ខេត្តបាត់ដំបង ៖ ត្រាក់ទ័រមួយគ្រឿងបានចុះភ្ជួរដីចម្ការដែលធ្លាប់អាស្រ័យផលរាល់ឆ្នាំ បានកិនចំលើគ្រាប់មីនតោន ដែលជាកាកសំណល់សង្គ្រាម បណ្ដាលឲ្យផ្ទុះលាន់កក្រើក កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី០៨ ធ្នូ នៅក្នុងដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិកញ្ចាំង ឃុំសុង ស្រុកសំឡូត បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ខណៈត្រាក់ទ័រខូចខាតទាំងស្រុងផ្នែកខាងមុខ។

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អ្នកបើកបរត្រាក់ទ័រឈ្មោះ ភម ភេន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត របួសធ្ងន់នៅលើផ្ទៃមុខ រីឯត្រាក់ដាច់កង់មុខម្ខាង ខណៈម៉ាស៊ីនខីចខាតស្ទើរទាំងស្រុងតែម្ដង។

បើតាមប្រភពដដែលបានបញ្ជាក់ថា ដីចម្ការនោះ ត្រូវបានម្ចាស់ភ្ជួរដាំពោត ដាំដំឡូងស្ទើររាលឆ្នាំ តែឆ្នាំនេះ ពេលបើកត្រាក់ទ័រចុះភ្ជួរជាថ្មី ក៏ស្រាប់តែកិនចំគ្រាប់មីនតោនផ្ទុះលាន់កក្រើកដីទាំងព្រឹកតែម្ដង។ អាជ្ញាធរដែនដីបានប្រាប់ថា កន្លែងដែលត្រាក់ទ័រកិនមីនតោនផ្ទុះនោះ ជាទីតាំងសមរភូមិអំឡុងសម័យសង្គ្រាម ហើយម្ចាស់ចម្ការតែងប្រើប្រាសត្រាក់ទ័រភ្ជួរដាំដំណាំ រាល់ឆ្នាំ តែពុំដែលមានគ្រោះថ្នាក់ថ្នាក់ លុះចុះភ្ជួរលើកនេះជួបគ្រោះថ្នាក់តែម្ដង។

មន្ត្រីដដែលបានបញ្ជាក់ថា បើតាមការពិនិត្យគ្រាប់មីនប្រឆាំងរថក្រោះ (មីនតោន) នេះគឺជាកាកសំណល់នៃសង្គ្រាម ត្រូវគេកប់ដីក្នុងចន្លោះទសវត្សឆ្នាំ១៩៨០ និងទសវត្សឆ្នាំ១៩៩០។ ការផ្ទុះនេះទំនងត្រាក់ទ័របើកទៅស្លុះដី ដោយសារភ្លៀវធ្លាកខ្លាំង។ បើតាមមើលត្រាក់ទ័របើកកិនកង់ខាងមុខ ផ្នែកខាងស្ដាំ ព្រោះដាច់កង់មុខមួយចំហៀង តែសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសធ្ងន់ មិនគ្រោះថ្នាក់ដល់ជីវិត។

យ៉ាងណាក្ដី ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។ បើតាមអាជ្ញាធរបានបញ្ជាក់ថា ពេលនេះគេបានរាយការណ៏ប្រាប់មន្ត្រីអង្គភាពចំចាត់មីន ដើម្បីចុះរករកគ្រាប់មីននៅតំបន់នោះហើយ ក្រែងនៅមានសេសសល់គ្រាប់មីន ឬ គ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះដទៃទៀត៕
ចែករំលែកព័តមាននេះ