ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចដេញតាមឃាត់ខ្លួនបានភ្លាមៗ ពេលព្យាយាមរត់គេច ក្រោយពីប្រើកាំបិតប៉័ងតោកាប់ទៅលើ់គូសត្រូវរបស់ខ្លួន បណ្ដាលឲ្យរងរបួសជាច្រើនកាំបិតនៅត្រង់ក្បាល កាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ធ្នូ នៅខាងមុខតូបលក់ដូរមួយកន្លែង ក្នុងភូមិអូរតាគាំ៣ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលជាការសងសឹកគំនុំចាស់ និងថ្មី។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ វ៉ាង និមិត្ត ហៅមិត្ត អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរកម្មករបំរើការនៅឃ្លាំងស្ដុកទំនិញមួយកន្លែង នៅក្បែរកន្លែងកើតហេតុ រីឯជនរងគ្រោះឈ្មោះ វុធ ម៉វ ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករបំរើការជាមួយគ្នា ។

ជនសង្ស័យត្រូវបានកម្លាំងអធិការក្រុងបាត់ដំបង សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនបាន ពេលជនដៃដល់រូបនេះចូលទៅកន្លែងកោសជប់ នៅម្ដុំខាងក្រោយវត្តទូលតាឯក ដើម្បីម៉ាស្សាមួយជាលើកចុងក្រោយមុនពេលចូកគុក។ នេះបើតាមមន្ត្រីជំនាញ ដែលដេញតាមចាប់យ៉ាងប្រផាប់ប្រភីង ពេលកើតហេតុ។ សាក្សីនៅកន្លែងកើតហេតុ ហាក់មិនផ្ដល់ព័ត៌មានលំអិតទេ ជុំវិញអំពើហឹង្សាដ៏ឃោរឃៅនេះ ។

ប៉ុន្តែពួកគេក៏បានប្រាប់ដែរថា មុនពេលកើតហេតុ គេឃើញជនដៃដល់បានកាន់កាំបិតដើរទៅតាមកាប់ជនរងគ្រោះ ពេលជនរងគ្រោះដើរចេញពីឃ្លាំងទៅទិញភេសជ្ជៈនៅតូបអ្នកលក់ នៅក្បែរនោះ លុះបន្តិចក្រោយមក ស្រាប់តែគេស្រែកផ្អើលឆោឡោ ហើយឃើញឈ្មោះ ម៉វ ឈាមជោគក្បាលនិងពេញដងខ្លួន ។ សាក្សីដដែលបានសន្និដ្ឋានថា បើតាមដឹងខ្លះៗ ភាគីទាំងពីរធ្លាប់ផ្ទុះជម្លោះជាមួយគ្នាញឹកញាប់ ពេលធ្វើការជាមួយគ្នានៅក្នុងឃ្លាំងទំនិញ ហើយជនដៃដល់បានតាមសងសឹកទៅលើជនរងគ្រោះ។

បើស្ដាប់ចម្លើយបឋម ដែលជនដៃដល់បានសារភាព ដែលមន្ត្រីជំនាញបានសាកសួរ ជននេះបានប្រាប់ថា ខ្លួនបានកាប់ជនរងគ្រោះ ព្រោះតែខឹងជនរងគ្រោះធ្លាប់វាយខ្លួន។ ហើយមុនពេលខ្លួនទាញប៉័ងតោតាមកាប់លើកចុងក្រោយនេះ ជនរងគ្រោះក៏បានវាយខ្លួនមុនដែរ ទើបខ្លួនខឹងទាញកាំបិតដើរតាមទៅកាប់ដល់កន្លែងតូបលក់ដូរតែម្ដង។

សមត្ថកិច្ចបានប្រាប់ថា ក្រោយត្រូវឃាត់ខ្លួន ជននេះហាក់បានដឹងខ្លួនថា មិនអាចរត់ទៅណារួចទេ ចៀសមិនផុតពីជាប់គុកឡើយ ក្រោយកាប់គេឲ្យរបួសសុះក្បាលយ៉ាងធ្ងន់ធ្ងរ។ សមត្ថកិច្ចបានស្រង់សម្ដីជនដៃដល់ថា « ខ្ញុំដឹងថា ខ្ញុំមិនអាចរត់ទៅណារួចទេ។ ខ្ញុំគេចមិនផុតពីជាប់គុកឡើយដូច្នេះហើយ ទើបខ្ញុំគេចទៅកន្លែងកោសជប់ ដើម្បីម៉ាស្សាជាលើកចុងក្រោយ មុនពេលប្រគល់ខ្លួនឲ្យសមត្ថកិច្ច» ។

បើតាមមន្ត្រីជំនាញបាននិយាយដែរថា តាមពិតជនដៃដល់មានគោលបំណងប្រគល់ខ្លួនឲ្យសមត្ថកិច្ចតាំងពីកើតហេតុភ្លាមៗ តែខ្លាចគេវាយដំ។ ដូច្នេះហើ់យ ទើបខ្លួនរត់គេចទៅកន្លែងម៉ាស្សា រួចហើយចាំប្រគល់ខ្លួនឲ្យសមត្ថកិច្ចជាក្រោយ។ យ៉ាងណាក្ដី ពេលនេះ ជនសង្ស័យកំពុងត្រូវបានសួរនាំនៅអធិការក្រុង ដើម្បីចាត់ការតាមនីតិវិធីហើយ៕

ចែករំលែកព័តមាននេះ