ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹក​នាំ​ចិន​ត្រៀម​បំពេញ​ទស្សន​កិច្ច​ពីរ​ថ្ងៃ​នៅ​វៀតណាម

7 ខែ មុន

ទី​ក្រុង​ហាណូយ៖ ​​លោក​ស៊ី​ជីនពីង​​ ក្នុង​នា​ម​ជា​ប្រធានាធិបតី​ និង​ជា​​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​ចិន​​​នឹង​​រួម​ដំណើរ​ជា​មួយ​ភរិយា​​ដើម្បី​បំពេញ​ទស្ស​ន​កិច្ច​​ពី​រ​ថ្ងៃ​នៅ​​​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០២៣​។ ​ទស្សន​កិច្ច​នេះ​​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​​​អគ្គ​លេខា​ធិការ​បក្សកុម្មុយនិស្ត​វៀតណាម​ លោក​​​​ង្វៀន​ហ៊្វូជុង និង​​ប្រធា​នា​ធិប​តី​វៀតណាម​ លោក​វ៉ូវ៉ាន់​ធឿង​។…

ទី​ក្រុង​ហាណូយ៖ ​​លោក​ស៊ី​ជីនពីង​​ ក្នុង​នា​ម​ជា​ប្រធានាធិបតី​ និង​ជា​​អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​ចិន​​​នឹង​​រួម​ដំណើរ​ជា​មួយ​ភរិយា​​ដើម្បី​បំពេញ​ទស្ស​ន​កិច្ច​​ពី​រ​ថ្ងៃ​នៅ​​​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០២៣​។ ​ទស្សន​កិច្ច​នេះ​​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​​​អគ្គ​លេខា​ធិការ​បក្សកុម្មុយនិស្ត​វៀតណាម​ លោក​​​​ង្វៀន​ហ៊្វូជុង និង​​ប្រធា​នា​ធិប​តី​វៀតណាម​ លោក​វ៉ូវ៉ាន់​ធឿង​។ នេះ​បើ​យោង​តាម​ការ​​​​ផ្សាយ​របស់​គណៈ​កម្ម​ការ​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​​​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​។​​

វៀតណាម និង​ចិន​ត្រៀ​ម​រម្លឹក​ខួប​ទី​១៥​ឆ្នាំ​នៃ​ការ​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ស៊ី​ជម្រៅ​ និង​គ្រប់​ជ្រុង​ជ្រោយ​​។ បើ​គិត​ទាំង​លើក​នេះ​ទៀត​ លោក​ស៊ី​​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​វៀតណាម​ចំនួន​បីដង​។ ប្រទេស​ចិន​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​​​ធំ​ជាង​គេ​របស់​វៀតណាម​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ហើយ​វៀតណាម​ជា​ដៃ​គូ​ដ៏​ធំ​ជាង​គេ​របស់​ចិន​​នៅ​ក្នុងចំណោម​ប្រទេស​​អាស៊ាន​​ដទៃ​ទៀត​។​

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​​​កើន​ឡើង​ដល់​ជាង​១៧៥​ពាន់​លាន​ដុល្លារ​កាល​ពីឆ្នាំ​២០២២​។ នៅ​ក្នុង​ចំនួន​នោះ​ វៀតណាម​នាំទំនិញ​​ទៅ​លក់​នៅ​ចិន​​ជាង​៥៧​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ដល់​ពេល​វៀតណាម​នាំ​ទំនិញ​ពី​ចិន​ត្រឡប់​​មក​វិញ​មាន​ជាង​១១៧​ពាន់​លាន​ដុល្លារ​។ ដូច្នេះ​ ឃើញ​ថា​​​ជញ្ជីង​ពាណិជ្ជ​កម្ម​របស់​​ប្រទេស​ចិន​មាន​ទម្ងន់​ជាង​វៀតណាម​សឹង​មួយ​ជា​ពីរ​។​​​

នៅ​ក្នុង​ចំណោម​ប្រទេស​​​១៤៤​ដែល​វិនិយោគ​នៅ​វៀតណាម​ ប្រទេស​ចិន​មាន​​ទំហំ​វិនិយោគ​​ធំ​​លំដាប់​ទី​​៤​​គិត​ត្រឹម​​ខែ​កញ្ញា​ ឆ្នាំ​២០២៣​​។ ​ប្រទេស​ចិន​​​បោះ​ទុន​​វិនិយោគ​​​ជាង​៤​ពាន់​គម្រោង​ជា​មួយ​នឹងទំហំ​​ទឹក​ប្រាក់​​​​​ជាង​២៦​ពាន់​លាន​ដុល្លារ​​។ កាល​​ពី​ខែ​​តុលា ឆ្នាំ​២០២២ លោក​ង្វៀន​ហ៊្វូជុង​បាន​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន​​ ហើយ​ត្រូវ​​រដ្ឋ​មន្ត្រី​ការ​បរទេស​វៀតណាម​ចាត់​ទុក​ទស្សន​កិច្ច​​កាល​នោះ​​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​​ក្រៃ​លែង​ និង​ជា​ទស្សន​កិច្ច​ដែល​ទទួល​បាន​​ជោគ​ជ័យ​​នៅ​ក្នុង​​គ្រប់​វិស័យ​។​​

នៅ​ក្នុង​ពិធី​បដិ​សណ្ឋារកិច្ច​​ទទួល​​​​​ប្រមុខ​ការ​ទូត​ចិន ​លោក​​​​វ៉ាងយី​ (Wang Yi) នៅ​វិមាន​ប្រធានា​ធិបតី​​វៀតណាម​​កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ថ្មី​ៗ​នេះ លោក​វ៉ូវ៉ាន់​ធឿង​សង្កត់​ធ្ងន់​ថា​វៀតណាម និង​ចិន​ជា​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​នឹង​គ្នា​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​យូរ​មក​ហើយ​។ ក្នុង​នោះ ប្រទេស​យើង​មាន​ប្រវត្តិ​សាវតារ​ស្រដៀង​គ្នា​លើ​ច្រើន​ចំណុច​​​ទាំង​​ប្រវត្តិ​សាស្ត្រ​ វប្បធម៌ និង​ការ​ដឹក​នាំ​ប្រទេស​តាម​បែប​ផែន​សង្គម​និយម​​ដូច​គ្នា​ក្រោម​ដំបូល​បក្ស​តែ​​មួយ​​។

​វៀតណាម​ចាត់​ទុក​ទំនាក់ទំនង​​ជា​មួយ​ប្រទេស​ចិន​ជា​ជម្រើស​យុទ្ធ​សាស្ត្រ​ និង​ជា​ចំណុច​​អាទិភាព​នៅ​ក្នុង​នយោ​បាយ​ការ​បរទេស​​របស់​ខ្លួន​​ដែល​ប្រកាន់​គោល​ការណ៍​​​ឯក​រាជ្យ-ម្ចាស់​ការ​​, ពិពិធ​កម្ម​ និង​ពហុ​និយម​។​ ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​កិច្ច​សហ​ការ​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ដូច​ជា​​ការ​ទូត, ការ​ពារ​ជាតិ​ និង​សន្តិសុខ​ជាតិ​ ព្រម​ទាំង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណ​ភាព និង​ប្រសិទ្ធ​ភាព​នៃ​កិច្ច​សហ​ការ​នៅ​ក្នុង​វិស័យ​​​សេដ្ឋកិច្ច​-ពាណិជ្ជកម្ម វិនិយោគ​ ដឹក​ជញ្ជូន​ និង​ទំនាក់​ទំនង​រវាង​ប្រជា​ជន​ និង​ប្រជា​ជន​។​​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​វ៉ូវ៉ាន់​ធឿង​។​

លោក​​វ៉ាង​យី​ថ្លែង​ថា​ប្រទេស​ចិន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ប្រកប​ដោយ​មិត្ត​ភាព ​សហ​ការ​ និង​ស៊ី​ជម្រៅ​រវាង​ចិន និង​វៀត​ណាម​។ លោក​ចាត់​ទុក​បញ្ហា​​​នេះ​​ជា​ចំណុច​អាទិភាព​​នៅ​ពេល​និយាយ​ដល់​គោល​​​នយោបាយ​ការ​បរទេស​របស់​ប្រទេស​ចិន​ចំពោះ​ប្រទេស​ជិត​ខាង​។ ប្រទេស​ចិន​តែង​តែ​គាំទ្រ​ជា​និច្ច​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​វៀត​ណាម​ដើម្បី​ធ្វើ​ឧស្សាហូប​នីយ​កម្ម និង​ទំនើប​កម្ម​របស់​​​ប្រទេស​ជាតិ​ខ្លួន​​។ នេះ​ជា​អ្វី​ដែល​លោក​វ៉ូវ៉ាន់​ធឿង​បាន​​និយាយ​រម្លឹក​ទៅ​ដល់​គ្រា​នោះ​៕

ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/chinese-president-xi-jinping-to-visit-vietnam-4686010.html

អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម (រូប​ឆ្វេង​) និង​ប្រធានាធិបតី​ចិន​ (រូប​ស្ដាំ)
ប្រធានាធិ​បតី​វៀតណាម លោក​វ៉ូវ៉ាន់ធឿង
រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​វ៉ាងយី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ