្រោយ​ត្រូវ​ហៅ​លោក​ថា ឯកឧត្តម លោក​ជំទាវ ។ ចំណែក​អ្នកធំ​ខ្លះ​ទៀត មាន​ងារ​ជា​ឯកឧត្តម លោក​ជំទាវ ប៉ុន្តែ​គាត់​មិន​ខ្វល់​នឹង​ការ​ហៅ​របស់​អ្នក​ដទៃ​នោះ​ឡើយ​។ ទោះបីជា​គេ​ហៅ​គាត់​ថា លោក​ក៏​បាន ហៅ​ថា​ឯកឧត្តម​ក៏​បាន​។

នៅ​ក្នុង​សង្គម ពិតជា​មានការ​គិត និង​ការ​ឱ្យ​តម្លៃ​ខុស​គ្នា​ៗ​ពី​រឿង​ឋានៈ​បុណ្យ​សក្តិ​នេះ​។ អ្នកខ្លះ​ទទួល​ងារ និង​ឋានៈ​បុណ្យ​សក្តិ​ជា​មោទកភាព អ្នកខ្លះ​ទៀត​គិត​ថា ងារ និង​ឋានៈ​បុណ្យ​សក្តិ គឺជា​បន្ទុក​។ ចំណែក​អ្នកខ្លះ​បាន​ងារ​ជា​ឯកឧត្តម បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ បម្រើ​ប្រទេស​ជាតិ ដ្បិតអី ខ្លួន​ទទួល​បាន​ប្រាក់ខែ​ពី​រាស្ត្រ ដែល​បង់ពន្ធ​ជូន​រដ្ឋ​។ អ្នកខ្លះ​ខ្មាស់​អៀន​នឹង​ពលរដ្ឋ ខ្លាច​ខ្លួន​ទទួល​ងារ​ជា​ឯកឧត្តម ឬ​លោក​ជំទាវ ហើយ​បម្រើ​រាស្ត្រ​មិន​បាន​សាក​សម​នឹង​ងារ​ជា​ឯកឧត្តម លោក​ជំទាវ នោះ​។ ចំណែក​មន្ត្រី​ខ្លះ បាន​ងារ​ឯកឧត្តម លោក​ជំទាវ​ហើយ បាន​ត្រឹម​យក​ទៅ​បង្អួត​រាស្ត្រ ឱ្យ​រាស្ត្រ​ខ្លាច​បុណ្យ​សក្ដិ និង​តួនាទី​ខ្លួន​ទៅ​វិញ​។

លោក សុ​ជាតិ ជា​មន្ត្រីរាជការ​នៅ​ក្នុង​ក្រសួង​មួយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​តួនាទី​ជា​អគ្គនាយក​រង ហើយដោយ​សារ​លោក​បាន​តែងតាំង​បន្ថែម​ជាទី​ប្រឹក្សា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ផង លោក​មាន​ងារ​ជា​ឯកឧត្តម​។ ប៉ុន្តែ​មន្ត្រីរាជការ​វ័យ​៥៧​ឆ្នាំ​រូប​នេះ មិន​ចង់ឱ្យ​គេ​ហៅ​ខ្លួន​ថា ឯកឧត្តម​នោះ​ឡើយ​។ រឿង​សាមញ្ញ​មួយ ដែល​លោក​មិន​ចង់ឱ្យ​គេ​ហៅ​ថា ឯកឧត្តម ពីព្រោះ​ការ​ហៅ​ថា ឯកឧត្តម នឹង​ធ្វើ​ឱ្យ​លោក​មាន​ចំណាយ​ច្រើន​។

លោក សុ​ជាតិ ពន្យល់​ទាំងអស់​សំណើច​ថា «​បើ​គេ​ហៅ​យើង​ឯកឧត្តម នៅ​ហាង​គុយទាវ ជា​ការ​គួរសម យើង​ត្រូវ​ចេញថ្លៃ​គុយទាវ កាហ្វេ​ឱ្យ​គេ​។ បើ​គេ​អញ្ជើញ​ការ​យើង ហើយ​គេ​សរសេរ​ថា ឯកឧត្តម សុ​ជាតិ យើង​ត្រូវ​ចងដៃ​គេ​១០០​ដុល្លារ ខណៈ​នៅ​ពេល​គេ​ហៅ​ថា លោក យើង​អាច​ចងដៃ​ការ​គេ​ត្រឹម​៥០​ទៅ​៦០​ដុល្លារ បាន​»​។

លោក ហុ​ក ជា​មន្ត្រីរាជការ​ម្នាក់​ទៀត មាន​ងារ​ជា​ឯកឧត្តម​ដែរ​។ លោក​ប្រាប់​ថា «​ឯកឧត្តម​ពិតជា​មានការ​ចំណាយ​ខ្ពស់ ជាង​លោក លោកស្រី​»​។ មន្ត្រីរាជការ​វ័យ​៦១​ឆ្នាំ​រូប​នេះ ទទួលស្គាល់​ថា «​ងារ​ឯកឧត្តម លោក​ជំទាវ គឺជា​ការ​ទទួលខុសត្រូវ មិនមែន​ដើម្បី​អួត​គ្នា ដើម្បី​ឱ្យ​គេ​ហៅ​នោះ​ទេ​»​។

«​បើ​គេ​មាន​មោទកភាព​ខ្លាំង​ចំពោះ​ងារ​ជា​ឯកឧត្តម​នេះ ពេល​ទទួល​បាន​ងារ​នេះ​ហើយ រថយន្ត ដែល​ធ្លាប់​បើកបរ​ខ្លួនឯង បើកបរ​មិនកើត​ទៀត​ទេ ត្រូវ​រក​អ្នកបើកបរ​ម្នាក់​។ ទទួល​បាន​ងារ ជា​ឯកឧត្តម​ហើយ លែង​ចូល​ហាង​តូចតាច ផឹក​កាហ្វេ​ហាង​ថ្លៃ កាហ្វេ​ចិញ្ចើមថ្នល់ ពិបាក​រក​ចំណតរថយន្ត​។ ដូច្នេះ​ចំណាយ​ខ្ពស់​ទៅ​តាម​នោះ​» លោក​ហុ​ក បញ្ជាក់​ជាមួយ​សំណើច​។

មិនដឹង​ថា ឯកឧត្តម លោក​ជំទាវ ផ្សេង​ទៀត តើ​មាន​យោបល់​យ៉ាងណា​នោះ​ទេ0x017d7​។ ដោយសារ មានការ​រិះគន់​ចំពោះ​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន​របស់​អ្នកមាន​គោរព​ងារ​ជា​ឧកញ៉ា រដ្ឋាភិបាល បាន​កំពុង​ពង្រឹង និង​លើកកម្ពស់​ការពារ​ងារ​ជា​ឧកញ៉ា ដោយ​បាន​ដាក់​វិធានការ​មួយ​ចំនួន រួម​ទាំង​ការ​បង្កើត​ឱ្យ​មាន​ស្ថាប័ន អង្គភាព​គ្រប់គ្រង​ផង​ដែរ​។ នៅ​ពេល​សង្គម មាន​ឯកឧត្តម លោក​ជំទាវ ច្រើន ឥរិយាបថ សកម្មភាព​របស់​ឯកឧត្តម លោក​ជំទាវ ក៏​គួរ​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌ និង​ប្រសិទ្ធ​ភាព​ការងារ​ដែរ ទើប​ងារ​នេះ​មាន​តម្លៃ​ខ្ពង់ខ្ពស់​ពិតប្រាកដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ