ខេត្តស្វាយរៀង ៖ បុរសម្នាក់ស្រវឹងស្រាចង់មានគូស្នេហ៍ក៏ទូរស័ព្ទផ្សងដោយចុចរាវរកលេខតាមតែខ្លួននឹកឃើញ ក៏បះចំលេខទូរស័ព្ទអ្នកគ្រូបង្រៀនសាលាបឋមសិក្សាមួយ ហើយនិយាយលែបខាយសុំស្នេហ៍ធ្វើឱ្យអ្នកគ្រូខឹងក៏ប្រាប់ប្តីឱ្យទៅប្តឹងសមត្ថកិច្ចប៉ូលិសចាប់ខ្លួនទារជំងឺចិត្តបាន៩០០ដុល្លារ ។ រឿងគួរឱ្យអស់សំណើចនេះកើតឡើងកាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១១ វេលាម៉ោង៩យប់ នៅក្រុងស្វាយរៀង បុរសទូរស័ព្ទផ្សងរកគូស្នេហ៍ផ្តេសផ្តាសនេះឈ្មោះ ន.ស.ផ អាយុ៤៨ឆ្នាំ មុខរបរបើកបរគោយន្តដឹកដីលក់ ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា នៅយប់កើតហេតុ ឈ្មោះ ន.ស.ផ បានផឹកស៊ីជាមួយអ្នកជិតខាងចំនួន៥នាក់ ចាប់ពីព្រលប់រហូតម៉ោង៩យប់ ក៏ចាប់ផ្តើមស្រវឹងស្រាខ្លាំង ស្រាប់តែរវើរវាយចង់មានគូស្នេហ៍មកនែបនិត្យកៀកកើយ កំដរអារម្មណ៍ពេលផឹកស្រា ហើយទាញទូរស័ព្ទមកចុចរាវលេខ ដោយផ្សងថា សូមឱ្យចំស្រីស្អាតមកធ្វើជាគូស្នេហ៍។ ក្រោយពីផ្សងហើយក៏ចុចទូរស័ព្ទរាវលេខតាមតែខ្លួននឹកឃើញ ក៏ប៉ះចំមនុស្សស្រីលើកទទួល ក្រោយមកម្ចាស់ទូរស័ព្ទឆ្លើយថា ពូច្រឡំលេខហើយ ក៏បិទទូរស័ព្ទវិញ។ ជនកំហូចនេះក៏ចុចទូរស័ព្ទទៅម្តងទៀត រួចនិយាយថា បើច្រឡំលេខប្រហែលជាមាននិស្ស័យនឹងគ្នាសុំរាប់អាន ពេលនោះអ្នកគ្រូចុចទូរស័ព្ទបិទឈប់ទទួល។
មួយសន្ទុះ ជនកំហូចចុចទូរស័ព្ទម្តងទៀត អ្នកគ្រូក៏ស្តីឱ្យ និងហាមកុំឱ្យចុចមករំខាន ព្រោះជាពេលដេកពូន ស្រាប់តែជនកំហូចនេះនិយាយអង្វរសូមកុំបិទទូរស័ព្ទដោយខ្លួនសុំនិយាយបន្តិច ពេលនោះក៏ចាប់ផ្តើមនិយាយបែបលែបខាយសុំប្រលោមស្នេហ៍ ដោយសម្តីត្អូញត្អែរថា គ្រាន់តែបានឮសំឡេងតាមទូរស័ព្ទធ្វើឱ្យបេះដូងរបស់គេក្តុកក្តួលស្លុងអារម្មណ៍លង់ស្នេហ៍ មិនអាចទប់ចិត្តមិនឱ្យស្នេហ៍មិនបាន។
សូមនាងមេត្តាមកជួបសុំស្គាល់មុខ បើពុំដូច្នេះទេ រូបគេនឹងប្រេះដើមទ្រូងដាច់ខ្យល់ស្លាប់ឥឡូវហើយ។ រួចហើយបានសុំអង្វរទៀតថា មកជួបបងមកអូន បងទ្រាំមិនបានទេ បងសូមកៀកកើយនែបនិត្យប្រលោមស្នេហ៍មួយរាត្រី។ ពេលកំពុងផ្អែមល្ហែមនោះ អ្នកគ្រូបានហុចទូរស័ព្ទឱ្យប្តីស្តាប់ រួចក៏ទៅប្តឹងប៉ូលិសទាំងយប់ លុះដល់ព្រឹកថ្ងៃទី២០ ឧសភា ប៉ូលិសក៏ទៅឃាត់ខ្លួនជនកំហូចនោះមកប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃឆ្លាក់ ។ នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពថា ខ្លួនស្រវឹងស្រា ហើយក៏ត្រូវឃុំខ្លួន៤៨ម៉ោង ថ្ងៃទី២១ ឧសភា ព្រមទាំងសងជំងឺចិត្ត៩០០ដុល្លារ ៕
ចែករំលែកព័តមាននេះ