ខេត្តព្រៃវែង ៖ ត្រចៀកជ្រូកបង្កកចំនួន៩០កេស ស្មើនឹង៩០០គីឡូក្រាម ដែលឈ្មួញបានលួ.ចនាំចូលពីប្រទេសវៀតណាម ហើយបម្រុងនាំយកទៅកាន់ទីផ្សារនៅឯរាជធានីភ្នំពេញ ត្រូវបានកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំបឹងព្រះ ធ្វើការបង្ក្រាបបាន ក្នុងពេលដែលកំពុងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យពេលយប់ ដើម្បីរក្សាការពារសន្តិសុខជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

កម្លាំងនគរបាលស្រុកបាភ្នំ បានប្រាប់អោយដឹងថា ត្រចៀកជ្រូកបង្កកទាំងអស់នេះ ត្រូវបានក្រុមឈ្មួញលួ.ចនាំចូលពីប្រទេសវៀតណាម តាមច្រករបៀងស្វាយអាង៉ោង ដោយដឹកតាមរថយន្តសាំយ៉ុងពណ៌ស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ២w០៩៦៧ គោលដៅឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។
កម្លាំងនគរបាលស្រុកបាភ្នំ បានប្រាប់ឱ្យដឹងបន្តថា ប៉ុន្តែពេលបើកមកដល់មុខប៉ុស្ដិ៍រដ្ឋបាលឃុំបឹងព្រះ ក៏ត្រូវកម្លាំងប៉ុស្ដិ៍រដ្ឋ ដែលកំពុងដាក់ប៉ុស្ដិ៍ត្រួតពិនិត្យនៅខាងមុខប៉ុស្ដិ៍ឃាត់រថយន្តត្រួតពិនិត្យ ហើយក៏រកឃើញថា គ្មានលិខិតអនុញ្ញាតិអ្វីទាំងអស់ គឺនាំចូលដោយខុសច្បាប់ ទើបកម្លាំងប៉ូលិសប៉ុស្តិ៍បឹងព្រះ ធ្វើការបង្ក្រាប រួចប្រគល់ទៅអោយខាងអធិការស្រុក ដើម្បីចាត់ការបន្តភ្លាមៗតែម្តង។
កម្លាំងនគរបាលស្រុកបាភ្នំ បានប្រាប់បន្តទៀតថា លុះស្អែកឡើងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពីលោក យន់ សំណាង និងលោក យក់ សុវត្ថិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចក៏បានប្រគល់ត្រចៀកជ្រូក និងរថយន្តដឹក ទៅអោយខាងមន្ត្រីជំនាញ ក.ប.ប ខេត្តព្រៃវែង ដើម្បីចាត់ការបន្ត។

លោក អ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលខេត្តព្រៃវែង ( ក.ប.ប ) បានប្រាប់អោយដឹងដែរថា ក្រោយពីមន្ត្រីជំនាញ ក.ប.ប ពិនិត្យត្រចៀកជ្រូកបង្កកទាំងអស់នោះរួច រកឃើញថា ត្រចៀកជ្រូកទាំងអស់ពុំមានដាក់សារធាតុគីមីហាមឃាត់នោះទេ ប៉ុន្តែពួកគេនាំចូលដោយខុសច្បាប់។ ហើយការដឹកជញ្ជូន និងការវេចខ្ចប់ក៏មិនបានត្រឹមត្រូវទៅតាមស្តង់ដាបច្ចេកទេសទៀតផង ជាហេតុធ្វើអោយសាច់ទាំងនោះខូចគុណភាព ទើបតម្រូវអោយធ្វើការបំផ្លាញចោលតែម្តង។

គួរបញ្ជាក់ផងដែរថា ក្រោយពីត្រូវចាប់ឃាត់ ត្រចៀកជ្រូកបង្កកទាំងអស់ ត្រូវបានមន្ត្រីជំនាញដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ក្បែរជើងភ្នំឈើកាច់ ចំណែករថយន្ត និងម្ចាស់រថយន្ត ត្រូវបានដោះលែងអោយមានសេរីភាពវិញ ដោយមិនត្រូវបានធ្វើការផាកពិន័យអ្វីនោះទេ គឺសមត្ថកិច្ច និងមន្ត្រីជំនាញ គ្រាន់តែអប់រំណែនាំ និងអោយម្ចាស់រថយន្តធ្វើកិច្ចសន្យា ដើម្បីឈប់រកស៊ីដឹកជញ្ជូនទំនិញដោយគ្មានច្បាប់អនុញ្ញាតិបែបនេះតទៅទៀត។
ចែករំលែកព័តមាននេះ