ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​នយោបាយ ចំនួន​៤ ត្រូវ​ទទួលស្គាល់​សម្រាប់​ចូលរួម​បោះ​ឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០២៤

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ ចំនួន​៤ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ទទួលស្គាល់ ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង សម្រាប់​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ គណបក្ស​នយោបាយ ចំនួន​៤ ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) សម្រេច​ទទួលស្គាល់ ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង សម្រាប់​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៥ ឆ្នាំ​២០២៤ នេះ​បើ​តាម​អ្នកនាំពាក្យ គ​.​ជ​.​ប ។

លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែធ្នូ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ទទួល​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ សម្រាប់​ការ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ការ​បោះ​ឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ មាន​គណបក្ស​នយោបាយ ចំនួន​៤ ក្នុង​នោះ រួម​មាន ៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ។

លោក​បាន​បញ្ជាក់​ថា ៖ «​ក្នុង​ចំណោម គណបក្ស​នយោបាយ ទាំង​៤​នេះ គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត បាន​ទទួល​ការ​ចុះបញ្ជី​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ​រួច​ហើយ ដោយឡែក​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច នៅ​ខ្វះ​ឯកសារ ចំនួន​២ អ៊ីចឹង​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច ត្រូវ​ផ្តល់​បង្កាន់ដៃ បញ្ជាក់​ការ​តម្កល់​ប្រាក់​នៅ​រតនាគារ​ជាតិ ចំនួន​១៥​លាន រៀល និង​បង្កាន់ដៃ បញ្ជាក់​គណនេយ្យ​របស់​គណបក្ស នៅ​ធនាគារ​ណាមួយ​» ។

បើ​តាម​អ្នកនាំពាក្យ បាន​អះអាង​ថា មក​ដល់​ពេល​នេះ អ្វី​ដែល​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច នៅ​ខ្វះ​នោះ ត្រូវ​បាន​សា​ម៉ី​ខ្លួន បាន​បំពេញ​រួចរាល់​អស់ហើយ ប៉ុន្តែ​នៅ​កិច្ចប្រជុំ​ព្រឹក​មិ​ញ (​ថ្ងៃ​ទី​១១​ធ្នូ​) គ​.​ជ​.​ប បាន​សម្រេច​ទទួល​ការ​ចុះបញ្ជី ជា​ផ្លូវការ ចំនួន​៣ គណបក្ស​នយោបាយ ដូច្នេះ​ការ​រំពឹង​ទុក ប្រហែលជា​មាន​តែ​គណបក្ស​នយោបាយ ចំនួន​៤​ប៉ុណ្ណោះ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

លោក សោម សូ​រី​ដា បាន​ឲ្យ​ដឹង​ទៀត​ថា គណបក្ស​នយោបាយ​ទាំង​៤ បាន​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​មណ្ឌលបោះឆ្នោត ចំនួន ៨​ភូមិភាគ ។

ពាក់ព័ន្ធ​នឹង​គណបក្ស ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច នេះ​ដែរ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ គណបក្ស​បាន​យក​ឯកសារ​មក​បំពេញបន្ថែម​នៅ គ​.​ជ​.​ប រួច​ហើយ ដូច្នេះ​តាម​ស្មារតី​អង្គប្រជុំ​របស់ គ​.​ជ​.​ប នៅ​ពេល ដែល​គណបក្ស​បំពេញបែបបទ​រួច​ហើយ គ​.​ជ​.​ប និង​ចេញ​សេចក្តីសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ ។

សូម​ជម្រាប​ថា គណបក្ស​ឆន្ទៈ​ខ្មែរ ត្រូវ​បានដឹង​ជា​គណបក្សប្រឆាំង​មួយ​ផង​ដែរ ។ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នេះ គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ មានការ​ចូលរួម​ពី​គណបក្ស​យោ​បាយ​មួយ​ចំនួន​ផង​ដែរ​។ គណបក្ស​នេះ មានការ​រួម​គ្នា​រវាង​គណបក្ស​នយោបាយ ចំនួន​៤ គឺ គណបក្ស​ភ្លើងទៀន គណបក្ស​ប្រជាធិប្បតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​ហៅ​ថា «​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​» ។

គួរ​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​បញ្ជី​គណបក្ស​នយោបាយ ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ ឆ្នាំ​២០២៤ មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ