ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព រយៈពេល​២​ថ្ងៃ ជាមួយនឹង​ឱកាស​ការងារ​ជាង​៥​ពាន់​កន្លែង

14 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បើក​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព រយៈពេល​២​ថ្ងៃ ជាមួយនឹង​ឱកាស​ការងារ​ជាង​ ៥,៤០០​កន្លែង​ ។…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បើក​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព រយៈពេល​២​ថ្ងៃ ជាមួយនឹង​ឱកាស​ការងារ​ជាង​ ៥,៤០០​កន្លែង​ ។

ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​ដ៏​ធំ ដែល​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​សភាពាណិជ្ជកម្ម​កម្ពុជា​-​អ៊ី​ស្រា​អែ​ល បាន​ចាប់ផ្តើម​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៥​នេះ នៅ​អគារ​អង្គរវត្ត នៃ​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI)​ ។

សូម​រំឭក​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) បាន​រៀបចំ​ឱ្យ​មានកម្ម​វិធី​នេះ​ឡើងជា​រៀង​រាល់​ឆមាស សរុប​ចំនួន​៤​លើក មាន​អ្នក​អ្នកចូលរួម​ផ្ទាល់​ចំនួន​១១,៥៧២​នាក់ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ (​គិត​ចាប់ពី​ឆ្នាំ​២០២២-២០២៤) ​។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​នេះ លោក ទុ​យ ស៊ី​ផា​ន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើក​ឡើង​ថា ពិព័រណ៍​ការងារ​នេះ បាន​ក្លាយជា​ព្រឹត្តិការណ៍​ការងារ​ដ៏​សកម្ម និង​រស់​រវើក ទាំង​ការ​រៀបចំ​ផ្ទាល់​នៅ​មួយ​កន្លែង និង​តាម​រយៈ​ប្រព័ន្ធ Online ដោយ​បាន​កៀរគរ​ប្រមូលផ្តុំ​និយោជក​ពី​វិស័យ​សំខាន់​ៗ​ឱ្យ​ចូលរួម​តាំង​បង្ហាញ​អំពី​ឱកាស​ការងារ និង​ការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ ដែល​មាន​សក្តានុពល ព្រមទាំង​បើកឱកាស​ទូលំទូលាយ​សម្រាប់​សិស្ស និស្សិត យុវជន និង​អ្នក​ស្វែងរក​ការងារ ដើម្បី​បង្កើន​ជម្រើស​ការងារ និង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ ​ដែល​ខ្លួន​ពេញចិត្ត​ ។

លោក ទុ​យ ស៊ី​ផា​ន់ ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​-​សហគ្រាស​ចំនួន​៣១ ដែល​បាន​នាំ​យក​ឱកាស​ការងារ​គ្រប់​ប្រភេទ​ជាង​ ៥,៤០០​កន្លែង ដើម្បី​តាំង​បង្ហាញ សម្ភាស ជ្រើសរើស និង​បើកឱកាស​ដល់​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ ដោយ​ក្នុង​នោះ​មានមុខ​តំណែង​គ្រប់​ប្រភេទ​ក្នុង​វិស័យ​ធនាគារ​, ធានា​រ៉ាប់រង និង​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​, អេ​ឡិច​ត្រូ​និក​, ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​, អប់រំ​, សំណង់​, រដ្ឋបាល និង​គ្រប់គ្រង​, ប្រឹក្សា​យោបល់ និង​ការ​ជ្រើសរើស​បុគ្គលិក​, សេវាកម្ម​, អចលនវត្ថុ​, ឧស្សាហកម្ម​, ការ​លក់ដុំ និង​លក់រាយ​, អាហារ និង​ភេសជ្ជៈ​ជាដើម​»​ ។

លោក​បាន​បន្ថែម​ថា ជា​រៀង​រាល់​ឆ្នាំ ព្រឹត្តិការណ៍​ការងារ​នេះ តែងតែ​ខិតខំ​រិះរក​វិធីសាស្ត្រ ដើម្បី​បង្កើត​បរិយាកាស​ប្រកបដោយ​ភាព​សកម្ម និង​ឆ្លើយ​តប​ទាន់​ពេលវេលា សំដៅ​ពង្រីក​វិសាលភាព​ការងារ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជា​ពិសេស​ការ​ស្រូប​យក​កម្លាំង​ពលកម្ម​ដែល​មាន​សក្តានុពល និង​ជំនាញ​គ្រប់​ប្រភេទ​ចូល​ទៅ​ក្នុង​ឱកាស​ការងារ​ទំនេរ​គ្រប់​វិស័យ ស្រប​តាម​តម្រូវការ​របស់​និយោជក​ ។

​រដ្ឋលេខាធិការ​ ក៏​បាន​អំពាវនាវ​ដល់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន អ្នក​ផ្តល់​ការ​អប់រំ​បណ្តុះបណ្តាល អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​បន្ត​ចូលរួម​សហការ​គ្នា​ឱ្យ​បាន​ផុសផុល ក្នុង​ការ​ទ្រទ្រង់​និរន្តរភាព ​នៃ​ដំណើរការ​ទីផ្សារ​ការងារ ការ​លើកកម្ពស់​វិស័យ​ឯកជន និង​ការ​ជំរុញ​ឱ្យ​ចូល​ដល់​ឱកាស​ការងារ​ចំពោះ​កម្លាំង​ពលកម្ម​ថ្មី​ ។

លោក ជុំ បុរី សមាជិក​គណៈ​អចិន្ត្រៃយ៍ ស​.​ស​.​យ​.​ក​.រាជធានី​ភ្នំពេញ និង​ជា​នាយក​កម្មវិធី​យុវជន​បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើក​ឡើង​ថា ស​.​ស​.​យ​.​ក​.រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​បាន​ចំនួន​៣​លើក​រួច​មក​ហើយ ចាប់តាំងពី​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ​ជា​លើក​ទី​៤​ហើយ នៃ​ការ​រៀបចំ​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព ក្រោម​ប្រធានបទ «​ការ​ត្រៀមខ្លួន​សម្រាប់​អាជីព​នៅ​ក្នុង​សម័យកាល​ឌី​ជី​ថ​ល​» ចង់​បង្ហាញ​ឱ្យ​ឃើញ​នូវ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ ការ​គិតគូរ​ម៉ត់ចត់ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ពិសេស​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​យុវជន និង​អនាគត​យុវជន​ ។

លោក ជុំ បុរី បាន​បន្ថែម​ថា «​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព ឆ្នាំ​២០២៥ គឺជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ​ព័ត៌មាន​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​កាន់តែ​ទូលំទូលាយ និង​ជា​វេទិកា​នាំ​យុវជន សិស្ស និស្សិត​ឱ្យមក​ទទួល​នូវ​ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី​ៗ​ពី​អ្នកជំនាញ អ្នក​ស្រាវជ្រាវ ធុរជន និង​ក្រុមហ៊ុន​នានា ដើម្បី​រៀបចំ​ខ្លួន និង​កំណត់​គោលដៅ​ជីវិត​ការងារ​ឱ្យ​បាន​សម​ស្រប​ជាមួយ​សភាពការណ៍​ប្រែប្រួល​នៃ​ទីផ្សារ​ការងារ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ​។

សូម​ជម្រាប​ដែរ​ថា ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​សំខាន់​បំផុត គឺ​ការ​បង្កើត​ជា​វេទិកា​ប្រាស្រ័យ​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​នៅ​មួយ​កន្លែង ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ការងារ ការ​ជ្រើសរើស​កម្លាំង​ពលកម្ម និង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ការងារ​ជូន​ដល់​សាធារណជន ដើម្បី​កាន់តែ​ងាយ​ស្វែងរក ងាយ​ចូលរួម ឆ្លើយ​តប​ឆាប់រហ័ស និង​ចំ​គោលដៅ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ