ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០​ថ្ងៃ​ហើយ​​ ​សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​មុខ​សញ្ញា​​គាស់​ផ្ទះ​មន្ត្រី​ប៉ូលិស​ព្រំដែន​​ម្នាក់

4 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៧ ធ្នូ នេះ មាន​រយៈពេល​១០​ថ្ងៃ​គត់​ដែល​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មន្ត្រី​នគរបាល​វរ​ព្រំដែន​គោក​ម្នាក់​លួច​យក​អស់​នូវ​គ្រឿងអលង្ការ និង​កាំភ្លើងខ្លី​មួយ​ដើម​គេចខ្លួន​ដោយ​សុវត្ថិភាព តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​សូ​ម្បី​ប៉ុន​ក្រចក…


ខេត្តបាត់ដំបង ៖ បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៧ ធ្នូ នេះ មាន​រយៈពេល​១០​ថ្ងៃ​គត់​ដែល​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មន្ត្រី​នគរបាល​វរ​ព្រំដែន​គោក​ម្នាក់​លួច​យក​អស់​នូវ​គ្រឿងអលង្ការ និង​កាំភ្លើងខ្លី​មួយ​ដើម​គេចខ្លួន​ដោយ​សុវត្ថិភាព តែ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​មាន​តម្រុយ​សូ​ម្បី​ប៉ុន​ក្រចក ពីមុខ​សញ្ញា​ជនសង្ស័យ​ឡើយ ។ នេះ​បើ​តាម​ការ​ការ​ផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​ពី​លោកស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្ត ។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​អំពី​ការ​ស៊ើបអង្កេត​លើ​សំណុំ​រឿង​គាស់​ផ្ទះ​មន្ត្រី​នគរបាល​ព្រំដែន​នេះ​ប្រាប់​កោះសន្តិភាព កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ធ្នូ ដោយ​និយាយ​ថា «​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​មាន​តម្រុយ​បន្តិច​សោះ​ពីមុខ​សញ្ញា​ជនសង្ស័យ​ដែល​គាស់​ផ្ទះ​មន្ត្រី​នគរបាល​ព្រំដែន​នៅ​ស្រុក​កំ​រៀង កាលពី​ជាង​មួ​យស​ប្ដា​ហ៍​មុន​នេះ​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ​នៅ​បន្ត​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​» ។

សូម​បញ្ជាក់​ថា យោង​របាយការណ៍​ដែល​កោះសន្តិភាព​ទ​ទូល​បាន​មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ មុត ឌី​ណា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​អង្គភាព​វរ​នគរបាល​ការពារ​ព្រំដែន​គោត​លេខ​៨១៩ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចូល​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​កាលពី​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា កន្លង​ទៅ​ថ្មី​ៗ​នេះ ដែល​ស្ថិត​នៅ​ភូមិ​ដូង​ឃុំ​បឺ​ង​រាំង ស្រុក​កំ​រៀង ខណៈ​ម្ចាស់ផ្ទះ​នេះ​បិត​ទ្វារ​ចាក់សោរ រួច​ចេញ​ទៅ​ក្រៅ​បាត់​គ្មាន​អ្នក​នៅ​ចាំ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​ដឹង​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើតហេតុ វេលា​ម៉ោង​ប្រហែល​ជាង​២​រសៀល លោក​មុត ឌី​ណា និង​ក្រុម​គ្រួសារ បាន​បិទទ្វារ​ចាក់សោ និង​បិទ​របង​ខាង​មុខ​ថែម​ទៀត រួច​នាំ​គ្នា​ចេញ​ទៅ​ក្រៅ ដើម្បី​ចូលរួម​ពិធីបុណ្យ​គេ ។ លុះ​នៅ​ម៉ោង​០៦​ល្ងាច ពេល​ត្រឡប់​មក​ដល់​ផ្ទះ ទើប​ដឹង​ថា មាន​ចោរ​គាស់​ផ្ទះ​ចូល​លួច​ទ្រព្យសម្បតិ្ត ក្រោយ​ពី​ឃើញ​កាត់​ផ្ដាច់​សោ​ទ្វារ និង​ស្នាម​រើ​កកាយ​ពេញបន្ទប់ដេក និង​បាត់បង់​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សម្ថ​កិច្ច​តែ​ម្ដង ។

បើ​តាម​ម្ចាស់ផ្ទះ​បាន​រាយការណ៍​ពី​ការ​បាត់បង់​ទ្រព្យសម្បតិ្ត ដែល​ភាគច្រើន​ជា​គ្រឿងអលង្ការ មាន​ខ្សែ​.​ក ចិញ្ចៀនពេជ្រ ក្រវិល លុយ​ខ្មែរ លុយ​ដុល្លា និង លុយ​បាត ដែល​សរុប​ជា​ទឹកប្រាក់​អស់​ប្រហែល​ជិត​១២,០០០​ដុល្លារ ។ មិន​ត្រឹមតែ​បាត់បង់​គ្រឿងអលង្ការ និង​លុយកាក់​ប៉ុណ្ណឹង​ទេ ធ្ងន់ធ្ងរ​ជាង​នេះ មន្ត្រី​នគរបាល​រូប​នេះ បាន​បាត់​ទាំង​កាំភ្លើងខ្លី​ម៉ាក​K.54 មួយ​ដើម​ទៀត​ផង ។

ចំពោះ​ករណី​នេះ សមត្ថកិច្ច​បាន​លើក​ឡើង​ថា ការ​បាត់បង់​ទ្រព្យសម្បត្តិ​វា​ជា​រឿង​មធ្យម ងំ​រឿង​បាត់បង់​កាំភ្លើងខ្លី​នេះ គឺជា​កម្មវត្ថុ ដែល​ត្រូវ​បារម្ភ​បំផុត អំពី​បញ្ហា​អសន្តិសុខ ប្រសិនបើ​កាំភ្លើង​នេះ​វា​ធ្លាក់​ក្នុង​ដៃ​ជន​ទុច្ចរិត​ពិតប្រាកដ​មែន ។ ជន​ទុច្ចរិត​នឹង​ប្រើប្រាស​អាវុធ​ខ្លី​នេះ ទៅ​ប្រព្រឹត្ត​បទ​ល្មើស​​ផ្សេង​ៗ​បន្តបន្ទាប់​ទៀត បង្កើន​បទល្មើស​ទ្វេរ​ដង​នៅ​ក្នុង​មូលដ្ឋាន ឬ​នៅ​តាម​បណ្ដា​ស្រុក ខេត្ត​ផ្សេង​ៗ ។

ដូច្នេះ សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​តាម​ស្រាវជ្រាវ​លើ​ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ និង​ដកហូត​អាវុធ​ខ្លី​ដ៏​គ្រោះថ្នាក់​នេះ​យក​មក​វិញ ។ ដូច​គ្នា​នឹង​ករណី ជន​មិន​ស្គាល់​មុខ​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ចូល​លួច​យក​ទ្រព្យសម្បតិ្ត​អស់ទាំង​ថ្ងៃ ដែល​កើតឡើង​នៅ​ក្នុងស្រុក​កំ​រៀង​នេះ​ដែរ​។ គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៤​រសៀល ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​ហាង​លក់ និង​ទិញ​ទូរស័ព្ទ​មួយ​កន្លែង​យីហោ «​រឿ​ន រ៉ូ​ហ្សា​» ដែល​ម្ចាស់​ហាង​ឈ្មោះ សុខ រឿ​ន ប្រុស​អាយុ​២៦​ឆ្នាំ ស្ថិត​នៅ​ភូមិ​កំ​ប្រ៉​ង់ ឃុំ​តា​ក្រី ស្រុក​កំ​រៀង ។

ករណី​នេះ ចោរ​បាន​គាស់​ទ្វារ​ក្រោយ​ចូល​ទៅ​ប្រមូល​លួច​យក​ទូរស័ព្ទ​ចម្រុះ​ម៉ា​កតាម​អំពើ​ចិត្ត​អស់ពី​ទូ​ប្រមាណ​៦០​គ្រឿង រួច​គេចខ្លួន​បាត់​ទាំង​ថ្ងៃ​ដោយ​សុវត្ថិភាព ខណៈ​ម្ចាស់​ហាង​បិទទ្វារ​ចាក់សោ​ទុក​ចោល រួច​នាំ​គ្នា​ទៅ​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​បងប្អូន ។ ម្ចាស់​ហាង​លក់​ទូរស័ព្ទ​បានដឹង​រឿង​នេះ នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល ពេល​ត្រឡប់​មក​ពី​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​បងប្អូន​វិញ ទើប​មានការ​ភ្ញាក់ផ្អើល និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។

បើ​គិត​ត្រឹម​ថ្ងៃ​ទី​០៧ ធ្នូ ឆ្នាំ​២០២៣ នេះ អំពើ​ចោរកម្ម គាស់​ហាង​លក់​ទិញ​ទូរស័ព្ទ​ខាងលើ​នេះ បាន​កើតឡើង​ស្ទើរ​ជិត​មួយ​ឆ្នាំ​កន្លង​មក​ហើយ តែ​សមត្ថកិច្ច​នៅ​តែ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ​ឮ​ដដែល​ពី​តម្រុយ​នៃ​មុខសញ្ញា​ជនសង្ស័យ សូ​ម្បី​ប៉ុន​ក្រចក ។ ឥឡូវ​បន្ថែម​បទល្មើស​ថ្មី​មួយ​ករណី​ទៀត រឿង​ចោរ​គាស់​ផ្ទះ​មន្ត្រី​នគរបាល​ព្រំដែន​លួច​គ្រឿងអលង្ការ និង កាំភ្លើងខ្លី​មួយ​ដើម រីឯ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មក​ហើយ នៅ​តែ​ងងឹតឈឹង​គ្មាន​ដំណឹង​ពី​ជនសង្ស័យ​ដដែល​ទៀត ។

លោក លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ដដែល​ៗ​ថា ពេល​ហេតុការណ៍​បាន​កើតឡើង​ថ្មី​ៗ​ក្ដៅ​ៗ​ពី​ដំបូង ទាំង​កម្លាំង​ការិយាល័យ​ជំនាញ ទាំង​កម្លាំង​អធិការ​ស្រុក​កំ​រៀង បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ តែ​រហូត​មក​ដល់​ពេល​នេះ យើង​នៅ​តែ​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ជនសង្ស័យ​នៅឡើយ​។ លោក​និយាយ​ថា ពេល​នេះ ករណី​គាស់​ហាង​លក់​ទូរស័ព្ទ​កាលពី​ជិត​មួយ​ឆ្នាំ​មុន​ក៏​គ្មាន​តម្រុយ រីឯ​ករណី​គាស់​ផ្ទះ​លួច​កាំភ្លើងខ្លី មន្ត្រី​នគរបាល​ព្រំដែន ដែល​កើតឡើង​ថ្មី​ៗ​នេះ​ក៏​គ្មាន​តម្រុយ​ដូច​គ្នា​។ ប៉ុន្តែ​យ៉ាងណា មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ការ​ស៊ើបអង្កេត​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ