ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​តា​លីដកខ្លួន​ចេញពី​គម្រោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ដ៏​មហាសាល​របស់​ចិន

9 ខែ មុន

អ៊ី​តា​លី ៖ ប្រទេស​អ៊ី​តា​លី បាន​ប្រកាស​នឹង​ដកខ្លួន​ចេញពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​

អ៊ី​តា​លី ៖ ប្រទេស​អ៊ី​តា​លី បាន​ប្រកាស​នឹង​ដកខ្លួន​ចេញពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ប្រទេស​ចិន ដែល​ហៅ​កាត់​ថា BRI ដោយ​រដ្ឋបាល​លោកស្រី​នាយក​រដ្ឋមន្ត្រី Giorgia Meloni បាន​ជូនដំណឹង​ដល់ទី​ក្រុង​ប៉េ​កាំ​ង​ថា ខ្លួន​នឹង​ឈប់​ចូលរួម​មុន​ពេល​កំណត់​នៅ​ចុងឆ្នាំ​នេះ​។

អ៊ី​តា​លី គឺជា​ប្រទេស​លោក​ខាងលិច​ដ៏​សំខាន់​តែ​មួយ​គត់ ដែល​បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​ជា​គម្រោង​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​មហិច្ឆតា​បំផុត​មួយ​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៩ ខណៈ​ដែល​ទ​ង្វើ​នេះ ត្រូវ​បាន​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​រិះគន់​យ៉ាង​ខ្លាំង​នៅ​ពេល​នោះ​។

បើក​ដំណើរការ​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជី​ន​ពីង នៅ​ក្នុង​ឆ្នាំ ២០១៣ BRI មាន​គោលបំណង​វិនិយោគ​ប្រមាណ​១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ទូ​ទាំង​អាស៊ី និង​អឺរ៉ុប ដោយ​គម្រោង​រួម​មាន​ទាំង​ផ្លូវ​រថភ្លើង និង​កំពង់​ផែ​ថ្មី ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នៅ​ក្នុង​បំណង​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​អឺរ៉ុប និង​ផ្នែក​ផ្សេង​ទៀត​នៃ​អាស៊ី​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ BRI ត្រូវ​បាន​សហរដ្ឋអាមេរិក​រិះគន់​តាំងពី​ដើម​មក​ថា «​ឧទាហរណ៍​នៃ​ការទូត​អន្ទាក់​បំណុល​» ដោយ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​អះអាង​ថា ផែនការ​របស់​ចិន​ពាក់ព័ន្ធ​នឹង​គម្រោង​ធំ​ៗ ដែល​គ្មាន​និរន្តរភាព ដែល​ប្រទេស​នានា​មិន​អាច​ផ្តល់​ហិរញ្ញប្បទាន​បាន ដោយ​ផ្តល់​ឱ្យ​ប៉េ​កាំ​ង​នូវ​អានុភាព​សម្រាប់​គោលដៅ​របស់​ខ្លួន​។

អ៊ី​តា​លី គឺជា​ប្រទេស​ធំ​បំផុត​ក្នុង​ចំណោម​សមាជិក​សហភាព​អឺរ៉ុប​ទាំង ១៨ ជា​ពិសេស​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​នៃ​ទ្វីប ដែល​បាន​ចុះហត្ថលេខា​លើ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន​។ សមាជិកភាព​អ៊ី​តា​លី នឹង​ត្រូវ​បន្ត​ដោយ​ស្វ័យប្រវត្តិ​នៅ​ខែមីនា​ឆ្នាំ​ក្រោយ លុះត្រាតែ​អ៊ី​តា​លី​ជូនដំណឹង​ដល់​ចិន​ថា នឹង​ដកខ្លួន​ចេញ​នៅ​ចុងឆ្នាំ​នេះ​។

លោកស្រី Meloni ធ្លាប់​បាន​ហៅ​ការ​សម្រេចចិត្ត​របស់​អតីត​រដ្ឋាភិបាល​អ៊ី​តា​លី​ក្នុង​ការ​ចូលរួម​គឺជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​បំផុត ដោយ​លោកស្រី​បាន​បង្ហាញ​ថា លោកស្រី​មានចិត្ត​នៅ​ក្នុង​ការ​ដកខ្លួន​ចេញ ប៉ុន្តែ​រដ្ឋាភិបាល​លោកស្រី​បាន​សង្កត់ធ្ងន់​ថា ខ្លួន​កំពុង​ស្វែងរក​ការ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិន បើ​ទោះជា​មាន​ចំណាត់ការ​នេះ​យ៉ាងណា​ក៏​ដោយ​។ គេ​សង្កេត​ឃើញ​ថា ចាប់តាំងពី​ឡើង​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​កាលពី​ឆ្នាំ​មុន លោកស្រី Meloni បាន​ព្យាយាម​ដឹកនាំ​គោលនយោបាយ​ការ​បរទេស ដែល​គាំទ្រ​លោក​ខាងលិច និង​គាំទ្រ​ណា​តូ​ច្រើន​ជាង​អ្នក​កាន់​អំណាច​មុន​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ