(បាងកក)៖ ប៉ូលីសថៃ បានគំរាមចាត់វិធានការផ្លូវច្បាប់លើតារាបណ្ដាញសង្គមចិនមួយរូបដែលចេញវីដេអូ vlog និយាយថាតំបន់កម្សាន្តដ៏ល្បីនាពេលរាត្រីមួយក្នុងទីក្រុងបាងកកមិនមានសុវត្ថិភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/12/141b37cb236e37bd5ce9f9516079c8db.webp)
នាយឧត្តមសេនីយ៍ Phanthana Nutchanart ស្នងការរងនៃការិយាល័យអន្តោប្រវេសន៍ បាននិយាយថា ពេលនេះប៉ូលីសដឹងពីព័ត៌មានរបស់ស្ត្រីជនជាតិចិន ដែលបានបង្ហោះឃ្លីបអវិជ្ជមានអំពី តំបន់ Soi Nana នៅលើផ្លូវ Sukhumvit នៃទីក្រុងបាងកក ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/12/f5afcf687e56a1fa568acb3ccb481c5f.webp)
ទោះយ៉ាងណាប៉ូលិសមិនទាន់គិតគូពីទិដ្ឋភាពផ្លូវច្បាប់ក្នុងការចាត់វិធានការលើស្ត្រីចិនខាងលើនៅឡើយទេ។ នាយឧត្តមសេនីយ៍រូបនេះនិយាយថា ប៉ូលីសនឹងកោះហៅអ្នកទេសចរមកសួរចម្លើយ ដើម្បីដឹងពីមូលហេតុរបស់នាង។
តារានៅលើបណ្ដាញសង្គមចិន Douyin ដែលបានបង្ហោះឃ្លីប ដោយលើកឡើងថានារីៗធ្វើដំណើរតែម្នាក់ឯងនៅវិថី Soi Nana មិនមានសុវត្ថិភាពទេ។ ថែមទាំងរៀបរាប់នៅក្នុងឃ្លីបវីដេអូរបស់នាងថា ៩៩% នៃមនុស្សនៅវិថី Soi Nana “មិនល្អ”។
ចំពោះរបាយការណ៍អំពីករណីនេះ ប៉ូលីសថៃបានកំណត់អត្តសញ្ញាណស្ត្រីជនជាតិចិននោះ នាងមានឈ្មោះ Ziyu Wang អាយុ ២៨ឆ្នាំ ដែលបានចូលប្រទេសថៃ កាលពីថ្ងៃទី០២ ខែវិច្ឆិកា។ ទិដ្ឋាការរបស់នាងនឹងផុតកំណត់នៅខែតុលាឆ្នាំក្រោយ។
យោងតាមរបាយការណ៍របស់ប៉ុស្តិ៍ប៉ូលីស ស្ត្រីរូបនេះបានបញ្ចប់ឃ្លីបរបស់នាងដោយនិយាយថា “99% នៃមនុស្សដែលដើរលើវិថីនេះច្បាស់ជាមិនមែនជាមនុស្សល្អទេ”។ ឃ្លីបនេះគឺជាឧទាហរណ៍មួយទៀតនៃការផ្សព្វផ្សាយអវិជ្ជមានដែលធ្វើឱ្យប៉ះពាល់ដល់ soft power របស់ប្រទេសថៃ នេះបើយោងតាមប្រតិបត្តិករទេសចរណ៍នៅក្នុងប្រទេស៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2023/12/6137a6f53f3fdd2e5f7003fdadb0857b.webp)
ចែករំលែកព័តមាននេះ