ទីក្រុងប្រ៊ុចសែល៖ ថ្ងៃនេះ សហភាពអឺរ៉ុបសម្រេចចិត្តដកយកលុយ១ពាន់លានអឺរ៉ូ ឬស្មើនឹង១,១ពាន់លានដុល្លារអាមេរិកដែលជាផ្នែក១នៃទ្រព្យសម្បត្តិបង្កកទុករបស់រុស្ស៊ីដើម្បីបង្វិលទៅឱ្យអ៊ុយក្រែនយកទៅអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួន។ ម៉្យាងដែរ យកលុយរុស្ស៊ីទៅទិញអាវុធឱ្យអ៊ុយក្រែនបាញ់គ្នាជាមួយរុស្ស៊ីវិញ។ គេអាចចាត់ទុកថានេះជាសំណើចចម្អកក្អួតឈាមសម្រាប់រុស្ស៊ី។ អឺរ៉ុបលេង១ក្បាច់នេះអស់ទាស់តែម្ដង។
ថ្មីៗនេះ មានសញ្ញាថាលោកត្រាំអាចនឹងខិតខំត្រឹមតែ១ឆាវទៀតប៉ុណ្ណោះដើម្បីចរចាគ្នា។ បើមើលក្រឡាហាក់ដូចជាមិនកើតទេ លោកប្រហែលជាត្រូវដកខ្លួនថយមែនទែនហើយ។ ហេតុនេះ អឺរ៉ុបមិនចង់មើលស្រាល ឬពន្លែងដៃនៅត្រង់ចំណុចនេះទាល់តែសោះ។ អឺរ៉ុបកំពុងស្វះស្វែងជួយជ្រោមជ្រែងអ៊ុយក្រែនឱ្យបានពេញដៃពេញជើងនៅពេលអត់ពីអាមេរិកទៅ។ ជាពិសេស លោកត្រាំឧស្សាហ៍រអ៊ូរទាំថាអាមេរិកមិនគួរលះបង់ថវិកាជាតិច្រើនដល់ថ្នាក់ហ្នឹងដើម្បីជួយអ៊ុយក្រែនទេ។
ថ្ងៃនេះ ប្រធានកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas) ថ្លែងថាយើងទើបតែសម្រេចចិត្តថ្មីៗនេះថានឹងផ្ដល់ថវិកា១ពាន់លានអឺរ៉ូទៅឱ្យអ៊ុយក្រែនសម្រាប់វិស័យការពារជាតិដើម្បីឱ្យអ៊ុយក្រែនមានលទ្ធភាពការពារខ្លួនកាន់តែប្រសើរ។ លោកស្រីថ្លែងដូចខាងលើនេះនៅពេលធ្វើដំណើរទៅទីក្រុងល្វីវ (Lviv) របស់អ៊ុយក្រែននៅភាគខាងលិច។
លោកស្រីខាឡាស់ថ្លែងបន្ថែមទៀតថាសាច់ប្រាក់បង្វិលទាំងនេះនឹងជួយឧបត្ថម្ភគាំទ្រដល់ក្រុមហ៊ុននានារបស់អ៊ុយក្រែនដែលផលិតគ្រឿងបរិក្ខារយោធា។ ថវិកានេះ១ផ្នែកនឹងក្លាយជាជំនួយយោធាបន្ថែមសម្រាប់ធ្វើសង្គ្រាមជាច្រើនខែទៅមុខទៀត។ គួរកត់សម្គាល់ថាក្រុមបស្ចិមប្រទេសបានបង្កក ឬផ្អឹបទុកទ្រព្យសម្បត្តិរុស្ស៊ីសរុបជាទឹកប្រាក់៣រយពាន់លានដុល្លារ។
ភាគច្រើននៃទ្រព្យសម្បត្តិដែលបង្កកទុកនោះស្ថិតនៅទ្វីបអឺរ៉ុប។ ទ្រព្យសម្បត្តិទាំងនេះដាក់នៅក្នុងធនាគារដើម្បីយកការប្រាក់។ ហេតុនេះ សហភាពអឺរ៉ុបចង់យកការប្រាក់ទាំងនោះដើម្បីបង្វិលទៅឱ្យអ៊ុយក្រែនជួយទ្រទ្រង់ការតស៊ូនៅក្នុងសង្គ្រាម។ ចំណាត់ការនេះត្រូវរុស្ស៊ីរិះគន់ខ្លាំងៗ។ រុស្ស៊ីថាធ្វើរបៀបនេះមិនខុសពីការឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកដទៃនោះទេ។
ការប្រកាសផ្ដល់សាច់ប្រាក់១ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែនថ្ងៃនេះធ្វើឡើងស្របពេលដែលរុស្ស៊ីអបអរសាទរខួប៨០ឆ្នាំនៃទិវាជ័យជម្នះ។ រដ្ឋមន្ត្រីការបរទេស និងក្រុមអ្នកការទូតមកពី៣៥ប្រទេសបានជួបជុំគ្នានៅទីក្រុងល្វីវ (Lviv) ដើម្បីបង្ហាញការរួបរួមសាមគ្គីគ្នានៅខាងអ៊ុយក្រែន។ ពួកគេក៏បានប្រកាសគាំទ្រគម្រោងបង្កើតសាលាក្ដីដើម្បីកាត់ទោសមេៗធំៗរបស់រុស្ស៊ី បេឡារូស និងកូរ៉េខាងជើងដែលពួកគេ (ប្រទេសទាំង៣៥) យល់ថាជាអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមទៅលើអ៊ុយក្រែន៕
ចែករំលែកព័តមាននេះ