ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យវ័យក្មេងជំនួន៦នាក់ ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី ០២ សីហា ក្រោយទទូលបណ្ដឹងជនរងគ្រោះ ដែលបានប្ដឹងចោទក្រុមនេះបាននាំគ្នាជិះម៉ូតូដេញតាម«ប្លន់យកស្លាកលេខម៉ូតូ»របស់ខ្លួន នៅក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល។
តាមរយៈរបាយការណ៏ព្រឹត្តិហេតុ នៃអធិការស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យវ័យក្មេងទាំង០៦នាក់នេះ ត្រូវបានកម្លាំងអធិការស្រុកថ្មគោល សហាការជាមួយកម្លាំងប៉ុស្ដ៏រដ្ឋបាល តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីសមត្ថកិច្ចទទូលបានបណ្ដឹងជនរងគ្រោះ នៅព្រឹកថ្ងៃទី ០២ សីហា។
បើតាមរបាយការណ៏ដដែល ជនរងគ្រោះ និង ជាដើមបណ្ដឹងផង ឈ្មោះ ភេន រីហ្សា ប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល។ ជនរងគ្រោះឈ្មោះ ភេន រីហ្សា បាននិយាយនៅក្នុងបណ្ដឹងថា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី ៣១ កក្កដា កន្លងទៅនេះ មានមនុស្សមួយក្រុមដែលខ្លួនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូចំនួន០៣គ្រឿង បានជិះដេញតាមខ្លួនរហូតក្នុងចេតនាមិនល្អ។
ក្រោយឃើញសកម្មភាពបែបនេះ ធ្វើឲ្យខ្លួនភ័យ លុះជិះដល់ចំណុចភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ខ្លួនក៏ផ្ដូលម៉ូតូរត់ចូលផ្ទះអ្នកភូមិ។ ជនរងគ្រោះ បានបញ្ជាក់ថា ក្រោយផ្ដូលម៉ូតូចោល និង ក្រោយខ្លួនរត់ចូលផ្ទះគេនិងស្រែកហៅឲ្យអ្នកភូមិជួយ ស្រាប់តែក្រុមជនមិនស្គាល់មុខទាំងហ្វូងបាននាំគ្នាចុះ«កាច់ផ្ដាច់យកស្លាកលេខម៉ូតូ»របស់ខ្លួន រួមពួកវានាំគ្នាជិះគេចខ្លួនបាត់ភ្លាមៗ ទុកតែម៉ូតូចោលលើចិញ្ចើមផ្លូវ។ ស្លាកលេខម៉ូតូដែល ក្រុមចោរហារយកាច់«ប្លន់»យកទៅបាត់មានលេខ « ភ្នំពេញ 1CL-2687»។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ថា ក្រោយកើតហេតុបាន០២ថ្ងៃ ទើបជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ច។ ហើយក្រោយទទូលបណ្ដឹងជនរងគ្រោះ នៅថ្ងៃដដែល ទើបកម្លាំងជំនាញ នៃអធិការស្រុក សហការជាមួយកម្លាំងប៉ុស្ដ៏រដ្ឋបាល ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៦នាក់ នៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល។
នៅក្នុងរបាយការណ៏អធិការស្រុថ្មគោល ក្រុមជនសង្ស័យទាំង០៦នាក់ ដែលព្រូតគ្នា«ប្លន់»យកស្លាកលេខម៉ូតូមាន៖ ១,ឈ្មោះ យុត អ៊ីឈិ ប្រុសអាយុ១៧ឆ្នាំ ២,ឈ្មោះ លីន មករា ប្រុសអាយុ១៩ឆ្នាំ ៣,ឈ្មោះ បួ សុផាន ប្រុសអាយុ១៧ឆ្នាំ ៤,ឈ្មោះ ចេក សៀវយ៉ុង ប្រុសអាយុ១៥ឆ្នាំ ៥,ឈ្មោះ ទូច តុលា ប្រុសអាយុ១៧ឆ្នាំ និង ៦,ឈ្មោះ ផុន សក្តា ប្រុសអាយុ១៦ឆ្នាំ។ បន្ទាប់ពីត្រូវបានឃាត់ខ្លួន ក្រុមនេះបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញតាមជនរងគ្រោះ ក្នុងគោលបណងតាមវាយ«ប្លន់»យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។
លោក សេង លុច បានបញ្ជាក់ដែរថា ក្រុមជនសង្ស័យវ័យក្មេងទាំងនេះ ពិតជាបានកាច់យកស្លាកលេខម៉ូតូរបស់ជនរងគ្រោះ បន្ទាប់ពីជិះដេញតាមទាន់ត្រង់ចំណុចកើតហេតុខាងលើ តែមិនបាន«ប្លន់»យកម៉ូតូជនរងគ្រោះទេ។ ហើយស្លាកលេខម៉ូតូ ដែលក្រុមចោរអន្ធពាលបានប្លន់យកទៅ មន្រ្តីជំនាញក៏បានដកហូតបានមកវិញផងដែរ។ ពេលនេះមន្រ្តីជំនាញ កំពុងសួរនាំ ដើម្បីចាត់ការតាមនីតិវិធីហើយ៕



ចែករំលែកព័តមាននេះ