រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជំរុញ និងលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដាំដើមរុក្ខរបស់ជាតិ គឺដើមត្នោត តាមរយៈការចែកជូនកូនត្នោតជាង៣០ម៉ឺនដើម ក្នុង១ឆ្នាំ ដោយឥតគិតថ្លៃ បន្ថែមពីការដាក់ចេញនូវយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ របស់ក្រសួងបរិស្ថាន ស្តីពីការចែកជូនកូនឈើជាង ១លានដើម ជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញ ឲ្យបានជាង ៦០% នៅឆ្នាំ២០៥០។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួបរិស្ថាន បានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងការរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ ឆ្នាំ២០២៤-២០២៨» កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
ការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ធ្វើឡើងក្នុងគោលបំណង លើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ ដើម្បីបង្ហាញជូនទេសចរជាតិ អន្តរជាតិ អំពីមរតកដ៏មានតម្លៃ ពីសម័យអតីតកាល និងការធ្វើទំនើបកម្ម ក្នុងការដាំរុក្ខរបស់ជាតិ គឺត្នោត ឱ្យផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ។
ឯកឧត្តម លើកឡើងថា ត្នោតមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា។ ស្ករត្នោត ដែលបានមកពីទឹកត្នោតកៀបចេញពីផ្កាត្នោត គឺជាប្រភេទអារហារ ដែលផ្តល់ថាមពល ជួយដល់សុខភាព។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូលផ្ទះ ចំណែកដើមត្នោតធ្វើទូក និងផ្ទះជាដើម លើសពីនេះក៏មានសម្ភារប្រើប្រាស់ជាច្រើន បានច្នៃចេញពីរុក្ខរបស់ជាតិ គឺត្នោតនេះផងដែរ ។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖ «ការរៀបចំទីតាំងដាំត្នោត ត្រូវតែមានការច្នៃប្រឌិត ជាក់ស្តែង ដើម្បីងាយស្រួល ក្នុងការប្រមូលផលថែមទៀត នោះគឺយើងដាំជាជួរ ដោយមានគម្លាត ៤ម៉ែត្រ ១ដើម ឡើងតែ១ដើមអាចឆ្លងទៅប្រមូលផលពីដើមផ្សេងទៀតបាន គឺអាចជួយឱ្យប្រជាពលរដ្ឋ រកចំណូលបានកាន់តែល្អប្រសើរ។ លើសពីនេះ សោភ័ណភាព នៃការដាំជួយឱ្យមានភាពទាក់ទាញ ភ្ញៀវទេសចរបរទេស ជួយជីវភាពរស់នៅ របស់ពលរដ្ឋផ្សារភ្ជាប់នឹងប្រពៃណីវប្បធម៌ជាតិ» ៕



ចែករំលែកព័តមាននេះ