រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសកម្មភាពទាំងឡាយណា ដែលធ្វើឱ្យបែកបាក់ផ្ទៃក្នុង និងស្នើកុំឱ្យដុតផ្ទះខ្លួនឯង ដើម្បីចម្អិនពងមាន់ឱ្យអ្នកដទៃ ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសុន្ទរកថា គន្លឹះស្តីពីមេរៀនរបស់សម្តេចតេជោ ហ៊ុន សែន ៖ ដំណើរកម្ពុជាពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រ ឆ្ពោះទៅសេរីភាព និងការរីកចម្រើន ដែលបានធ្វើឡើងនៅប្រទេសទីម័រឡេស្តេ ។
ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូចនេះថា «ខ្ញុំអាចនិយាយបានយ៉ាងជាក់លាក់ថា បើគ្មាន ហ៊ុន សែន ទេ សង្គ្រាមនឹងចាប់ផ្តើមផ្ទុះនៅកម្ពុជាឡើងវិញ ដោយសារអង្គការសហប្រជាជាតិតែម្តង ខ្ញុំហ៊ាននិយាយដូចនេះ ដោយសារមូលហេតុគេ បានលើកនូវការចោទប្រកាន់ កាត់ទោសពាសវាលពាសកាល រហូតសូម្បីតែបិតាជាតិរបស់យើងខ្ញុំ គឺសម្តេចព្រះនរោត្តម សីហនុ ក៏ត្រូវបានតុលាការកោះហៅដែរ» ។
ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា គ្រានោះសម្តេចក៏បានប្រាប់អតីតអគ្គលេខាធិកាអង្គការសហប្រជាជាតិ ដែរថា សម្តេចសុខចិត្តឱ្យតុលាការបរាជ័យ ប៉ុន្តែមិនសុខចិត្តឱ្យប្រទេសរបស់សម្តេចកើតសង្គ្រាមឡើងវិញនោះទេ, បើកាត់ទោស ១០ ទៅ ២០នាក់ តែបង្កើតសង្គ្រាមឱ្យមនុស្សស្លាប់អស់រាប់ម៉ឺននាក់ តើយើងគួររើសយកមួយណា ? ។
សម្តេចតេជោ បន្ថែមថា ពេលនោះសូម្បីតែប្រទេសកម្ពុជា បានប្រសិទ្ធនាមអតីតព្រះមហាក្សត្ររបស់កម្ពុជា ជាព្រះបិតាជាតិ ក៏ត្រូវទទួលការចោទប្រកាន់ពីតុលាការនេះដែរ ក្នុងនោះមេដឹកនាំរបស់កម្ពុជាមួយចំនួន ក៏ត្រូវបានចង្អុលបង្ហាញសម្រាប់ការកាត់ទោស ហើយបានរាល់ដាលដល់កងពលរបស់ខ្មែរក្រហមទៀត ខណៈដែលពេលនេះសម្តេចបានបញ្ជាក់ច្បាស់ៗទៅវិញថា «អត់នោះទេ» ហើយក៏ត្រូវបានគេចោទថា មិនគោរពតុលាការ ។
ឆ្លើយតបភ្លាមៗ ទៅតុលាការ អង្គការសហប្រជាជាតិ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដែរថា «សូមចាំឱ្យច្បាស់ ច្បាប់នេះខ្ញុំជាអ្នកធ្វើជាមួយអ្នកឯង សភាខ្ញុំជាអ្នកអនុម័ត រឿងអីខ្ញុំមិនមានសិទ្ធពិនិត្យលើការទទួលខុសត្រូវលើជាតិសាស្ត្ររបស់ខ្ញុំ កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន អត់បណ្តោយឱ្យអ្នកឯងធ្វើតាមចិត្តទេ, ទីចុងបំផុតយុត្តិធម៌ក៏ទទួលបាន សន្តិភាពក៏រក្សាបានរហូតដល់ថ្ងៃនេះ នេះជាសារដាក់តឿនមួយ សូមឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងសកម្មភាពទាំងឡាយណា ដែលអាចរំខានទៅដល់ផ្ទៃក្នុងរបស់ខ្លួន បំផ្លាញដល់ផ្ទៃក្នុងរបស់ខ្លួន សូមកុំដុតពងមាន់ កុំដុតផ្ទះយើងដើម្បីចម្អិនពងមាន់របស់អ្នកដ៏ទៃ, ខ្ញុំមិនដុតផ្ទះរបស់ខ្ញុំ ដើម្បីចម្អិនពងមាន់ឱ្យប្រទេសដ៏ទៃនោះទេ» ។
ជាមួយគ្នានោះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសថា សម្តេចនឹងមិនសន្ទនាជាមួយ ក្រុមភេរវកម្មដែលចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជានោះឡើយ ។
សម្ដេចតេជោ បានថ្លែងពីការទទួលបានសន្តិភាពពេញលេញរបស់កម្ពុជា ដែលមានអាយុកាលប្រមាណ២៧ឆ្នាំ ប៉ុន្តែក្នុងនាមប្រធានគណបក្សប្រជាជន សម្ដេចនៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាគណបក្សផ្សេងទៀត ដើម្បីភាពសុខដុមរមនា ពង្រឹងឯកភាពជាតិ និងបណ្ដុះលទ្ធិប្រជាធិតេយ្យ។ កម្ពុជាទទួលស្គាល់លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រងដែលគោរពភាពចម្រុះ និងផ្ដល់មធ្យោបាយដ៏មានប្រសិទ្ធភាព ដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយដោយប្រើសន្លឹកឆ្នោត ជាជាងប្រើគ្រាប់កាំភ្លើង ឬអំពើហិង្សា ។
ត្រង់ចំណុចនេះ សម្ដេចប្រធានព្រឹទ្ធសភា បានគូសរំលេចយ៉ាងដូច្នេះថា៖ «ប្រទេសមួយដែលរដ្ឋធម្មនុញ្ញចែងថាប្រកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះពិតជាមានបក្សច្រើន បក្សក្នុងសភា បក្សក្នុងសភា ដូច្នេះការសន្ទនាចាំបាច់ណាស់ត្រូវតែចូលរួម ប៉ុន្តែខ្ញុំក៏សូមគូសបញ្ជាក់ថាការសន្ទនាចំពោះភេរវកម្ម គឺមិនអាចធ្វើបានទេ។ ភាពជ្រុលនិយមក៏មិនគួរត្រូវបានលើកទឹកចិត្តដែរ ព្រោះនេះជាគ្រោះថ្នាក់របស់ជាតិ…អ្នកដែលមានសមានចិត្តចង់ឱ្យប្រទេសជាតិរីកចម្រើន គួរតែត្រូវបានលើកទឹកចិត្តសន្ទនា តែមិនគួរលើកទឹកចិត្តសន្ទនាជាមួយក្រុមដែលចង់ផ្ដួលរំលំ តាមមធ្យោបាយមិនប្រធិបតេយ្យនោះទេ គឺត្រូវតែអនុវត្តតាមច្បាប់» ។
សម្ដេចតេជោ បានលើកឡើងទៀតថា បើចង់អភិវឌ្ឍឱ្យមានសន្តិភាព មិនមានការអភិវឌ្ឍណាមួយក្រោមគ្រាប់កាំភ្លើងនោះទេ ប៉ុន្តែដើម្បីរក្សាសន្តិភាពក៏ត្រូវមានការអភិវឌ្ឍទាំងពីរនេះ ជាចុងខ្សែពីរនៃចំណងមួយដែលបំពេញឱ្យគ្នាទៅវិញទៅមក ព្រោះមានសន្តិភាពទើបមានការអភិវឌ្ឍ មានការអភិវឌ្ឍទើបរក្សាបាននូវសន្តិភាព ៕

ចែករំលែកព័តមាននេះ