តាមប្រភពព័ត៌មាន BBC បានផ្សាយឱ្យដឹងថា សហព័ន្ធបាល់ទាត់ទាំង៤ក្នុងទ្វីបអាហ្វ្រិកបានបង្ហាញពីជំហរយ៉ាងមុតមាំគាំទ្រដល់បេក្ខភាពលោក Sepp Blatter នៅក្នុងការបោះឆ្នោតតំណែងប្រធាន FIFA អាណត្តិថ្មីនេះ។
សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកទាំង៤ មកពីសហព័ន្ធបាល់ទាត់អាហ្វ្រិកខាងត្បូង, ខាងកើត, ខាងលិច និងកណ្តាល បានប្រមូលផ្តុំគ្នាក្នុងទីក្រុង Johannesburg ដើម្បីធ្វើការគាំទ្រដល់រូបលោក Sepp Blatter។
លោក Mohamed Iya ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកកណ្តាលបានអានសេចក្តីប្រកាសគាំទ្រពេញទំហឹងដល់លោក Sepp Blatter ក្នុងន័យចង់ឱ្យប្រធាន FIFA ៣អាណត្តិរូបនេះបានជាប់ឆ្នោតក្នុងអាណត្តិថ្មីដែលគ្រោងនឹងបោះឆ្នោតថ្ងៃទី១ មិថុនា ឆ្នាំ២០១១ ខាងមុខ។ ជាមួយនឹងការបង្ហាញពីការគាំទ្ររបស់ទ្វីបអាហ្វ្រិកបែបនេះ លោក Sepp Blatter បាននិយាយថា ខ្ញុំមានទំនុកចិត្តខ្លាំងណាស់បន្ទាប់ពីទទួលបានការគាំទ្រ ហើយសង្ឃឹមថា នឹងបានបម្រើជាប្រធាន FIFA ១អាណត្តិថែមទៀត។
ប្រធានសហព័ន្ធបាល់ទាត់ទាំងអស់នៅក្នុងទ្វីបអាហ្វ្រិកបានថ្លែងអំណរគុណដល់លោក Sepp Blatter ដែលបាននាំយកការប្រកួតបាល់ទាត់ពិភពលោកមកកាន់អាហ្វ្រិកខាងត្បូងកាលពីឆ្នាំ២០១០។
លោក Leodegar Tenga ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកខាងកើតបានបន្ថែមថា ទ្វីបអាហ្វ្រិកទាំងមូលទទួលផលប្រយោជន៍ជាច្រើនពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១០ ពីព្រោះវាបានជួយធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់បានប្រសើរឡើង និងជាពិសេសជួយឱ្យមានការអភិវឌ្ឍវិស័យបាល់ទាត់តែម្តង។
គួររំលឹកដែរថា ការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិទី៤ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ មិថុនា ឆ្នាំ២០១១ ក្នុងទីក្រុង Zurich ប្រទេសស្វ៊ីស។ នៅក្នុងដំណើរការបោះឆ្នោតនេះមានតែបេក្ខជន២រូបប៉ុណ្ណោះឈរឈ្មោះបោះឆ្នោត គឺលោក Sepp Blatter និងមហាសេដ្ឋីកាតា គឺលោក Mohamed Bin Hammam។ លោក Sepp Blatter ធ្លាប់បានប្រកាសរួចមកហើយថា លោកមានបំណងធ្វើជាប្រធាន FIFA តែមួយអាណត្តិទៀតទេ ខណៈពេលដែលលោក Mohamed Bin Hammam សង្ឃឹមថានឹងទទួលបានសំឡេងគាំទ្រច្រើន៕
ចែករំលែកព័តមាននេះ