Mbappé បង្កើតកំណត់ត្រាមិនធ្លាប់មាននៅ Real Madrid មុនត្រូវតទល់នឹងក្រុមចាស់ PSG
សហរដ្ឋអាមេរិក ៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappé បានបង្កើតប្រវត្តិសាស្ត្រថ្មីប្រចាំក្លិប Real Madrid មុនពេលត្រូវប្រឈមមុខនឹងក្រុមចាស់របស់ខ្លួន PSG…
សហរដ្ឋអាមេរិក ៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappé បានបង្កើតប្រវត្តិសាស្ត្រថ្មីប្រចាំក្លិប Real Madrid មុនពេលត្រូវប្រឈមមុខនឹងក្រុមចាស់របស់ខ្លួន PSG…
សហរដ្ឋអាមេរិក ៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappé បានបង្កើតប្រវត្តិសាស្ត្រថ្មីប្រចាំក្លិប Real Madrid មុនពេលត្រូវប្រឈមមុខនឹងក្រុមចាស់របស់ខ្លួន PSG នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ នៅលើទឹកដីសហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Kylian Mbappé ជាកីឡាករដំបូងគេបង្អស់ ដែលរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតប្រជែងពានរង្វាន់ចំនួន ៧ ផ្សេងគ្នាក្នុងមួយរដូវកាលសម្រាប់ Real Madrid។ កំណត់ត្រាជាប្រវត្តិសាស្ត្រមិនធ្លាប់មានសម្រាប់ក្លិប Real Madrid មួយនេះ កើតឡើងនៅពេលដែលខ្សែប្រយុទ្ធកំពូលល្បឿនវ័យ២៦ឆ្នាំរូបនេះ រកបាល់បញ្ចូលទី១គ្រាប់លើក្រុម Borussia Dortmund ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ដែលបានបញ្ចប់ទៅដោយលទ្ធផល Real Madrid យកឈ្នះ ៣-២ កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅ។
មកទល់ពេលនេះ Mbappé រកគ្រាប់បាល់បញ្ចូលទីក្នុងពានរង្វាន់ UEFA Super Cup, La Liga, Champions League, FIFA Intercontinental Cup, Spanish Super Cup, Copa del Rey និងនៅពេលថ្មីៗនេះនៅ FIFA Club World Cup ។ ខ្សែប្រយុទ្ធរួមចំណែកជួយក្រុមមាន់គកបារាំងឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ រូបនេះ បានបំបែកកំណត់ត្រាតែមួយគត់របស់ខ្សែប្រយុទ្ធរួមសញ្ជាតិ Karim Benzema ដែលជាកីឡាករស៊ុតបញ្ចូលទីក្នុងការប្រកួតប្រជែងពានរង្វាន់ ៦ ផ្សេងគ្នាក្នុងរដូវកាល ២០២២-២៣ ដ្បិតបច្ចុប្បន្នអតីតខ្សែប្រយុទ្ធក្រុមមាន់គកបារាំងវ័យ៣៧ឆ្នាំរូបនេះ កំពុងប្រកបអាជីពនៅក្លិប Al-Ittihad នៃលីគកំពូលប្រទេសអារ៉ាប៊ីសាអូឌីត។
សូមជម្រាប់ថា ក្រុមស្តេចស Real Madrid នឹងត្រូវតទល់ជាមួយក្រុមសេដ្ឋីបារាំង PSG នៅវេលាម៉ោង២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោងនៅកម្ពុជា) ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។
Mbappé នឹងជួបជាមួយក្រុមចាស់របស់ខ្លួនក្នុងនាមជាគូប្រជែងវិញម្តង ដ្បិតកីឡាកររូបនេះធ្លាប់ចំណាយពេល៦ឆ្នាំជាមួយ PSG មុនពេលផ្លាស់មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ២០២៤៕ ប្រភព ៖ Sports Illustrated និង Onefootball
ចែករំលែកព័តមាននេះ