រាជធានីភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ បើកសម័យប្រជុំបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាណត្តិថ្មី ។
ការកំណត់ថ្ងៃនេះ បន្ទាប់ពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត លើ សមាសភាពបេក្ខជន ដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ។
ជាមួយគ្នានេះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្ត លើ សមាសភាពគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខ ជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងបន្តនីតិវិធី ។
យ៉ាងណាក្តី គេមិនទាន់ដឹងសមាសភាពថ្មីរបស់សមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឡើយនោះទេ ៕

ចែករំលែកព័តមាននេះ