ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Santos ធ្លាក់​ទៅ​លី​គ​ទី​២​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ អ្នកគាំទ្រ​ផ្ទុះ​កំហឹង​អុកឡុក​ទីក្រុង

7 ខែ មុន

ប្រេ​ស៊ី​ល ៖ អ្នកគាំទ្រ​ក្លិប​បាល់ទាត់ Santos FC បាន​ផ្ទុះ​ការ​អុកឡុក​ដោយ​មាន​ទាំង​ការ​ដុត​បំផ្លាញ​

ប្រេ​ស៊ី​ល ៖ អ្នកគាំទ្រ​ក្លិប​បាល់ទាត់ Santos FC បាន​ផ្ទុះ​ការ​អុកឡុក​ដោយ​មាន​ទាំង​ការ​ដុត​បំផ្លាញ​រថយន្ត និង​ឡានក្រុង​នៅ​តាម​ដងផ្លូវ បន្ទាប់​ពី​ក្លិប​ដ៏​ល្បី​របស់​ប្រទេស​ប្រេ​ស៊ី​ល​មួយ​នេះ ធ្លាក់​ទៅ​លេង​នៅ​លី​គ​លំដាប់​ទី​២​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល​១១១​ឆ្នាំ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC និង Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៣​។

ក្រុម​ដ៏​ល្បីល្បាញ​បំផុត ដែល​មាន​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele ជា​វីរបុរស​មួយ​នេះ បាន​ចាញ់​នៅ​ក្នុង​ទឹកដី​ខ្លួនឯង​លទ្ធផល ២-១ ក្រោម​ថ្វី​ជើង​ក្រុម Fortaleza នៅ​ក្នុង​ការ​ប្រកួត​ជុំ​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​ប្រេ​ស៊ី​ល Serie A កាលពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ ហើយ​ជាមួយ​ការ​បរាជ័យ​នេះ Santos បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ ១៧ ដោយ​មាន​៤៣​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​លី​គ​កំពូល​ប្រេ​ស៊ី​ល​ដែល​មាន​២០​ក្រុម​ប្រកួតប្រជែង ៤​ក្រុម​ឈរ​នៅ​ចំណាត់ថ្នាក់​ចុង​ក្រោយ​ត្រូវ​កាត់​ចោល​ទៅ​លេង​នៅ​លី​គ​លំដាប់​ទី​២ Serie B ។

ចាត់ទុកជា​រឿង​ដ៏​អាម៉ាស់ និង​ស្ទើរតែ​មិន​ជឿ​ថា​កើតឡើង ខណៈ​ដែល Santos គឺជា​ក្រុម​មួយ​នៅ​ក្នុង​ចំណោម​ក្រុម​តែ​៣​ប៉ុណ្ណោះ ដែល​មិន​ធ្លាប់​ត្រូវ​បាន​កាត់​ចោល​ពី​លី​គ​កំពូល​ប្រេ​ស៊ី​ល​រួម​ជាមួយនឹង Sao Paulo និង Flamengo ។

អ្នកគាំទ្រ​ក្លិប​បាន​ប្រតិកម្ម​ដោយ​កំហឹង​នៅ​ឯ​កីឡដ្ឋាន Vila Belmiro ដោយ​វី​ដេ​អូ​បាន​បង្ហាញ​ពី​ហ្វូង​អ្នកគាំទ្រ​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​ប្រេ​ស៊ី​ល​៨​សម័យកាល​មួយ​នេះ នាំ​គ្នា​ដុត​បំផ្លាញ​រថយន្ត និង​ឡានក្រុង​នៅ​តាម​ដងផ្លូវ​ជុំវិញ​កីឡដ្ឋាន​។ របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេ​ស៊ី​ល​បាន​អះអាង​ថា រថយន្ត​របស់​ខ្សែប្រយុទ្ធ Stiven Mendoza របស់​ក្រុម Santos ក៏​រង​ការ​ដុត​បំផ្លាញ​ពី​អ្នកគាំទ្រ​ផង​ដែរ​។ បដា​ជា​ច្រើន​ក្នុង​កីឡដ្ឋាន​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ខឹងសម្បារ​របស់​អ្នកគាំទ្រ​មិន​អាច​គណនា​បាន លាយឡំ​ជាមួយនឹង​អ្នកគាំទ្រ​ជា​ច្រើន​នាក់ អង្គុយ​យំ​នៅ​កៅអី​កីឡដ្ឋាន​ជាមួយ​អារម្មណ៍​សោកស្តាយ​ជាទី​បំផុត ដែល​ក្រុម​ម្ចាស់​ជើងឯក​ពានរង្វាន់ Copa Libertadores ៣​សម័យកាល​មួយ​នេះ ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លី​គ​ទី​២​។

សូម​ជម្រាប​ថា Santos បាន​ក្លាយជា​ក្លិប​ដ៏​ល្បី​បំផុត​មួយ​នៅ​ក្នុង​ពិភព​បាល់ទាត់ ដោយសារ​តែ​វត្តមាន​របស់​ស្តេច​បាល់ទាត់​ប្រេ​ស៊ី​ល Pele ។ លោក Pele ដែល​បាន​ស្លាប់​កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​អាយុ​៨២​ឆ្នាំ បាន​រួមចំណែក​យ៉ាង​សំខាន់​ជួយ​ក្លិប​ឈ្នះ​ពានរង្វាន់​យ៉ាងច្រើន អំឡុង​អាជីព​លោក​ចាប់ពី​ឆ្នាំ ១៩៥៦ ដល់ ១៩៧៤​។ កំពូល​ខ្សែប្រយុទ្ធ Neymar ក៏​ស្ថិត​ក្នុង​ចំណោម​កំពូល​កីឡាករ​ប្រេ​ស៊ី​ល ដែល​បាន​ចាប់ផ្ដើម​អាជីព​នៅ​ក្លិប Santos ផង​ដែរ ខណៈ​ដែល​ខ្សែបម្រើ​ប្រយុទ្ធ Rodrygo របស់​ក្លិប Real Madrid ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​វ័យ​ដ៏​មាន​ទេព​កោសល្យ ដែល​ប្រសូត​ចេញពី​ក្លិប Santos ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ