ខេត្តស្ទឹងត្រែង ៖ មានគ្រោះថ្នាក់ចរាចរណ៍២ករណីបានកើតឡើងកាលពីយប់ថ្ងៃទី២២ ឧសភា នៅក្នុងក្រុងស្ទឹងត្រែង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនចូលមន្ទីរពេទ្យបង្អែកខេត្ត។
ករណីទី១បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ត្រង់ចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ។ យុវជនម្នាក់ឈ្មោះជាតិ ពិសី អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិសង្គមមានជ័យ ឃុំទួលស្នួល ស្រុកក្រូច ឆ្មារ ខេត្តកំពង់ចាម មកស៊ីឈ្នួលមើលចំការឱ្យគេនៅចំណុចខាងលើបានស្លាប់ ខណៈជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ ឆ្ពោះមកទីរួមខេត្តដើម្បីមើលគេសម្តែងសិល្បៈហើយត្រូវរថយន្តកៀរ ។ ក្នុងហេតុការណ៍នោះជនរងគ្រោះជិះម៉ូតូពីខាងក្រោយធ្លាក់បោកក្បាលទៅនឹងថ្នល់ស្លាប់នៅកន្លែងកើតហេតុ ឯរថយន្តបានបើកគេចខ្លួនបាត់ស្រមោល ចំណែកអ្នកបើកម៉ូតូក៏ជិះគេចខ្លួនដែរ បន្ទាប់ពីឃើញមិត្តភក្តិរបស់ខ្លួនស្លាប់ក្នុងឧប្បត្តិហេតុនេះ។ ពុំមានប្រភពណាអះអាងបញ្ជាក់ឱ្យដឹងពីអត្តសញ្ញាណម៉ូតូនិងរថយន្តនោះឡើយ ។
ដោយឡែកករណីមួយទៀតបានកើតឡើងនៅវេលាម៉ោង៨និង១០នាទីយប់ត្រង់ចំណុចភូមិថ្មលាត សង្កាត់ស្ទឹងត្រែង រវាងម៉ូតូនិងកង់បណ្តាលឱ្យបុរសម្នាក់ឈ្មោះកែវ ប៊ុន អាយុ៤១ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ស្ទឹងត្រែងរងរបួសធ្ងន់។ គ្រោះថ្នាក់កើតឡើងខណៈបុរសរងគ្រោះជិះកង់ចេញពីផ្ទះរបស់ខ្លួនក៏ត្រូវម៉ូតូវីវ៉ាពណ៌ក្រហមមួយគ្រឿងអត់ស្លាកលេខបើកបរមកពីខាងកើតស្របគ្នាបានបុកពេញទំហឹងនិងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកអ្នកជិះម៉ូតូ ក្រោយពីកើតមានគ្រោះថ្នាក់នេះបានរត់គេចខ្លួនបាត់បន្សល់ទុកម៉ូតូនៅនឹងកន្លែងកើតហេតុនិងត្រូវបានសមត្តកិច្ចជំនាញយកមករក្សាទុកក្នុងស្នងការដ្ឋានរង់ចាំដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ