រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៤នាក់ ពាក់ព័ន្ធករណីឃាតកម្មប្ល.ន់សម្លាប់យកម៉ូតូ បណ្តាលអោយជនរងគ្រោះស្លាប់នៅក្នុងមូលដ្ឋាន ខណ្ឌសែនសុខ កាលពីប្រមាណ១០ថ្ងៃមុន ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌសែនសុខស្រាវជ្រាវនិងតាមឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី០៦ ខែ ធ្នូឆ្នាំ ២០២៣នៅចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ជនសង្ស័យ ១-ឈ្មោះ ឌុល ប្រាថ្នា ហៅ ដុល្លា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ហេង សំណាង ហៅចយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ។

តាមនគរបាលបានអោយដឹងថា ជនសង្ស័យ២នាក់ក្នុងចំណោមបក្សពួក៤នាក់ ជិះម៉ូតូ២គ្រឿង ដែលបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JR-9590 មួយគ្រឿង កាលពីវេលាម៉ោងប្រមាណ៥ភ្លីថ្ងៃទី២៧ ខែវិច្ឆិកា នៅត្រង់ចំណុចមហាវិថីឈ្មះ=ឈ្នះ ក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ នៅក្នុងសកម្មភាពបណ្តាលអោយជនរងគ្រោះឈ្មោះ ឆាយ សំណាប់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានស្លាប់នៅនឹងកន្លែងកើតហេតុកើតហេតុ ។

តាមនគរបាលបានអោយដឹងទៀតថា ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំ និងសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ,និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវ រហូតកំណត់បានអត្តសញ្ញាណជន សង្ស័យ និងទីតាំងលាក់ខ្លួននិងឈានទៅសហការជាមួយស្នងការខេត្តកំពង់ធំឃាត់ខ្លួនបាន២នាក់ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នៅត្រង់ចំណុច ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាប់ប្លន់យកម៉ូតូនិងកាប់ទៅលើជនរងគ្រោះបណ្តាលអោយស្លាប់ពិតប្រាកដមែន។ ជនសង្ស័យទាំង២នាក់ ត្រូវបាន សមត្ថកិច្ចបញ្ជូន មកកាន់អធិការដ្ឋាន ខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់៕



ចែករំលែកព័តមាននេះ