រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលគណបក្សកាន់អំណាចជាច្រើនឆ្នាំមកនេះ បានច្រានចោលចំពោះការផ្សាយរបស់សារព័ត៌មានThe Cambodia Daily ដែលបានផ្សាយដោយចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះព័ត៌មាន ដែលផ្សាយដោយ The Cambodia Daily ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចំពោះការចោទប្រកាន់អំពីការប្រើប្រាស់លុយ ដើម្បីទទួល បានការតែងតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា ។
គណបក្សបានបញ្ជាក់ថា ៖ “ព័ត៌មាននេះ គឺជាការបំភ្លៃ បំផ្លើស ញុះញ៉ុង មានចរិកបំពុលសង្គម មានចេតនាធ្វើឱ្យប៉ះពាល់ កិត្តិនាម កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សមាជិក គណបក្សប្រជាជនកម្ពុជា។ សារព័ត៌មាន The Cambodia Daily ត្រូវប្រកាន់ខ្ជាប់ នូវវិជ្ជាជីវៈសារព័ត៌មាន និងមាន ការទទួលខុសត្រូវចំពោះការចុះផ្សាយព័ត៌មានពិត ដើម្បីរក្សានូវកិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់ស្ថាប័នខ្លួន និងសង្គម” ។
ជាមួយគ្នានោះដែរ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណជនថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសប្រចាំឆ្នាំរបស់គណបក្ស នឹងរៀបចំនៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្ស ក្រោយពីទទួលបានជោគជ័យ និងការគាំទ្រដ៏ច្រើនលើសលុបក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣ ពីប្រជាជន ដែលនេះសរបញ្ជាក់អំពីការឯកភាពផ្ទៃក្នុង ដ៏រឹងមាំ និងមិនអាចបំបែកបំបាក់បាន។ ក្នុងនាមគណបក្សឈ្នះឆ្នោតដឹកនាំ រាជរដ្ឋាភិបាល អាណត្តិទី៧ និងក្រោមគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គណបក្សប្រជាជនកម្ពុជា ផ្តោតសំខាន់លើការកសាង ធនធានមនុស្សប្រកបដោយគុណភាព និងមានឆន្ទៈខ្ពស់ដើម្បីបម្រើជាតិ និងប្រជាជន ។
ហេតុដូច្នេះ ការជ្រើសរើសបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវផ្អែកទៅលើសមត្ថភាព បទពិសោធន៍ គុណវុឌ្ឍ និងចរិយាធម៌ ដែលមានគុណតម្លៃ ឆ្លើយតបទៅនឹងតម្រូវការ ធនធានមនុស្សសម្រាប់ការដឹកនាំបក្ស និងរដ្ឋ ដើម្បីការពារសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី ជាពិសេស ការការពារសមិទ្ធផល ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃគណបក្សប្រជាជនកម្ពុជា បានតស៊ូ លះបង់ ការពារ និងកសាងសង្គមជាតិមាតុភូមិកម្ពុជា ឱ្យមានការអភិវឌ្ឍ និងមានកិត្តិនាមនៅក្នុងឆាកជាតិ និងអន្តរជាតិមក ទល់បច្ចុប្បន្ន។
ពាក់ព័ន្ធនឹងការផ្សាយនេះដែរ ក្រសួងមហាផ្ទៃ ក៏បានប្រកាសច្រានចោល ចំពោះការលើកឡើងរបស់សារព័ត៌មាន The Cambodia Daily ផងដែរ ។
យោងតាមសេចក្តីប្រកាសបដិសេធរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ កាលពីថ្ងទី៦ ខែធ្នូ បានលើកឡើងថា ថ្មីៗនេះ សារព័ត៌មានអនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា “មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជា តម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្ដាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា “មានមន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត..។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធ ដាច់អហង្ការចំពោះការចុះផ្សាយរបស់ សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល និងព្យាយាមបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុង ដោយប៉ុនប៉ងបង្កើតឱ្យមានការសង្ស័យ និងការថ្នាំងថ្នាក់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ជាពិសេសក្នុងចេតនា ធ្វើឱ្យចុះខ្សោយឥទ្ធិពលរបស់ថ្នាក់ដឹកនាំ ដែលជាកម្លាំងថ្មីបន្តវេនប្រកបដោយសក្តានុពល នៃ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
ប្រភពថា ព័ត៌មានអុចអាលដ៏អសីលធម៌នេះ មិនមែនទើបកើតមាននាពេលនេះទេ ប៉ុន្តែផ្ទុយទៅវិញ ការផ្សព្វផ្សាយបែបនេះ ធ្លាប់ត្រូវបានក្រុមជ្រុលនិយមមួយចំនួនប្រឌិតឡើង ដើម្បីបង្កអរិភាពក្នុង ជួរមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាហូរហែមកហើយ តាំងពីដើម ទស្សវត្សឆ្នាំ៨០ ។
ជាមួយគ្នានោះដែរអ្នកនាំំពាក្យបានលើកឡើងថាឆ្លងតាមប្រវត្តិសាស្ត្រជាក់ស្តែង និងច្រំដែលៗជាច្រើនទស្សវត្សកន្លងមក ឃើញថា ចេតនា ញុះញង់បំបែកបំបាក់ដ៏គួរឱ្យស្អប់ខ្ពើមនេះ ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួន មកលើមន្ត្រីរាជការ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ពុំដែលទទួលផលតាមមហិច្ឆតារំពឹងទុករបស់ ពួកគេម្តងណាឡើយ ។ ផ្ទុយទៅវិញ គំនិតបំបែកបំបាក់ដ៏អគតិក្នុងចេតនាទុច្ចរិតនេះ បានផ្តល់ឱ្យ ក្រុមរបស់ខ្លួនឯងវិញ នូវការរលំរលាយ បែកបាក់ និងខ្ចាត់ខ្ចាយ រហូតមកដល់បច្ចុប្បន្ន ៕


ចែករំលែកព័តមាននេះ