រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើករថយន្តឆ្លងផ្លូវរថភ្លើងទាំងបំពាន ខណៈសន្តិសុខបានបិទបារាសហើយនៅតែបើកបំពានទៀត ត្រូវរថភ្លើងមកដល់បុកចំពាក់កណ្តាលនៃចំហៀងខាងឆ្វេងរបស់រថយន្ត បណ្តាលឲ្យខ្ទាតធ្លាក់ចូលប្រឡាយទឹក តែសំណាងល្អមិនមានអ្នករងរបួសធ្ងន់នោះទេ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ តាមបណ្ដោយវិថីឈ្នះ=ឈ្នះផ្លូវទំនប់កប់ស្រូវ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើកថយន្ដ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា CHEATA.8 ធ្វើដំណើរតាមបណ្តោយវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ដោយបំពានបារាសដែលសន្តិសុខដាក់ហាមឃាត់មិនឲ្យឆ្លងកាត់ ។

នៅពេលនោះ ក៏ត្រូវបានរថភ្លើងមកដល់បុកចំទទឹងរថយន្ត បណ្ដាលឲ្យខ្ទាតធ្លាក់ប្រឡាយទឹករងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈប៉ុណ្ណោះ ។ បន្ទាប់មកអ្នកបើកបររថយន្ត និងអ្នករួមដំណើរ បាននាំគ្នាគេចខ្លួនទៅបាត់អស់ ដោយទុករថយន្តរយះមួយចំហៀងចោលនៅកន្លែងកើតហេតុ ។ ចំណែករថភ្លើងបានបើកបន្តដំណើរទៅគោលដៅបាត់ ដោយមានតំណាងមករាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តខាងលើទៅរក្សារទុកជាបណ្ដោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕


ចែករំលែកព័តមាននេះ