ផ្លូវបេតុង១ខ្សែ ក្លាយជាទីផ្សារលក់ដូរ បង្កការលំបាកដល់អ្នកធ្វើដំណើរ (វីដេអូ)
- កណ្តាល
ខេត្តកណ្តាល ៖ ផ្លូវបេតុង១ខ្សែ តាមខ្នងទំនប់ខាងជើងព្រែកថ្មី ជាប់ផ្សារគគីរធំ ហៅផ្សារព្រែកថ្មី ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាគម្រោងថវិកាមូលនិធិរបស់ឃុំ មានប្រវែងប្រហែល១០០ម៉ែត្រ បានក្លាយទៅកន្លែងដាក់ទំនិញចាប់ហួយ, ខោអាវ,បន្លែ ត្រី និងសាច់យ៉ាងណែនតាន់តាប់អនាធិបតេយ្យ បង្កការលំបាកដល់អ្នកធ្វើដំណើររាប់ឆ្នាំមកហើយ តែអាជ្ញាធរដោះស្រាយគ្មានប្រសិទ្ធភាព។

យោងតាមប្រភពមួយបាននិយាយប្រាប់ឱ្យដឹងថា ផ្លូវបេតុង១ខ្សែនេះ គឺជាគម្រោងថវិកាមូលនិធិរបស់ឃុំគគីរធំ ត.ភ្ជាប់ពីព្រំប្រទល់ឃុំសំរោងធំ ឆ្លងកាត់តាមភូមិខ្នងព្រែកខាងជើង ចេញមកថ្នល់ជាតិលេខ១ ដែលមានទទឹងប្រវែង៥ម៉ែត្រ។ ប៉ុន្តែផ្លូវ១ខ្សែនេះ ត្រូវបានបងប្អូនមួយចំនួនតូចដែលរស់នៅលើដីចំណីព្រែក និងដីចំណីផ្លូវសាធារណៈ នាំគ្នាត.យ៉ាក ដាក់គ្រែ ឬតុ ឆ័ត្រ៊ ហើយរៀបចំដាក់ទំនិញចាប់ហួយ, នំចំណីម្ហូបអាហារ, ខោអាវ, បន្លែ, ត្រី និងសាច់គ្រប់មុខ លក់ដូរយ៉ាងអនាធិបតេយ្យណែនតាន់តាប់ពាសពេញផ្លូវសាធារណៈរាប់ឆ្នាំមកហើយ តាំងពីនៅផ្លូវលំដីមិនទាន់ចាក់បេតុងមកម្ល៉េះ បង្កឱ្យមានការលំបាកដល់អ្នកធ្វើដំណើរនាំគ្នារអ៊ូរទាំគ្រប់ៗគ្នាតែម្ដង។

ប្រភពដដែលបន្តទៀតថា ទោះបីជា គេបង្កើតផ្សារថ្មី មានសោភ័ណ្ឌភាព អានាម័យល្អ ហើយធំទូលាយ ដំបូលត្រជាក់រហឹម និងតម្លៃថោកសមរម្យក៏ដោយ ក៏ពួកគាត់មិនព្រមទៅលក់ដែរ គឺសុខចិត្តត្រាំត្រែងតស៊ូអង្អុយលក់ធ្វើឱ្យប៉ះពាល់ដល់លើផ្លូវសាធារណៈ ព្រមទាំងបង្កការលំបាកដល់អ្នកដំណើរ និងផ្លូវកៅស៊ូថ្នល់ជាតិលេខ១ ដែលអាចប្រឈមនឹងហានិភ័យខ្ពស់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដោយថាហេតុទៀតផង។

ប្រភពបញ្ជាក់បន្ថែមថា ក្រុមអាជីវករលក់ដូរនៅលើផ្លូវសាធារណៈនេះ គឺចាប់ពីម៉ោង៣ ឬម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង១១ព្រឹក និងពេលល្ងាច ចាប់ពីម៉ោង៣រសៀល ឬម៉ោង៤ រហូតដល់ម៉ោង៥ ឬម៉ោង៦ល្ងាច គឺពួកគាត់បានបង់លុយអោយម្ចាស់ដីតាមមុខផ្ទះប្រចាំថ្ងៃ ដោយក្នុងម្នាក់ៗ១ម៉ឺនរៀល ហើយអ្នកខ្លះបង់ជាប្រចាំខែ ក្នុង១ខែចាប់ពី១០ម៉ឺនរៀលរហូតដល់២០ម៉ឺនរៀលក៏មានដែរ។

ប្រភពដដែលបន្ថែមទៀតថា ក្រៅពីនោះ ចំណាយបង់ថ្លៃភាស៊ីមួយថ្ងៃ៥០០រៀលទៅ១០០០រៀលថែមទៀតផង។ ទន្ទឹមនឹងនោះ អ្នកយកភាស៊ីដឹងតែយកលុយទេ រីឯសំរាមវិញ យកទៅបោះចោលក្នុងទឹកព្រែកថ្មី រហូតឡើងរលួ.យ ក្លាយជាទឹកខ្មៅកខ្វក់ និងជះក្លិនស្អុយអសោច នាំឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយគ្មានអាជ្ញាធរ ឬមន្ត្រីជំនាញស្ថាប័នណាមួយអើពើឡើយ។

ជុំវិញបញ្ហាខាងលើនេះដែរ មន្ត្រីភូមិ-ឃុំ ក៏ធ្លាប់បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងថា អាជ្ញាធរសមត្ថកិច្ចធ្លាប់ចុះធ្វើការណែនាំច្រើនលើកច្រើនសារមកហើយ តែបងប្អូនអាជីវករគាត់នៅតែមិនស្តាប់។ ហើយចំពោះការលក់ដូរលើផ្លូវសាធារណៈនេះ ពួកគាត់ថា គ្មានលទ្ធិភាពទៅទិញកន្លែងលក់នៅផ្សារថ្មីនោះទេ៕









ចែករំលែកព័តមាននេះ