ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ត្រូវបានប្រជាពលរដ្ឋ ក្របួចបានប្រគល់ឱ្យនគរបាលស្រុកភ្នំស្រួច ខណៈដែលអង្គុយចាំបក្ខពួករបស់ខ្លួនចេញទៅធ្វើសកម្មភាពលួចម៉ូតូក្នុងផ្សារត្រែងត្រយឹង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ដឹងបក្ខពួករត់គេចខ្លួនបាត់ស្រមោល ប៉ះចំថ្ងៃស៊យក្របួចអ្នកអង្គុយចាំដឹកតែម្តង។
ការឃាត់ខ្លួនជនសង្ស័យប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច ធ្វើឡើងកាលពីវេលាម៉ោង០៣និង៣០រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចក្រោយផ្សារត្រែងត្រយឹង ស្ថិតនៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា ជនសង្ស័យដែលឃាត់បានមានឈ្មោះ នូ វែងវច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន) និងម្នាក់ទៀតឈ្មោះ បុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច (បានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាពមិនបានសម្រេច) ។
នគរបាលស្រុកភ្នំស្រួចបាននិយាយបន្តថា ម៉ូតូដែលជនសង្ស័យប៉ុនប៉ងលួច ម៉ាក ស៊ីរូស ពណ៌ខ្មៅ គ្មានផ្លាកលេខ ប្រជាពលរដ្ឋចតនៅក្នុងផ្សារទិញអីវ៉ាន់។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់បន្ថែមថា នៅមុនពេលកើតហេតុក្រុមជនសង្ស័យបាន ម៉ូតូ០១គ្រឿងឌុបគ្នា ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ មកឈប់មុខផ្សារត្រែងត្រយឹង ដោយឱ្យម្នាក់អង្គុយចាំលើម៉ូតូ និងម្នាក់ទៀតចេញទៅធ្វើសកម្មភាព ស្រាប់កំពុងធ្វើការកាច់សោរម៉ូតូ ប្រជាពលរដ្ឋឃើញស្រែកថាចោរៗ ផ្អើលពេញផ្សារ ជនសង្ស័យរត់គេចខ្លួនបាត់។ ប្រជាពលរដ្ឋក្រឡេកឃើញបក្ខពួកម្នាក់ដែលកំពុងអង្គុយចាំលើម៉ូតូស្រាប់ក៏ឃាត់ខ្លួនប្រគល់ឱ្យនគរបាលតែម្តង។
បើតាមចម្លើយរបស់ឈ្មោះនូ វែងវិច្ឆិកា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន រួមជាមួយបក្ខពួក០១នាក់ទៀតឈ្មោះ បុល ដោយរូបខ្លួនជាអ្នកអង្គុយចាំម៉ូតូ ហើយឈ្មោះបុល ជាអ្នកចូលទៅកាច់សោរម៉ូតូ បំរ៉ុងនឹងជិះគេចខ្លួន ពេលនោះក៏ត្រូវប្រជាពលរដ្ឋឃើញហើយដេញឈ្មោះបុលបានរត់គេចខ្លួន ចំណែកខ្លួនត្រូវបានប្រជាពលរដ្ឋឃាត់រូបខ្លួនប្រគល់ឱ្យ សមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ