រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ ACU នឹងបើកការទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលទ្រង់ទ្រាយធំ នៅក្នុងឆ្នាំ២០២៤ ដោយមានមន្ត្រីជាប់កាតព្វកិច្ចរហូតដល់ជិត២ម៉ឺននាក់ នឹងត្រូវទៅប្រកាស ។
នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រៅកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រឆាំង អំពើពុក រលួយលើកទី២៩ អាណត្តិទី៣ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្កភាពប្រឆាំងអំពើពុករលួយ បានក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ACU នឹងធ្វើការទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលរយៈ២ឆ្នាំ ចាប់ពីថ្ងៃទី១ ដល់៣១ ខែមករា ឆ្នាំ២០២៤ ដែលការប្រកាសទ្រព្យសម្បត្តិ និងបំណុលទ្រង់ទ្រាយធំ។
អ្នកនាំពាក្យបានបន្តថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានត្រៀមទទួលឯកសារប្រកាសទ្រព្យសម្បតិ្ត និងបំណុលពីមន្ត្រី ដែលជាប់កាតព្វកិច្ចប្រកាសតាមរបប ២ឆ្នាំ (២០២៤) មានចំនួន ១៨,៨៣២រូប ។
ពាក់ព័ន្ធនឹងការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះដែរ អ្នកនាំពាក្យក៏បានឲ្យដឹងថា នៅក្នុខែវិច្ឆិកា ឆ្នាំ២០២៣ មានមន្ត្រីចំនួន៤១៨នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងនោះមន្ត្រីទើបទទួលបានការតែងតាំងថ្មី មានចំនួន៣៥៦នាក់ និងមន្ត្រី៦២នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ ។
ចំពោះការទទួលពាក្យបណ្តឹងវិញ លោក សយ ចន្ទវិចិត្រ បានឲ្យដឹងថា ក្នុងខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលពាក្យបណ្តឹង ចំនួន ៤៦ពាក្យបណ្តឹង ក្នុងនោះបណ្តឹង ខ្លះបានប្តឹង តែមិនបានប្តឹងចំឈ្មោះនោះទេ ។
លោកថា ជាយន្តការអ្នកប្តឹងអាចធ្វើការប្តឹងទៅអង្គភាព និងដាក់ពាក្យបណ្តឹងនៅតាមប្រអប់នៅតាមទីសាធារណៈ ដាក់តាមទូរសព្ទ ឬសរសេតាមអីម៉ែល ឬតាមបញ្ញើ ប្រៃសណី ។
បើតាមអ្នកនាំពាក្យបានឲ្យដឹងទៀតថា រាល់បណ្តឹងមានភាពខុសគ្នា ក្នុងនោះ អ្នកខ្លះប្តឹងមានសំអាងបន្តិចបន្តួច ចំណែកអ្នកខ្លះទៀតគ្រាន់ តែព័ត៌មានប៉ុណ្ណោះ ប៉ុន្តែយកមកពិនិត្យទាំងអស់ ។
លោកបញ្ជាក់ថា ៖ «យើងយកមកពិនិត្យទាំងអស់ ដើម្បីចាត់ការបន្ត តាមរបៀបណា យើងធ្វើតាមនីតីវិធីរបៀបហ្នឹង» ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានឲ្យដឹងបន្ថែមថា រាល់បណ្តឹងខ្លះ ម្ចាស់បណ្តឹងត្រូវមកបំភ្លឺ និងបណ្តឹងខ្លះ អង្គភាពត្រូវហៅគាត់មកបំភ្លឺ ឬពាក្យខ្លះឲ្យគាត់ភ្ជាប់ឯកសារមកជាមួយ ដោយបណ្តឹងខ្លះ អ្នកប្តឹងគ្រាន់តែភ្ជាប់តែឈ្មោះ តែគ្មានមូលហេតុនោះទេ ៕






ចែករំលែកព័តមាននេះ