ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​ទីស្នាក់​ការ​​ភូមិ​ចំណុច​​ក្បាលកោះ​បើក​​ល្បែង​ស៊ីសង

14 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​ប្រជា​ពលរដ្ឋ​​រាប់​រយ​​គ្រួសារ​​រស់នៅ​​ចំណុច​ទីស្នាក់​ការ​ភូមិ​ក្បាល​​កោះ ស្ថិត​ក្នុង​សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុងប៉ោយ​ប៉ែត ​​បាន​​បង្ហាញ​នូវការ​​មិនសប្បាយ​ចិត្ត​​យ៉ាង​ខ្លាំង​ ដោយ​សារតែ​លោក​ប្រធានទី​ស្នាក់​ការ​ភូមិ​ចំណុច​ក្បាល​កោះ​​នោះ​​បើក​ល្បែង​ស៊ី​សង​​គគ្រឹកគគ្រេង​​​ធ្វើ​ឱ្យ​​រំខាន​ដល់ការ​រស់នៅ​​របស់ពួកគាត់

ក្រុងប៉ោយប៉ែត ៖ ​ប្រជា​ពលរដ្ឋ​​រាប់​រយ​​គ្រួសារ​​រស់នៅ​​ចំណុច​ទីស្នាក់​ការ​ភូមិ​ក្បាល​​កោះ ស្ថិត​ក្នុង​សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុងប៉ោយ​ប៉ែត ​​បាន​​បង្ហាញ​នូវការ​​មិនសប្បាយ​ចិត្ត​​យ៉ាង​ខ្លាំង​ ដោយ​សារតែ​លោក​ប្រធានទី​ស្នាក់​ការ​ភូមិ​ចំណុច​ក្បាល​កោះ​​នោះ​​បើក​ល្បែង​ស៊ី​សង​​គគ្រឹកគគ្រេង​​​ធ្វើ​ឱ្យ​​រំខាន​ដល់ការ​រស់នៅ​​របស់ពួកគាត់ ។ ​

ប្រជាពលរដ្ឋ​​និយាយ​ថា ​ការ​បើក​លេ​ង​ល្បែង​​​ស៊ី​សង​នៅ​ជាប់ទីស្នាក់​ការ​ភូមិ​ចំណុច​ក្បាល​កោះ​នោះ គឺ​គេ​បើក​លេង​​​ទាំង​​ថ្ងៃ​ទាំង​យប់​ដោយ​​​ពុំ​ដែល​ឃើញ​​មាន​សមត្ថកិច្ច​​ណា​​បង្ក្រាប​ឡើយ ហើយ​​ការ​លេង​ល្បែង​​​​នោះ​ គឺ​គេ​លេង​​បៀ​ចម្រុះ​​គ្រប់​ប្រភេទ តែ​ពេល​ខ្លះគេបើក​លេង​​អាប៉ោង​​និង​យូគី​​ផង​ដែរ ។ ចំពោះ​ការ​បើកលេង​ល្បែង​​នៅចំណុច​នោះ​ ​គឺ​​ឈ្មោះ​សែម វីរៈ ​ជា​ប្រធាន​​​នៅ​ចំណុច​​ភូមិ​ក្បាល​កោះ​នោះ ជា​អ្នក​បើក​ដោយ​ឱ្យ​ប្រពន្ធ​របស់គាត់​ជាអ្នក​ចាំ​យក​លុយតុង​ ។ ជា​មួយ​នេះ ​គេ​សង្កេតឃើញ​មានការ​ឈ្លោះ​ប្រកែក​គ្នា​ និង​រហូត​​ឈាន​​ដល់​ប្រើអំពើ​ហិង្សា​ក្នុង​ក្រុមគ្រួសារ​​របស់​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​នោះទៀតផង​ ។

ជាក់ស្តែង ​​កាលពីថ្ងៃទី២២ ឧសភា ​​មានស្ត្រី​ម្នាក់​បាន​យក​ផ្លែ​ទុរេនវាយក្បាល​​ប្តី​ឈ្មោះ​ចាន់ អាយុ​ប្រមាណ​ជាង​២០ឆ្នាំ ​បណ្តាល​ឱ្យ​បែកហូរ​ ឈាម​ស្រោច​ពេញខ្លួន ​ដោយសារ​តែ​ខឹង​​ប្តី​របស់​ខ្លួន​លេង​ល្បែង​​​នៅ​ចំណុច​នោះ​ហើយ​ចាញ់​អស់​លុយ​​​​ ស្រាប់​តែ​យកម៉ូតូ​ទៅ​បញ្ចាំ​យក​លុយ​មក​លេង​បន្ត​ ។

ចំណែក​លោកសែម វីរៈ ​​ប្រធានទីស្នាក់​ការ​ភូមិ​ចំណុច​ក្បាល​កោះ​បានឱ្យ​ដឹង​​តាមទូរស័ព្ទ​​​​ថា ចំពោះ​​ការ​បើក​លេង​ល្បែង​នោះ​មាន​ពិត​ប្រាកដ ​មែន តែ​មិន​មែន​ជា​លក្ខណៈ​​ធំដុំ​ទេ គឺ​គ្រាន់​​តែ​បបួលគ្នា​​លេង​ កុំ​ឱ្យអផ្សុក​ប៉ុណ្ណោះ ។ ទោះ​ជា​បែបណាក្តី​ ក៏​ប្រជាពលរដ្ឋ​​បានសំណូម​ពរ​​​ដល់​ស្ថាប័ន​ជំនាញ​ និងអាជ្ញាធរ​មានសមត្ថកិច្ច​​គួរ​តែ​ចាត់​វិធាន​ការចំពោះ​ការបើក​ល្បែងស៊ីសង​នេះ​ផង ។ ​

លោក​សាន ស៊ាន​ហូ ចៅសង្កាត់​​ប៉ោយប៉ែត ​​បាន​ឱ្យ​ដឹង​ថា បើ​មាន​រឿង​បែបនេះពិត​មែន​នោះ លោក​មិនអនុញ្ញាត​ឱ្យ​ប្រធាននៅចំណុច​នោះធ្វើ​អ្វី​ស្រេចតែ​អំពើចិត្ត​នោះ​ឡើយ ។ លោក​ចៅ​សង្កាត់​​បានលើក​ហេតុ​ផល​ថា បើ​ចង់​ឱ្យ​ភូមិ-ឃុំ​មានសុវត្ថិភាព​ត្រូវ​តែ​បិទ​ល្បែង​ស៊ីសង​ទាំង​​ឡាយ​​​​ កុំឱ្យ​កើត​មាន ​ចុះ​ហេតុអ្វី​បានជាលោក​ប្រធាន​​ចំណុចនោះបើក​ល្បែង​ខ្លួន​ឯង​ទៅ​វិញ ៕