សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១២ ខែធ្នូ ខណៈពេលដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី១២ ទៅថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៣។
ក្រសួងការបរទេស បានប្រាប់អោយដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ សប្តាហ៍ក្រោយ ដែលទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី វៀតណាម។
អញ្ជើញអមដំណើរ សម្តេចធិបតី រួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន ៖ អប់រំ ពាណិជ្ជកម្ម វិនិយោគ ការត.ភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែនជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង មួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាម ស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
សម្តេចធិបតី នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ង្វៀន ហ្គីចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិម បក្សកុម្មុយនីស្តវៀតណាម លោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋ វៀតណាម និងលោក រឿង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាមផងដែរ។
សម្តេចធិបតី ក៏នឹងអនុញ្ញាតជូនលោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគម មិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពី គោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិ នៅទីក្រុងហាណូយ។
ចំណែក លោក ប្រធានាធិបតីចិន ស៊ី ជីនពីង ក៏នឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមផងដែរ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ។
ប្រធានាធិបតីចិន លោក Xi Jinping នឹងទៅបំពេញទស្សនកិច្ចប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនៅសប្តាហ៍ក្រោយ ដើម្បីជំរុញចំណងទាក់ទងឱ្យកាន់តែស៊ីជម្រៅឡើងរវាងប្រទេសជិតខាងសង្គមនិយមទាំង២នេះ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi នឹងកើតមានឡើងនៅថ្ងៃអង្គារ៍ និងថ្ងៃពុធ សប្តាហ៍ក្រោយ។ នេះបើតាមលោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។
លោកស្រីបានបន្ថែមទៀតថា ប្រធានាធិបតីចិន ត្រូវបានអញ្ជើញដោយមេដឹកនាំកំពូលរបស់វៀតណាម គឺលោក Nguyen Phu Trong និងលោក Vo Van Thuong។
ដំណើរទស្សនកិច្ចរបស់លោក Xi កើតមានឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីដើមខែនេះ ដែលលោកបានសរសើរប្រទេសទាំង២ថា «មានឧត្តមគតិដូចគ្នា និងអនាគតរួមគ្នា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
លោក Wang Wenbin បាននិយាយថា មេដឹកនាំទាំង២នឹងផ្តោតលើ «នយោបាយ សន្តិសុខ កិច្ចសហប្រតិបត្តិការជាក់ស្តែង ការបង្កើតមតិសាធារណៈ បញ្ហាពហុភាគី និងបញ្ហាផ្លូវនាវាចរណ៍»៕
អត្ថបទដោយ ៖ សា រ៉ាន់
ចែករំលែកព័តមាននេះ