ខេត្តបន្ទាយមានជ័យ ៖ គិតទៅមានសព្វមានគ្រប់ហើយស្រុកយើង ។ រថយន្តខ្លះក្រឡាប់ក្អួតចេញតែឈើ និងវត្ថុគេចពន្ធផ្សេងៗទៀត តែលើកនេះ រថយន្តសាំយ៉ុង១គ្រឿងក្រឡាប់ដេកស្ដូកលើចិញ្ចើមផ្លូវក្អួតចេញ សុទ្ធតែពពែបៅរស់រវើក ។

តាមប្រភពថាសត្វពពែទាំងនេះ ត្រូវបានគេនាំមកពីព្រំដែនថៃចូលមក ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយាថ្ម ឃុំកូប ស្រុកអូរជ្រៅ ។

ប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា រថយន្តសាំយ៉ុងសេរីចាស់ពាក់ផ្លាកលេខ ភ្នំពេញ ២K.៩៧៤៨ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីលិចមកកើតមិនដឹងមូលហេតុអី បានរេចង្កូតក្រឡាប់មកលើចិញ្ចើមផ្លូវ បណ្តាលឱ្យចេញពពែដែលច្រកការុងឃើញតែក្បាល ។

អ្នកបើកបររថយន្តបានប្រាប់ថា មូលហេតុដែលក្រឡាប់រថយន្តនេះ គឺពេលកំពុងបើកបរខណៈរថយន្តបែកកង់មុខខាងស្តាំ បណ្តាលឱ្យទាញចង្កូតធ្លាក់ផ្លូវក្រឡាប់មកលើចិញ្ចើមផ្លូវ ។ តែសំណាងល្អគ្មានអ្នករងគ្រោះទេ ខូចខាតតែរថយន្តត្រូវក្រពិតមួយចំហៀង តាមប្រភពថា រថយន្តនេះដឹកពពែចេញពីកសិដ្ឋានបម្រុងនាំចូលមកទីរួមខេត្តបន្ទាយមានជ័យ ហើយក៏មិនមានងាប់ពពែមួយក្បាលណាទេ ឃើញនៅរស់ទាំងអស់ ។

តាមព័ត៌មានដែលទទួលបានថា រថយន្តសាំយ៉ុងដែលក្រឡាប់ចេញសុទ្ធតែពពែនេះ អាចដឹកចេញពីព្រំដែនចូលមកក្នុងខេត្ត តែមិនដឹងថា ជាពពែដែលដឹកចេញពីកសិដ្ឋានណាមួយពីប្រទេសថៃឆ្លងព្រំដែន ឬដឹកចេញពីកន្លែងណានោះទេ ព្រោះរថយន្តនេះ ទិសដៅមកពីព្រំដែនឆ្ពោះមកទីរួមខេត្ត ទើបបណ្តាលឱ្យក្រឡាប់ ។ ខ្លះថា អាចអ្នកបើកបរលង់លក់មួយភាំងរេចង្កូត ទើបបណ្តាលឱ្យក្រឡាប់ ៕



ចែករំលែកព័តមាននេះ