រាជធានីភ្នំពេញ៖ រថយន្តម៉ាកអេសសាំយ៉ុង១គ្រឿងខណៈពេលកំពុងបើកបរតាមមហាវិថីសុី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងល្បឿនលឿនគួរសមដែរ នៅពេលមេឃកំពុងភ្លៀង ស្រាប់តែរអិលធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹក ប៉ុន្តែសំណាងអត់ក្រឡាប់ ហើយនៅតែបន្តិចប៉ុណ្ណបុកបង្គោលភ្លើងថ្មបាត់ទៅហើយ ។ នេះពុំមែនជាគ្រោះថ្នាក់លើកទី១នោះឡើយសម្រាប់មហាវិថីមួយនេះ ដែលនៅពេលមានភ្លៀងធ្លាក់គឺរអិលខ្លាំងណាស់ ហើយតែងតែកើតមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ជាពិសេសអ្នកដំណើរតាមម៉ូតូរអិលដួលគ្រោះថ្នាក់ញឹកញាប់ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅតាមមហាវិថីស៊ី ជីនពីង ហៅផ្លូវក្រវាត់ក្រុងទី៣ ស្ថិតនៅក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
រថយន្តម៉ាកអេសសាំយ៉ុង ដែលបើកធ្លាក់ផ្លូវនោះ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2M-8321 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ប៉ុន្តែដោសារតែអត់ក្រឡាប់ ទើបមិនបណ្ដាលឲ្យបុរសនោះ និងអ្នករួមដំណើររងរបួសនោះឡើយ ។
ប្រជាការពារបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ រថយន្ត១គ្រឿងនេះបានដឹកផ្លែចេកចេញពីប្រទេសវៀតណាមទៅដាក់ឲ្យម៉ូយលក់បន្តនៅឯខេត្តសៀមរាបប្រទេសកម្ពុជា ហើយពេលទៅដល់ បានទម្លាក់ផ្លែចេកនៅតាមស្តង់រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែលទើបរួចរាល់ ។ បន្ទាប់មកក៏បានចាកចេញពីខេត្តសៀមរាបត្រលប់ទៅផ្ទះនៅឯខេត្តកំពតវិញ ខណៈមកដល់មហាវិថីសុី ជីនពីង បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសមដែរ ហើយពេលនោះមេឃក៏កំពុងធ្លាក់ភ្លៀងទៀតផង ។
ប្រជាការពារដដែលប្រាប់ឲ្យដឹងបន្ថែមទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែមហាវិថីសុី ជីនពីងនេះត្រូវទឹកភ្លៀងរអិលខ្លាំង រថយន្តនោះក៏ធ្លាក់ផ្លូវចូលទៅក្នុងប្រឡាយទឹក ប៉ុន្តែជាសំណាងល្អ មិនបានក្រឡាប់ទេ ទើបមិនបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើររងរបួសនោះឡើយ ។ រថយន្តនោះបានរងការខូចខាតយ៉ាងដំណំ ហើយបានស្ថិតនៅកន្លែងកើតហេតុនោះរហូតដល់ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ទើបម្ចាស់រករថយន្តផ្សេងទៅអូសឡើងគោករួចនាំយកទៅធ្វើការជួសជុលឡើងវិញ ៕









ចែករំលែកព័តមាននេះ