ខេត្តសៀមរាប ៖ ថ្លែងជាសាធារណៈ ចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាពលរដ្ឋពីតំបន់អភិរក្សអង្គរ គឺមិនមែនឲ្យយកដីនេះ ទៅលក់ឲ្យក្រុមហ៊ុនឯកជនណាមួយឡើយ តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា ។
នាឱកាសក្នុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រជាពលរដ្ឋមករស់នៅតំបន់រុនតាឯកនេះ នឹងមានភាពរីករាយ បន្ទាប់ពីតំបន់នេះ មានការអភិវឌ្ឍឥតឈប់ឈរជាបន្តបន្ទាប់ស្របតាមគោលនយោបាយ ដែលរាជរដ្ឋាភិបាលដាក់ចេញ ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «លោកតា-លោកយាយ បងប្អូនមាមីងជឿជាក់ហើយ សម្ដេចតេជោ ហ៊ុន សែន មិនឲ្យលោកតា លោកយាយចាក ចេញពីកន្លែងនេះ (តំបន់អង្គរ) ទៅលក់ឱ្យឯកជនទេ មិនមែនយកដីកន្លែងនោះ (តំបន់អង្គរ) ដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា» ។
សម្ដេចធិបតី បានបន្ដថា ប្រសិនបើប្រជាពលរដ្ឋ គិតថា សម្ដេចតេជោ មានគំនិតទុច្ចរិក ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ទៅឲ្យ ក្រុមហ៊ុនវិនិយោគនោះ ប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។
សម្ដេចធិបតី បានអះអាងថា ផ្ទុយទៅវិញដាច់ខាត សម្ដេចតេជោ ក៏មិនធ្វើបែបនេះដែរ ដោយពេញមួយជីវិតរបស់សម្ដេចតេជោ គឺតស៊ូដើម្បីប្រជាជន តស៊ូដើម្បីការពារជាតិ និងការពារសម្បត្តិវប្បធម៌ជាតិផងដែរ ។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី ក៏បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍតំបន់រុនតាឯក ឲ្យកាន់តែល្អ ប្រសើរជូនដល់ប្រជាពលរដ្ឋ តាមការគូសវាសរបស់សម្តេចតេជោ ដើម្បីឲ្យតំបន់នេះនឹងក្លាយទៅជាក្រុងនាពេលអនាគត ។
ចំណែកឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង មានជំនឿយ៉ាងមុតមាំថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តំបន់អភិវឌ្ឍន៍ថ្មីនេះ នឹងក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និងជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុត្រីជនបទគំរូ ប្រកបដោយភាពសុខដុមរមនា ចីរភាព អនាគតដ៏ ត្រចះត្រចង់ ដែលប្រជាពលរដ្ឋទទួលបានសិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើនជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន ៕







ចែករំលែកព័តមាននេះ