ទីក្រុងខូផឹនហាហ្គឹន៖ នាយករដ្ឋមន្ត្រីដាណឺម៉ាកមានចិត្តខឹងសម្បារយ៉ាងខ្លាំងនៅពេលទទួលដំណឹងថាទីក្រុងវ៉ាស៊ីនតោននឹងបង្កើនការឈ្លបយកការណ៍សម្ងាត់នៅលើកោះហ្គ្រីនលែន។ ទីនេះជាទឹកដីពាក់កណ្ដាលស្វយ័តរបស់ដាណឺម៉ាក។ មានន័យថាជាដែនកោះដែលមានរដ្ឋាភិបាលដោយខ្លួនឯង និងមើលការខុសត្រូវបន្ថែមទៀតពីរដ្ឋាភិបាលដាណឺម៉ាក។
ប៉ុន្តែទន្ទឺមនឹងនោះ លោកត្រាំនៅតែចិញ្ចឹមចិត្តចង់បានកោះហ្គ្រីនលែនមកធ្វើជាទឹកដីរបស់អាមេរិក។ លោកអះអាងថាកោះនេះសាៈសំខាន់ខ្លាំងសម្រាប់សន្តិសុខជាតិអាមេរិក។ ការផ្ទុះកំហឹងរបស់ថ្នាក់ដឹកនាំដាណឺម៉ាកបន្ទាប់ពីសារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) ផ្សាយនៅសប្ដាហ៍នេះថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិកជាច្រើនអង្គភាពបានទទួលបញ្ជាឱ្យស្រាវជ្រាវចង់ដឹងអំពីចលនាឯករាជ្យរបស់កោះហ្គ្រីនលែន និងទស្សនៈរបស់ប្រជាជនថាតើពួកគេយល់យ៉ាងដូចម្ដេចចំពោះការចង់បានកោះនេះមកធ្វើជាទឹកដីអាមេរិក។
យោងតាមសារព័ត៌មានខាងលើនេះ អាមេរិកបង្គាប់ឱ្យភ្នាក់ងារសម្ងាត់របស់ខ្លួនស្រង់យកអត្តសញ្ញាណរបស់អ្នករស់នៅលើកោះហ្គ្រីនលែន និងដាណឺម៉ាករូបណាខ្លះដែលគាំទ្រអាមេរិកលើចំណុចនេះ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រីមេតេ ហ្វ្រិតដឺរីកសុន (Mette Frederiksen) ប្រាប់អ្នកសារព័ត៌មានថាជាការពិត អ្នកមិនអាចស៊ើបការណ៍សម្ងាត់ពីសម្ព័ន្ធមិត្តរបស់ខ្លួនបានឡើយ។
លោកស្រីបង្ហើបឱ្យដឹងថារដ្ឋមន្ត្រីការបរទេសដាណឺម៉ាកចាប់ផ្ដើមទាក់ទងជាមួយអាមេរិកជាបណ្ដើរៗហើយដើម្បីបញ្ជាក់ឱ្យបានច្បាស់ជុំវិញបញ្ហានេះ។ លោកស្រីចាត់ទុកព័ត៌មានដែលចុះផ្សាយនោះជាពាក្យចចាមអារ៉ាមសិន។ នៅពេលសួរនាំរឿងនេះឱ្យបានច្បាស់ ការពិតនឹងលាតត្រដាងជាមិនខាន។ កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសដាណឺម៉ាកបានកោះហៅភារៈធារីប្រចាំស្ថានទូតអាមេរិកទៅឆ្លើយបំភ្លឺ។
ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាយើងមិនអាចអនុគ្រោះបានឡើយចំពោះអ្នកដែលស៊ើបការណ៍សម្ងាត់ពីគ្នាទៅវិញទៅមក។ យើងសូមផ្ញើសារឱ្យបានច្បាស់ៗនៅថ្ងៃនេះ។ នាយករដ្ឋមន្ត្រីដាណឺម៉ាកថ្លែងបន្ថែមទៀតថាលោកស្រីមិនអាចទទួលយកបានជាដាច់ខាតករណីស៊ើបការណ៍សម្ងាត់ពីរដ្ឋធានីនូក (Nuuk) នៃកោះហ្គ្រីនលែន។ លោកស្រីថានេះជាការខ្វះសេចក្ដីគោរព (ចំពោះអធិបតេយ្យភាពប្រទេសដទៃ)។
មួយរយៈចុងក្រោយនេះ អាមេរិក និងដាណឺម៉ាកចាប់ផ្ដើមមានបញ្ហាតានតឹងនឹងគ្នាបន្ទាប់ពីលោកត្រាំនៅតែនិយាយម្ដងហើយម្ដងទៀតថាលោកត្រូវតែយកកោះហ្គ្រីនលែនមកគ្រប់គ្រងឱ្យខាងតែបាន។ បើនិយាយតាមសម្រួលមិនបានទេ លោកនឹងប្រើប្រាស់កម្លាំងយោធាដើម្បីចូលគ្រប់គ្រង។ ខាងលើនេះជាការដកស្រង់ប្រភពពីអាអែហ្វប៉េ (AFP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ