ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងប៉ៃលិន ចុះល្បាតបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀ.នចំនួន២គោលដៅ ដោយចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ដើម្បីបញ្ជូនទៅកាន់តុលាការខេត្ត។
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ការចុះបង្ក្រាបករណីប្រើប្រាស់គ្រឿ.ងញៀ.ននេះ គឺ ៖

គោលដៅទី១- នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបយ៉ាខា ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាក់ស្ដែង ករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀ.ន នៅចំណុចរោងចាំចម្ការទុកចោលមួយកន្លែង ស្ថិតក្នុងភូមិបយ៉ាខា សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ៖

ទី១- ឈ្មោះ ហេង សុភ័គបញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀ.ន។
ទី២- ឈ្មោះ ម៉ៅ សុខមាន ភេទប្រុស អាយុ១៦ឆ្នាំ ជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀ.ន។

នគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាម ពណ៌.សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន២កញ្ចប់ (ធំ១កញ្ចប់) ទម្ងន់១២,០២ក្រាម (សា.ច់ថ្នាំសុទ្ធ)។ ទូរស័ព្ទដៃចំនួន២គ្រឿង ដោយមួយគ្រឿង ម៉ាក LG ពណ៌ខ្មៅ និងមួយគ្រឿងទៀតម៉ាក Oppo ពណ៌ស្វាយ។ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន1D-8306 មួយគ្រឿង។

ចំណែកគោលដៅទី២- កាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ នគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿ.ងញៀ.ន ពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចុះបង្ក្រាបជាក់ស្ដែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀ.ន នៅចំណុចក្បែរសាលាបឋមសិក្សាក្ងោក ស្ថិតក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ម៉េង ធានីដា ភេទស្រី អាយុ២៤ឆ្នាំ ជាជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខាងលើ គ្មានផ្ទុកសារធាតុញៀ.ន។

ប្រភពដដែលបន្តទៀតថា វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌.សថ្លា (សង្ស័យម៉ាទឹកកក) ០១កញ្ចប់ ទម្ងន់០,៧៥ក្រាម (សាច់ថ្នាំសុទ្ធ)។ ទូរស័ព្ទដៃម៉ាក oppo ពណ៌ខ្មៅលាយខៀវ ០១គ្រឿង។
ពាក់ព័ន្ធទាំង២ករណីខាងលើនេះ នគរបាលបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះស្រីម្នាក់ រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់៕




ចែករំលែកព័តមាននេះ