រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃើញនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ហើយភ្ជាប់ជាមួយខ្លឹមសារថា «ដកកាំភ្លើងអាមេគំរាម រួចបោះពាក្យសម្ដីថា ខ្លួនធ្វើការនៅព្រហ្មទណ្ឌក្រសួង» បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវ ជាបន្ទាន់ផងដែរ ។
ដោយអនុវត្តតាមបទបញ្ជារបស់ប្រធាននាយកដ្ឋាន កម្លាំងការិយាល័យជំនាញ បាននិងកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងស៊ើបអង្កេតករណីនេះ ឲ្យបានម្មត់ចត់បំផុត ក្នុងករណីរកឃើញថា បុគ្គលនោះ ជាមន្ដ្រីរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានមិនគាំទ្រជាដាច់ខាត ចំពោះការប្រព្រឹត្តបែបនេះ ហើយនឹងសុំគោលការណ៍ថ្នាក់ដឹកនាំ អនុវត្តវិន័យកងកម្លាំង ។
ក្នុងករណីស្រាវជ្រាវរកឃើញថា បុគ្គលនេះ មិនមែនជាកងកម្លាំងទេ ហើយយកឈ្មោះអង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទៅប្រើប្រាស់ប្រព្រឹត្តសកម្មភាពបែបនេះ នាយកដ្ឋាន ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងជាទីបំផុត ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏បានជម្រាបជូនសាធារណៈជន ឬបណ្ដាញព័ត៌មាន មេត្តាផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធករណីនេះ ឬអត្ដសញ្ញាណរបស់បុគ្គលរូបនេះ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវ និងមានមូលដ្ឋានបន្ថែម ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ