អ្នកលក់មាសនៅក្នុងស្រុក បានអះអាងថា តម្លៃមាសនៅលើទីផ្សារបានហក់ឡើងខ្លាំងថ្មីៗនេះ ប៉ុន្តែឥឡូវរាងធ្លាក់ថ្លៃបន្តិច ហើយបានអះអាងដូចៗគ្នាថា នៅពេលដែលតម្លៃមាសឡើង ពួកគេជួបបញ្ហាខ្សត់អតិថិជន ។

អាជីវករដូរលុយ និងលក់មាសនៅផ្សារកណ្តាល រាជធានីភ្នំពេញ អ្នកស្រី កែវ ដា បានប្រាប់អោយកម្មវិធីលុយដឹងថា «សម្រាប់ការលក់មាសនៅទីនេះ មានការប្រែប្រួលទៅតាមតម្លៃទីផ្សារមាសអន្តរជាតិ ហើយនៅពេលនេះ តម្លៃមាសបានធ្លាក់ថ្លៃបន្តិចវិញ បន្ទាប់ពីហក់ឡើងខ្ពស់កាលពីប៉ុន្មានថ្ងៃមុន»។

នៅពេលដែលមានឡើងថ្លៃ លោកស្រីបានកត់សម្គាល់ឃើញថា «ទាំងអតិថិជនដែលចូលមកសាកសួរតម្លៃមាស ហើយអតិថិជនដែលមកទិញលក់មាស មិនមានច្រើនដូចកាលពីពេលមុនៗនោះឡើយ»។
អ្នកស្រី កែវ ដា បានបញ្ជាក់ថា « តម្លៃមាសឥឡូវ ២៤៥ដុល្លារក្នុងមួយជី វាទើបតែធ្លាក់ចុះបន្តិចវិញនោះទេ បន្ទាប់ពីហក់ឡើងដល់២៥០ដុល្លារ »។

អាជីវករដែលមានអាយុប្រមាណ៣០ឆ្នាំរូបនេះ បន្តថា «ទីផ្សារមាសយើងមិនអាចមើលឃើញទេ ចំពោះហាងឆេងមាស ព្រោះវាជាលក្ខណៈអន្តរជាតិ ហើយគេមើលវា (ទីផ្សារ) លើវេបសាយអនឡាញ។ លក់មាស និងទិញមាស យើងត្រូវមើលគ្រប់ម៉ោង ព្រោះមាស វាប្រែប្រួលរហូត»។
អ្នកស្រី កែវ ដា បញ្ជាក់ថា ពលរដ្ឋបច្ចុប្បន្ន ភាគច្រើនលែងសូវចាប់អារម្មណ៍លើការទិញមាស លក់មាស ដូចកាលពីអតីតកាល ហើយភាគច្រើនអ្នកមកទិញគ្រឿងអលង្ការទាំងនោះ គ្រាន់តែពាក់ និងទុកប្រើប្រាស់បង្វិលថវិកានៅពេលខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះ ដោយសារតែវិបិត្តនៃការធ្លាក់ចុះសេដ្ឋកិច្ចក្នុងពេលបច្ចុប្បន្ន»។

អ្នកស្រី កែវ ដា បន្តថា «នៅពេលនេះ កម្រឃើញអ្នកទិញមាស លក់មាសដូចពីមុនណាស់ ទីផ្សារស្ងាត់ឈឹង អង្គុយមួយថ្ងៃទាល់ល្ងាច ដាច់មួយ បើមានក៏តិចតួចគ្រាន់ចិញ្ចឹមឆ្នាំងប៉ុណ្ណោះ មិនទិញច្រើនដូចមុនៗទេ»។
ដោយឡែកអ្នកលក់មាសម្នាក់ទៀត ដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា «សេដ្ឋកិច្ចពិបាក មនុស្សរកលុយមិនសូវបាន។ ដូច្នេះ គេក៏មិនមានលុយដើម្បីទិញមាសដែរ។ ដូច្នេះវាធ្វើអោយលក់មាសមិនដាច់តាមហ្នឹងដែរ»។

លោកស្រីបានបន្តថា «ពេលមាសថោក សេដ្ឋកិច្ចគ្រាន់បើ ពលរដ្ឋចេះតែមានលុយទិញទុកហូរ ហែ ពាក់ខ្លះ សន្សំខ្លះ»។
តម្លៃហាងឆេងមាសនៅកម្ពុជា នៅពេលនេះគឺនៅក្នុងរង្វង់ប្រមាណ២.៤៥០ដុល្លារ ក្នុងមួយតម្លឹង ខណៈដែលនៅទីផ្សារអន្តរជាតិ មានតម្លៃប្រមាណជា ២.៦០០ដុល្លារ ធ្លាក់ចុះប្រមាណជា ២៣ ភាគរយ ធៀបនឹងថ្ងៃម្សិលមិញ។
អត្ថបទដោយ ៖ ស. ផានីត
ចែករំលែកព័តមាននេះ