ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ បញ្ជាក់ពីសុក្រឹតភាព និងភាពទទួលយកបាននៃលទ្ធផលប្រឡងបាក់ឌុប

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ពី​សុក្រឹតភាព និងភាពទទួលយកបាន​នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប កាលពីថ្ងៃទី៦-៧ វិច្ឆិកា ២០២៣។…

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ពី​សុក្រឹតភាព និងភាពទទួលយកបាន​នៃលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប កាលពីថ្ងៃទី៦-៧ វិច្ឆិកា ២០២៣។

សេចក្តីប្រកាសនេះ ឆ្លើយតប​ចំពោះសំណូមពរ និងការតវ៉ារបស់បេក្ខជន ដែលបានដាក់ពាក្យតវ៉ាចំពោះ​លទ្ធផលនៃការប្រឡងបាក់ឌុបកន្លងមកនេះ។

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួង បានពិនិត្យ​យ៉ាងយកចិត្តទុកដាក់​លើកិច្ចការរបស់បេក្ខជន ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជន មានការជឿទុកចិត្ត។

សេចក្តីប្រកាស បញ្ជាក់ថា ក្រោយបញ្ចប់ការពិនិត្យ ក្រសួងឃើញថា លទ្ធផលនៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង៖ ០៦វិច្ឆិកា ឆ្នាំ២០២៣ មិនមានការប្រែប្រួល​ទេ​។ ឈរលើមូលដ្ឋាននេះ ក្រសួងសូមប្រកាសបញ្ចប់​ការទទួលពាក្យតវ៉ារបស់បេក្ខជន​ និងបញ្ចប់​ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាស​ព័ត៌មាននេះតទៅ​។

ចំពោះសិស្សប្រឡងធ្លាក់ ក្រសួង​ បានប្រកាសផ្តល់​ឱកាសឱ្យ​ប្រឡងនៅឆ្នាំក្រោយទៀត និងលើកទឹកចិត្ត​ឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយ​គាំទ្រពីសំណាក់​លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យ នៅឆ្នាំខាងមុខ។

សូមរម្លឹកថា លទ្ធផលប្រឡងបាក់ឌុប ឆ្នាំ២០២៣ នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បង្ហាញថា ក្នុងចំណោមបេក្ខជនដាក់ពាក្យ​ប្រឡងជាង ១៣ម៉ឺននាក់ គឺមានបេក្ខជនប្រឡងជាប់ សរុបចំនួន ៩៨៤៦០នាក់ ស្មើនឹង ៧២.៨៩%។

លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ១.៦៧៣ នាក់, និទ្ទេស B ចំនួន ៦.៩៦៤ នាក់, និទ្ទេស C ចំនួន ១៨.៣០៨នាក់, និទ្ទេស D ចំនួន ៣៤.២៤៦ នាក់ និងនិទ្ទេស E ចំនួន ៣៧.២៦៩នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ