ខេត្តកណ្ដាល ៖ ក្មេងទំនើង១ក្រុមដើរលេងពេលយប់ ហើយបានដាក់កាំបិតផ្គាក់ និងចម្ពាមកៅស៊ូតាមខ្លួនទុកសម្រាប់តតាំងជាមួយសត្រូវណា ដែលហ៊ានប៉ះជាមួយក្រុមខ្លួន និងបានជិះម៉ូតូយ៉ាងប្រសេចប្រសាចពេញផ្លូវទៀតផង ប៉ុន្តែសំណាងអាក្រក់ប្រជាពលរដ្ឋឃើញ ក៏រាយការណ៍ជូនគរបាលប៉ុស្តិ៍ពើក និងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល ចេញធ្វើការពួនស្ទាក់ ឃាត់ខ្លួនបានចំនួន៥នាក់ ព្រមទាំងដកហូតយកបានកាំបិតផ្គាក់ និងចម្ពាមកៅស៊ូផងដែរ ។
ប្រតិបត្តិការនោះបានធ្វើឡើង កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
ក្មេងទំនើងទាំង០៥នាក់នោះ រួមមាន ៖ ១-ឈ្មោះ ឈឿន រតន: ហៅក្រៅណាក់ អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នោបន្ទប់ជួលភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួលជាអ្នកកាន់កាំបិត ។ ២-ឈ្មោះ ពៅ សោភណ្ឌ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិត្នោត ឃុំពើក ស្រុកអង្គស្នួល ។ ៣-ឈ្មោះ ទី ប៊ុនហេង អាយុ១៧ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ។ ៤-ឈ្មោះ សែន វិចិត្រ អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ។ ៥-ឈ្មោះ ហឿន ផានី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួលភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ។
នគរបាលបានប្រាប់ថា នៅមុនពេលឈានដល់ការឃាត់ខ្លួនក្មេងទំនើងខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ ថាមានក្មេងទំនើងមួយក្រុមកាន់កាំបិតផ្កាក់ និងជំពាមកៅស៊ូ ជិះម៉ូតូប្រសេចប្រសាចពេញផ្លូវនៅក្នុងភូមិទួលស្រម៉រ ឃុំពើក ។ បន្ទាប់មកកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក ក៏បានសហការណ៍ជាមួយកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល រួមជាមួយកម្លាំងប្រជាការពារចេញល្បាតពួនស្ទាក់ភ្លាមៗ ។
នគរបាលបានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយមកក៏ប្រទះឃើញក្រុមក្មេងទំនើងខាងលើ ក៏ធ្វើការឃាត់ខ្លួន ដោយដកហូតវត្ថុតាងកាំបិតផ្គាក់ និងចម្ពាមកៅស៊ូ រួចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ នៅចំពោះមុខនគរបាលក្មេងទំនើងទាំង០៥នាក់នោះ បានឆ្លើយសារភាពថាពួកខ្លួន ពិតជាបានកាន់កាំបិតផ្កាក់ និងជំពាមកៅស៊ូ ជិះម៉ូតូតាមដងផ្លូវពិតប្រាកដមែន ៕





ចែករំលែកព័តមាននេះ