ខេត្តកំពត ៖ សន្តិសុខយាមស្ថានីយប្រេង សូគីម៉ិចខាងលិចរង្វង់មូលទុរេនកំពតម្នាក់បានសន្លប់នៅក្នុងបន្ទប់ធ្វើការវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី២១ ឧសភា ត្រូវបានមិត្តភក្តិ និងអ្នកគ្រប់គ្រងដឹកតាមម៉ូតូឌុបយកទៅសង្គ្រោះនៅមន្ទីរពេទ្យបបង្អែកខេត្តកំពតភ្លាមៗ។
យោងតាមប្រភពព័ត៌មានពីមិត្តភក្តិនៅកន្លែងធ្វើការបានឱ្យដឹងថា កាលពីពេលយប់រូបគេបាននាំមិត្តភក្តិ៣នាក់ស្លៀកពាក់ស៊ីវិលចូលទៅផឹកស៊ីនៅក្នុងក្លឹបកម្សាន្តបាដ្រាហ្គន ស្ថិតនៅខាងលិចក្បាលស្ពានព្រែកកំពតចម្ងាយជាង១០០ម៉ែត្រពីក្បាលស្ពាន ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ពេលកំពុងផឹកស៊ីនោះមានក្រុមក្មេងទំនើងមកដាល់មួយដៃចំគុម្ពថ្គាមខាងស្តាំ បណ្តាលឱ្យបាក់ធ្មេញថ្គាមខាងលើអស់មួយ រួចអ្នកដាល់នោះគេចខ្លួនបាត់ ។ក្រោយកើតហេតុរូបគេបានទៅដេកនៅផ្ទះដោយពុំបានប្រាប់ឱ្យអ្នកនៅក្នុងផ្ទះដឹងរឿងនោះទេ ។ លុះព្រឹកឡើងរូបគេក៏ចេញមកធ្វើការដូចធម្មតានៅស្ថានីយប្រេងសូគីម៉ិច ។
ប្រធានគ្រប់គ្រងសន្តិសុខបានឱ្យដឹងថា នៅវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី២១ ឧសភា មានគេទូរស័ព្ទទៅប្រាប់ក្រុមហ៊ុនសន្តិសុខថា មានសន្តិសុខ ម្នាក់បានដេកសន្លប់នៅក្នុងបន្ទប់ការិយាល័យស្ថានីយប្រេងសូគីម៉ិច លោកក៏មកកន្លែងកើតហេតុឃើញសន្តិសុខរូបនេះដេកសន្លប់នៅក្នុងបន្ទប់មែន ដោយមានឈាមប្រឡាក់មាត់ និងដៃផង ពេលនោះលោកក៏បានហៅអ្នកធ្វើការជាមួយលើកដាក់ម៉ូតូដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ ដោយពុំបានសួរនាំពីមូលហេតុនៃការសន្លប់នេះទេ ។
ប្រធានសន្តិសុខរូបនោះបានបន្តទៀតថា សន្តិសុខដែលរងគ្រោះនេះឈ្មោះគឹម ហេង អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំពង់បាយ ខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ទើបចូលធ្វើសន្តិសុខក្នុងក្រុមហ៊ុនឥន្ទ្រីទេពខូ អិល ធី ឌី នេះពុំទាន់បានមួយខែផង ។ ពេលក្រុមគ្រូពេទ្យជួយសង្គ្រោះដាក់អុកស៊ីហ្សែនសន្តិសុខរូបនោះដឹង ខ្លួនវិញ រួចប្រាប់គ្រូពេទ្យថា កាលពីយប់មិញ ខ្លួននិងមិត្តភក្តិទាំងអស់គ្នា៣នាក់បានទៅលេងនៅក្លឹបកម្សាន្តបាដ្រាហ្គន ត្រូវក្មេងទំនើងម្នាក់មកដាល់រូបគេត្រូវថ្គាមមួយដៃដោយមិនមានមូលហេតុ បណ្តាលឱ្យបាក់ធ្មេញថ្គាម រួចរត់គេចខ្លួនបាត់ រូបគេក៏ទ្រាំឈឺតាំងពីយប់ សូម្បីអ្នកផ្ទះក៏មិនឱ្យដឹងផង ។ រីឯប្រធានអង្គភាពក៏រូបគេមិនឱ្យដឹងដែរ ដោយខ្លាចប្រធានអង្គភាពស្តីបន្ទោស ហើយចេះតែទ្រាំមកធ្វើការទាំងឈឺរហូតទ្រាំពុំបានចូលដេកក្នុងបន្ទប់ក៏សន្លប់តែម្តងទៅ ៕
ចែករំលែកព័តមាននេះ