រាជធានីភ្នំពេញ ៖ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ និងវិទ្យាស្ថានបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួនជិត ២ ពាន់នាក់ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ ។

បើតាមសេចក្តីប្រកាសរបស់វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិនខេត្តព្រះសីហនុ នៅថ្ងៃទី ៩ ខែធ្នូ នេះឱ្យដឹងថា វិទ្យាស្ថានត្រូវការយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៥០០ នាក់ ចូលរៀនជំនាញវិជ្ជាជីវៈលើមុខជំនាញ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិច ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប) ការថែទាំនិងជួសជុលរថយន្ត សេវាកម្មកុំព្យូរទ័ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ។

ដោយឡែកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុវិញ ក៏ប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈលើជំនាញដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការផ្សារអគ្គិសនី ការងារកំបោរ ការថែទាំ និងជួសជុលរថយន្ត សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងសេវាកម្មអតិថិជនផងដែរ ។

ដោយសារតែការបណ្តុះបណ្តុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀលក្នុងមួយខែរហូតបញ្ចប់វគ្គបណ្តុះបណ្តាល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ