រាជធានីភ្នំពេញ ៖ កម្ពុជាបានស្នើអោយជប៉ុនជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍កំពង់ផែស្វ័យតក្រុងព្រះសហីនុ អោយ ក្លាយទៅជាកំពង់ផែដ៏មានឥទ្ធិពលមួយនៅក្នុងតំបន់ និងពិភពលោក។
សំណើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។

គួរកត់សម្គាល់ថា កំពង់ផែស្វ័យតក្រុងព្រះសីហនុ គឺជានិមិត្តរូបដ៏សំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យជប៉ុនពិនិត្យលទ្ធភាពបង្កើត សួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាច្រកចេញ-ចូលសំខាន់មួយនៅក្នុងតំបន់។

សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ និងបានលើកទឹកចិត្តឱ្យប្រទេសជប៉ុនជំរុញវិនិយោគធុនតូច និងមធ្យម ឱ្យបានកាន់តែច្រើនមកកម្ពុជា។

លោក UENO Atsushi បានជម្រាបជូន សម្តេចធិបតី ផងដែរថា ប្រទេសជប៉ុនប្រកាន់ជំហរបន្តពង្រឹង និងពង្រីកការគាំទ្របន្ថែមទៀតដល់កម្ពុជា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យមួយចំនួន រួមមានជាអាទិ៍ ៖ វិស័យវិនិយោគ, ការត.ភ្ជាប់, បច្ចេកវិទ្យា, ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ, សន្តិសុខ និងការពារជាតិជាដើម ។ល៕
អត្ថបទដោយ ៖ សា រ៉ាន់



ចែករំលែកព័តមាននេះ