រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ចំនួន ០១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ការបោះឆ្នោតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
គណៈកម្មាធិការ នៃការបោះឆ្នោតនាព្រឹកនេះ មានចំនួន៣៥ លើ៤២រូប ដែលសមាសភាពរបស់គណៈកម្មាធិការនេះ មកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក ។
បេក្ខជន នៃការបោះឆ្នោតនេះមាន ចំនួន២រូប គឺ១ លោក ឌី រតនា ទី២ លោក លន់ សុភាព។ ចំពោះលទ្ធផល នៃការបោះឆ្នោតបានទៅលើលោក លន់ សុភាព ដែលមានសំលេងឆ្នោត ចំនួន២៤ លើ១១សំឡេង ។ ដោយ លោក ឌី រតនា លេខរៀងទី១ ទទួលបានតែ១១សំឡេង ។
គួរបញ្ជាក់ថា លោ ឌី រតនា អាយុ៣៩ឆ្នាំ ឈរលេខរៀងទី១ មានកំរិតវប្បធម៌ថ្នាក់បតិញ្ញាបត្រជាន់ខ្ពស់ «គ្រប់គ្រង និងផែនការអប់រំ» និងទី២ លោក លន់ សុភាព អាយុឆ្នាំ៣៩ឆ្នាំ ឈរលេខរៀងទី២ មានកំរិតវប្បធម៌ ថ្នាក់បរិញ្ញាបត្រសង្គមសាស្ត្រ និងមនុស្សសាស្ត្រ និងនិតិសាស្ត្រ ៕




ចែករំលែកព័តមាននេះ