ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​មួយ​នៅ​ចិន​រង​ពិន័យ ក្រោយ​លេង​ផ្លូវ​ក្នុង​លួ.ច​បង្កប់​យ័ន្ត ដើម្បី​យកឈ្នះ​គូប្រកួត

11 ម៉ោង មុន

ប្រទេស​ចិន ៖ ក្លិប​បាល់ទាត់ Changchun Xidu នៅ​លី​គ​លំដាប់​ទី​៣​ចិន (League 2) ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​៣​ម៉ឺន​យ័ន ឬ​ស្មើនឹង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក…

ប្រទេស​ចិន ៖ ក្លិប​បាល់ទាត់ Changchun Xidu នៅ​លី​គ​លំដាប់​ទី​៣​ចិន (League 2) ត្រូវ​បាន​ពិន័យ​ជា​ទឹកប្រាក់​៣​ម៉ឺន​យ័ន ឬ​ស្មើនឹង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ត្រូវ​បាន​រង​ឃើញ​ថា​ប្រើ​ផ្លូវ​ក្នុង​លួច​បង្កប់​យ័ន្ត ដើម្បី​យកឈ្នះ​លើ​គូប្រកួត​របស់​ខ្លួន​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត South China Morning Post បាន​ចេញផ្សាយ​កាលពី​ថ្មី​ៗ​នេះ​។

រឿងរ៉ាវ​នេះ​បាន​កើតឡើង​នៅ​មុន​ការ​ប្រកួត​ដែល​ក្រុម​ម្ចាស់ផ្ទះ Changchun Xidu យកឈ្នះ​ដោយ​លទ្ធផល ២-០ លើ​ក្រុម​ភ្ញៀវ Shanxi Chongde Ronghai កាលពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៥ កន្លង​ទៅ​។ ប្រភព​ពី​កាសែត South China Morning Post បាន​រាយការណ៍​ថា មុន​ចាប់ផ្តើម​ការ​ប្រកួត​ក្រុម​ម្ចាស់ផ្ទះ Changchun Xidu ដែល​ក្រោយមក​ត្រូវ​បាន​រក​ឃើញ​ថា​បាន​លួច​បង្កប់​ក្រដាស​យ័ន្ត​ពណ៌​លឿង នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​របស់​ក្រុម​ភ្ញៀវ Shanxi Chongde ខណៈ​ដែល​ក្រដាស​យ័ន្ត​បាន​រំលេច​អក្សរ​ក្នុង​ន័យ​ផ្តល់​សំណាងអាក្រក់​ឱ្យ​ក្រុម Shanxi Chongde ទទួល​បរាជ័យ​ការ​ប្រកួត​។

ការ​ប្រើប្រាស់​ក្រដាស​យ័ន្ត​ត្រូវ​បាន​គេ​ស្គាល់​ថា «​ហ្វូ​» (Fu) នៅ​ក្នុង​ភាសា​ចិន ដែល​បាន​ចាក់​ឫស​នៅ​ក្នុង​ជំនឿ​ខាង​វិញ្ញាណ​ប្រពៃណី​របស់​ចិន ដែល​ជា​រឿយ​ៗ​មាន​បំណង​នាំ​មក​នូវ​សំណាងល្អ ឬ​ការពារ​ពី​អំពើអាក្រក់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ក្រដាស​យ័ន្ត​នេះ​ក៏​ត្រូវ​បាន​គេ​ជឿ​ថា នឹង​នាំ​មក​នូវ​សំណាងអាក្រក់​ដល់​អ្នក​ដទៃ នៅ​ពេល​ដែល​យក​ទៅ​ប្រើប្រាស់​លើ​ផ្លូវខុស ឬ​ផ្លូវ​អាក្រក់​។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ក៏​បាន​រាយការណ៍​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ក្រុម Changchun Xidu ធ្វើ​បែប​នេះ ដោយ​កន្លង​មក​ក្រុម​ផ្សេង​ទៀត​ក្នុង​ការ​ប្រកួត​លី​គ​លំដាប់​ទី​៣​ចិន ក៏​បាន​រាយការណ៍​ថា ពួក​គេ​បាន​រក​ឃើញ​ក្រដាស​យ័ន្ត​ស្រ​ដៀង​គ្នា​នេះ នៅ​ពេល​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Changchun Xidu​។

សូម​ជម្រាប​ថា ការ​ប្រកួត​ក្រប​ខណ្ឌ​លី​គ​លំដាប់​ទី​៣​ចិន (League 2) រដូវ​កាល ២០២៥ បាន​ដំណើរការ​ប្រកួត​ដល់​ស​ប្តា​ហ៍​ទី​១៨​រួច​ហើយ ដោយ​ក្រុម Changchun Xidu កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២ ដោយ​មាន​៣៤​ពិន្ទុ គម្លាត​៣​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Wuxi Wugo​។ ក្រុម​ចំណាត់​កំពូល​ទាំង ៤ នឹង​ឈាន​ទៅ​កាន់ការ​ប្រកួត​វគ្គ Play-off ដណ្តើម​កៅអី​ឡើង​ទៅ​លី​គ​លំដាប់​ទី​២ (League 1) រដូវ​កាល​ក្រោយ​។ ចំណែក​ក្រុម​ដែល​នៅ​សេសសល់​ចំនួន ៨ ក្រុម នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា គេច​ផុត​ការ​កាត់​ចោល​ទៅ​លី​គ​លំដាប់​ទី​៤ (Chinese Champions League)​។

បើ​តាម​ប្រភព​ពី South China Morning Post បាន​រាយការណ៍​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​វិស័យ​បាល់ទាត់​របស់​ចិន ត្រូវ​បាន​ដាក់​ចំណងជើង​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ប្រើប្រាស់​ផ្លូវ​ក្នុង ដើម្បី​ឈ្នះ​ការ​ប្រកួត​។ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ ក្លិប Henan Jianye នៅ​លី​គ​កំពូល​ចិន (CSL) បាន​អញ្ជើញ​ចា​រ្យ Taoist ១៥​នាក់ ដើម្បី​ធ្វើ​ពិធី​នៅ​លើ​ទីលាន​កីឡដ្ឋាន​របស់​ពួក​គេ មុន​ពេល​ការ​ប្រកួត​ដ៏​សំខាន់​ជាមួយ​ក្រុម​ភ្ញៀវ Shandong Luneng Taishan ដោយនៅ​ពេល​នោះ ពួក​គេ​បាន​បន្ត​ឈ្នះ​លទ្ធផល ២-១ ដោយ​គេច​ផុត​ពី​តំបន់​ការ​កាត់​ចោល​ត្រឹម​មួយ​ចំណាត់ថ្នាក់​ប៉ុណ្ណោះ​៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ