ប្រទេសអូស្ត្រាលី នឹងប្រជែងសុំធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកកួតបាល់ទាត់ពិភពលោក ឆ្នាំ២០២២ជាថ្មីម្តងទៀត ប្រសិនបើសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA) បញ្ជាឱ្យធ្វើការបោះឆ្នោតជាថ្មីក្នុងករណីប្រទះឃើញថា ប្រទេសកាតាមានបញ្ហាស៊ីសំណូកជាមួយប្រធាន FIFA ជាថ្នូរនឹងសំឡេងឆ្នោត ។
លោកឡុត ដេវីដ ទ្រីសម៉េន អតីតប្រធានសមាគមបាល់ទាត់អង់គ្លេស(FA) និងជាមនុស្សម្នាក់ក្នុងគណៈកម្មការស្នើសុំធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០១៨ របស់អង់គ្លេស បានឱ្យដឹងថា មានប្រធានសមាគមបាល់ទាត់៤រូបគឺថៃ ទ្រីនីដាដ និងតូបាហ្គោ ប៉ារ៉ាហ្កាយ និងប្រេស៊ីល លក់សំឡេងឆ្នោតរបស់ខ្លួនជាថ្នូរនឹងផលប្រយោជន៍ ។ ប៉ុន្តែកាលពីសប្តាហ៍មុន កាសែតសាន់ដេថែម របស់អង់គ្លេស បានចុះផ្សាយថា មានគណៈកម្មការគ្រប់គ្រងរបស់ FIFA ចំនួន២នាក់ជាជនជាតិកាមេរូន និងកូឌីវ័រ បានទទួលប្រាក់់សំណូកពីកាតាក្នុងម្នាក់ចំនួន១,៥លានដុល្លារ សម្រាប់ជួយបោះឆ្នោតកាលពីឆ្នាំ២០១០ ឱ្យក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ និងជាចុងក្រោយប្រទេសកាតាក៏បានឈ្នះសំឡេងឆ្នោត ។
រឿងអាស្រូវខាងលើ ធ្វើឱ្យលោកសេប ប្លេ៊តធ័រ ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិថ្លែងឱ្យដឹងថា អាចមានការរៀងចំជ្រើសរើសម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០២២ជាថ្មី ប្រសិនបើមានភស្តុតាងបញ្ជាក់ច្បាស់ថា កាតា មានស៊ីសំណូកជាមួយសមាជិកFIFA ជាថ្នូរនឹងសំឡេងឆ្នោតស្របតាមការចុះផ្សាយ ។
សារព័ត៌មាន«ញូវលីមីធីត» នៅអូស្ត្រាលីផ្សាយថា អូស្ត្រាលីត្រៀមស្ម័គ្រធ្វើជាបេក្ខភាពថ្មីប្រសិនបើម្ចាស់ផ្ទះរៀបចំប្រកួតបាល់ទាត់់ឆ្នាំ២០២២ ប្រទេសកាតា ទុកជាមោឃៈ ។ លោកម៉ាក អាប៊ីប រដ្ឋមន្ត្រីកីឡារបស់អូស្ត្រាលីថ្លែងថា «យើងអស់សង្ឃឹមយ៉ាងខ្លាំងដែលមិនបានធ្វើម្ចាស់ផ្ទះបាល់ទាត់ពិភពលោកឆ្នាំ២០២២ និងនៅមានជំនឿចិត្តថា ប្រសិនបើយើងមានឱកាស អូស្ត្រាលីអាចរៀបចំការប្រកួតបាល់ទាត់ពិភពលោកឱ្យបានធំធេងដូចដែលធ្លាប់មានកន្លងមកបាន»។
ការជ្រើសរើសម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ កាលពីខែធ្នូ ឆ្នាំកន្លងមក បង្ហាញថា អូស្ត្រាលីទទួលបានឆ្នោតតែមួយសំឡេង ធ្វើឱ្យជ្រុះចេញនៅជុំដំបូងដោយចាញ់សំឡេងឆ្នោតប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក រួមទាំងប្រទសកាតាផងដែរ៕
ចែករំលែកព័តមាននេះ