ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ខាងជើង​អំពាវ​នាវ​ទាំង​ទឹកភ្នែក ចំ​ពេល​អត្រាកំណើត​​ជាតិធ្លាក់​ចុះ (វីដេអូ)

7 ខែ មុន

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​សម្រក់​ទឹកភ្នែក អំឡុង​ពេល​កំពុង​

កូរ៉េ​ខាងជើង ៖ មេដឹកនាំ​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន បាន​សម្រក់​ទឹកភ្នែក អំឡុង​ពេល​កំពុង​អំពាវនាវ​ដល់​ស្ត្រី​គ្រប់​រូប​ត្រូវ​យក​កូន​បន្ថែម​ទៀត ដែល​ជា​កាតព្វកិច្ច​ចាំបាច់​ដើម្បី​បញ្ឈប់​អត្រាកំណើត​ធ្លាក់​ចុះ ក៏​ដូច​ជា​ដើម្បី​ពង្រឹង​អំណាច​ជាតិ​។

នៅ​ក្នុង​ការ​អំពាវនាវ​ដ៏​រំជួល​ចិត្តជា​ទីបំផុត មេដឹកនាំ​ផ្តាច់​ការ​កូរ៉េ​ខាងជើង​រូប​នេះ ត្រូវ​បាន​គេ​ឃើញ​យក​កន្សែងដៃ​ជូត​ទឹក​របស់​ខ្លួន ខណៈ​ថ្លែង​ទៅ​កាន់​ស្ត្រី​រាប់​ពាន់​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​ក្នុង​កិច្ចប្រជុំ​មាតា​ជាតិ នាទី​ក្រុង​ព្យុ​ង​យ៉ាង កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ កន្លង​ទៅ​។

លោក គី​ម បាន​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ថា «​ការ​ការពារ​ការ​ធ្លាក់​ចុះ​អត្រាកំណើត និង​ការ​ថែទាំ​កូន​បាន​ល្អ គឺជា​ភារកិច្ច​ថែរក្សា​របស់​យើង​ទាំងអស់ ដែល​យើង​ត្រូវ​ដោះស្រាយ​នៅ​ពេលធ្វើការ​ជាមួយ​អ្នក​ម្តាយ ក៏​ដូច​បង្កើត​តម្លៃ​នៃ​បក្សកុម្មុយនិស្ត​ផង​ដែរ​។ យើង​កំពុង​ប្រឈម​មុខ​ជាមួយនឹង​កិច្ចការ​សង្គម​ជា​ច្រើន ដែល​ម្តាយ​គ្រប់​រូប​របស់​យើង​គួរតែ​ចូលរួម​ដើម្បី​ដោះស្រាយ​»​។

លោក​បាន​បន្ថែម​ថា «​កិច្ចការ​ទាំងនេះ រួម​មានការ​ចិញ្ចឹម​បីបាច់​កូន ដើម្បី​ឱ្យ​ពួក​គេ​បន្ត​បដិវត្តន៍​របស់​យើង​យ៉ាង​ខ្ជាប់ខ្ជួន លុប​បំបាត់​ការ​អនុវត្ត​មិនមែន​សង្គមនិយម ដែល​កំពុង​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ ការ​លើកកម្ពស់​សុខុមាលភាព​គ្រួសារ និង​ឯកភាព​សង្គម បង្កើត​របៀប​រស់នៅ​ប្រកបដោយ​វប្បធម៌ និង​សីលធម៌ ដ៏​ដូច​ជា​គុណធម៌ និង​ចរិតលក្ខណៈ​នៃ​លទ្ធិ​កុ​ម្មុ​យ​និ​ស្ត​ជួយ និង​ដឹកនាំ​គ្នា​ទៅ​វិញ​ទៅ​មក ឈាន​ទៅ​មុខ​លើ​សង្គម​របស់​យើង បញ្ឈប់​អត្រាកំណើត​ធ្លាក់​ចុះ និង​ថែរក្សា​កុមារ​ឱ្យ​បាន​ល្អ និង​អប់រំ​ពួក​គេ​ប្រកបដោយ​ប្រសិទ្ធភាព​»​។

រូបភាព​ដែល​ចេញផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង ក៏​បាន​បង្ហាញ​ពី​ស្ត្រី​ដែល​ចូលរួម​នឹង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ បាន​សម្រក់​ទឹកភ្នែក ក៏​ដូច​ជា​បង្ហាញ​ការ​គោរព កោត​ស​សើរ និង​អបអរសាទរ​ចំពោះ​មេដឹកនាំ​កំពូល​របស់​ពួក​គេ​។

គួរ​បញ្ជាក់​ថា ជំរឿន​ចុង​ក្រោយ​របស់​កូរ៉េ​ខាងជើង ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​ឆ្នាំ ២០០៨ បាន​បង្ហាញ​ថា ចំនួន​ប្រជាជន​របស់​ខ្លួន​មាន​ចំនួន ២៤​លាន​នាក់ ខណៈ​ដែល​ការ​ប៉ាន់​ប្រមាណ​ឥឡូវនេះ​បង្ហាញ​ថា កើន​ដល់ ២៥.៧​លាន​នាក់​។ ទោះជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​វាយតម្លៃ​ថា អត្រា​មានកូន​របស់​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ​៕ (​ប្រភព ៖ Daily Mail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ