ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​វៀតណាម ដើម្បី​ពង្រឹង និង​ពង្រីក នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១១-១២…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃ​ទី​១១-១២ ខែធ្នូ ឆ្នាំ​២០២៣ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ជា​ច្រើន ។

ថ្លែងប្រាប់​អ្នក​សារ​ព៌​ត​មាន នៅ​ព្រ​លាន​យន្ត​ជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ លោក មាស សុ​ភ័​ណ្ឌ អ្នកនាំពាក្យ​នាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថា ដំណើរ​ទស្សនកិច្ច​នេះ តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម ផា​ម មិ​ញ ជិ​ញ (PHAM Minh Chinh) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

អញ្ជើញ​អមដំណើរ សម្ដេច​ធិ​បតី ក្នុង​ទស្សនកិច្ច​ផ្លូវការ រួម​មាន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់​ៗ នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន នៃ​សភាពាណិជ្ជកម្ម​កម្ពុជា ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យ​ដឹង​ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត និង​ឯកឧត្តម​នាយក​រដ្ឋមន្ដ្រី ផា​ម មិ​ញ ជិ​ញ នឹង​ជួប​ប្រជុំ​ទ្វេភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត នូវ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ជា​ច្រើន រួម​មាន អប់រំ ពាណិជ្ជកម្ម វិនិយោគ កា​រត​ភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារ​ជាតិ និង​កិច្ចការ​ព្រំដែន ជាដើម​។ បញ្ហា​អនុ​តំបន់ តំបន់ និង​អន្តរជាតិ ដែល​ជា​ចំណាប់អារម្មណ៍ និង​ក្តី​បារម្ភ​រួម ក៏​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​ផង​ដែរ​។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ នឹង​ធ្វើ​ជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយ​ចំនួន និង​ធ្វើ​ជា​សហ​អធិបតី ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម ស្តី​ពី ការ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ ។

សម្ដេច​ធិ​បតី នឹង​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ដាច់​ដោយឡែក​ជាមួយ ឯកឧត្តម ង្វៀ​ន ហ្វ៊ូ​ចុង (NGUYEN Phu Trong) អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម ឯកឧត្តម វ៉ វ៉ា​ន់​ធឿ​ង (VO Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង​ឯកឧត្តម វឿ​ង ឌិ​ញ​ហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម ។

សម្ដេច​ធិ​បតី នឹង​អនុញ្ញាត​ជូន​លោក​ជំទាវ ង្វៀ​ន ធី​ថា​ញ់ (NGUYEN Thi Thanh) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត ហូ​ជី​មិ​ញ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ផង​ដែរ ។
សម្ដេច​ធិ​បតី នឹង​ថ្លែង​សុន្ទរកថា គន្លឹះ ស្តី​ពី​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​ទីក្រុង​ហាណូយ ។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​សម្ដេច​ធិ​បតី ទៅ​កាន់​ប្រទេស​វៀតណាម​នា​ពេល​នេះ នឹង​បង្ហាញ​ពី​ការ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង ឈរ​លើ​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​រវាង​កម្ពុជា និង​វៀតណាម ដើម្បី​ផលប្រយោជន៍ ទៅ​វិញ​ទៅ​មក សម្រាប់​ប្រជាជន នៃ​ប្រជាជាតិ​ទាំង​ពីរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ