រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានរយៈពេលតែ៧ថ្ងៃប៉ុណ្ណោះ សម្រាប់ពិនិត្យក្នុងការទទួលស្គាល់ឬមិនទទួលស្គាល់គណបក្សនយោបាយ (គណបក្សឆន្ទៈខ្មែរ) សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ។
លោក សោម សូរីដា អ្នកនាំពាក្យ គ.ជ.ប បានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ថា គណបក្សឆន្ទៈខ្មែរ បានសុំចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ រួចហើយ កាលពីថ្ងៃទី៤ ខែធ្នូ កន្លងមកនេះ ។
អ្នកនាំពាក្យបានបញ្ជាក់ថា ៖ «ឥឡូវនេះ គ.ជ.ប បាននិងកំពុងតែពិនិត្យលើឯកសារ ដែលជាប់ជាមួយពាក្យសុំ អ៊ីចឹងឯកសារ ដែលត្រូវពិនិត្យ គឺប្រើរយៈពេល៧ថ្ងៃ ហើយក្នុងពេលពិនិត្យ ប្រសិនបើមានបញ្ហាណាមួយ ពិសេសនោះគណបក្សឆន្ទៈខ្មែរ តែម្តងក្នុងការកែតម្រូវគឺគណបក្សនេះ មានរយៈពេល៥ថ្ងៃ ដើម្បីកែតម្រូវ។ ផ្ទុយទៅវិញ បើសិនគ្មានអ្វីខុសប្រក្រតីនោះទេ ឬក៏ការបំពេញបានត្រឹមត្រូវ គឺ គ.ជ.ប មានសិទ្ធិសម្រេចទទួលស្គាល់ការសុំបញ្ជីរបស់គណបក្សនេះតែម្តង» ។
លោក សោម សូរីដា ក៏បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី៤ ធ្នូ ដែលគណបក្សឆន្ទៈខ្មែរ សុំចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជន គឺគិតទៅដល់ថ្ងៃទី១១ ខែធ្នូ តែម្តង ពោលគឺជាថ្ងៃចុងក្រោយ នៃការកំណត់ឈប់ទទួលការចុះឈ្មោះ ហើយជាថ្ងៃសម្រេច ទទួលឬ មិនទទួល ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានឲ្យដឹងថា ការចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ។
បើតាមអ្នកនាំពាក្យ បានអះអាងថា គិតមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៣ បានទៅសុំចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ ក្នុងចំណោមគណបក្សទាំង៣ គឺមានគណបក្សប្រជាជនកម្ពុជា ត្រូវបាន គ.ជ.ប បានទទួលស្គាល់ ក្នុងការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួចហើយ ។
ពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត និងបញ្ជីបក្ខជននេះដែរ គណបក្សឆន្ទៈខ្មែរ បានអះអាងថា កាលពីនៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបណ្ឌិត សុក ហាច ព្រមទាំងសហការី បានអញ្ជើញទៅទីស្ដីការ គ.ជ.ប ដើម្បីដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សដៃគូក្នុង «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ។
គណបក្សបានបញ្ជាក់ថា ៖ «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» រួមមានគណបក្សនយោបាយចំនួន៤ គឺគណបក្សភ្លើងទៀន គណបក្សប្រជា ធិប្បតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ៕


ចែករំលែកព័តមាននេះ