ខេត្តសៀមរាប ៖ បងប្អូនប្រជាកសិករនៅគ្រប់មូលដ្ឋាននៃខេត្តសៀមរាប មានភាពសប្បាយរីករាយក្នុងការប្រមូលភោគផលស្រូវវស្សាឆ្នាំ២០២៣នេះ ដែលធ្វើឱ្យតម្លៃផលស្រូវនៅទីផ្សារ ដែលក្រុមឈ្នួញបានទិញមានតម្លៃល្អ ធ្វើឱ្យពួកគាត់ទទួលយកបាន ។
តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី៨ ខែធ្នូ ថា ក្នុងរដូវវស្សាឆ្នាំ២០២៣ នេះ បរិមាណទឹកភ្លៀងបានធ្លាក់នៅសព្វទីកន្លែងក្នុងភូមិ សាស្ត្រខេត្ត ទោះបីមានតំបន់មួយចំនួនបានទទួលរងគ្រោះជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ខូចខាតផលដំណាំស្រូវក៏ពិតមែន តែការអនុវត្តន៍លើការធ្វើស្រែវស្សា ទាំងស្រូវស្រាល ស្រូវធ្ងន់បាន១៤៨ពាន់៩៥០ហ.ត ស្មើរនឹង៧៦,៩៣% នៃផ្ទៃដីអនុវត្តបាន១៩៣ពាន់៦១០ហ.ត ។
ចំពោះការងារបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣.២០២៤ អនុវត្តបាន៧ពាន់២០០ហ.ត ស្មើរនឹង ២៨,៧៨% នៃផែនការ២៥ពាន់២០ហ.ត ។ ចំពោះដំណាំសាកវប្បកម្ម និងឧស្សាហកម្មរដូវប្រាំងឆ្នាំ២០២៣ អនុវត្តបាន៣ពាន់៧៤៥ហ.ត ស្មើរនឹង២០,៨៣% នៃផែនការ១៧ពាន់៩៧៨ហ.ត ។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លើការប្រមូលភោគផលស្រូវវស្សា មកដល់ពេលនេះ ប្រមូលផលបាន៧៦% ហើយតម្លៃស្រូវលក់បាន ១គ.ក្រ តម្លៃពី១ពាន់២០០រៀលទៅ១ពាន់ ៣៥០រៀល តែបើស្រូវស្ងួតមានតម្លៃ ១ ពាន់៦០០រៀលក្នុងមួយគីឡូក្រាម ។
ពេលនេះ បងប្អូនប្រជាកសិករក៏បានសម្រុកក្នុងធ្វើស្រែបណ្តេញទឹក និងស្រែប្រាំង ដោយឆ្នាំនេះនៅតំបន់មួយចំនួន បងប្អូនប្រជាកសិករយើង បានធ្វើការច្រូតកាត់ស្រូវនៅក្នុងទឹកទៀតផង ។ ម្យ៉ាងទៀតមកដល់ខែ ធ្នូនេះហើយ ទឹកនៅពេញវាលស្រែនៅឡើយ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករធ្វើស្រែប្រាំងមិនមានការភ័យព្រួយឡើយ ៕
ចែករំលែកព័តមាននេះ